ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងលង់ខ្លួនចាញ់បោកកលល្បិចរបស់ក្រុមហ៊ុនបណ្ដាញ អែហ្វ.អ៊ិច.អាយ.ស៊ី (Fxic) ជាក្រុមរកស៊ីលើផ្នែកបណ្ដាក់លុយដោយទទួលបានការប្រាក់ខ្ពស់។ ក្នុងនោះមានប្រជាពលរដ្ឋខ្លះបានលង់ខ្លួនដោយសារការបញ្ចុះបញ្ចូលរបស់បុគ្គលិកក្រុមហ៊ុនមួយនេះ ហើយបានយកប្រាក់របស់ខ្លួនទៅដាក់យកការប្រាក់ចាញ់បោកក្រុមហ៊ុនអស់រាប់ម៉ឺនដុល្លារ។
ប្រជាពលរដ្ឋក្នុងនោះ រួមទាំងព្រះសង្ឃផង នៅខេត្តព្រៃវែង បានចាញ់បោកការបញ្ចុះបញ្ចូលរបស់សមាជិកក្រុមហ៊ុនបណ្ដាញនេះ ដោយបានយកប្រាក់របស់ខ្លួនទៅដាក់ដើម្បីជាប្រយោជន៍ទទួលបានការប្រាក់ខ្ពស់ពីក្រុមហ៊ុនមួយនេះ។ ប៉ុន្តែផ្ទុយទៅវិញ ការដាក់ប្រាក់របស់ប្រជាពលរដ្ឋ និងព្រះសង្ឃ បែរជាខាតបង់ទាំងដើមទាំងចុង ដោយពុំទទួលបានតាមអ្វីដែលក្រុមហ៊ុនបានមកណែនាំប្រជាពលរដ្ឋនោះឡើយ។
ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានចាញ់បោកក្រុមហ៊ុននេះ គឺលោក ពេញ លេញ រស់នៅភូមិព្រៃចម្ការ ឃុំស្ពឺខ នៃស្រុកបាភ្នំ ឲ្យដឹងថា សមាជិកបណ្ដាញរបស់ក្រុមហ៊ុនរកស៊ីឲ្យប្រជាពលរដ្ឋដាក់ប្រាក់បានការខ្ពស់មួយនេះ បានធ្វើសកម្មភាពដើរឃោសនាបញ្ចុះបញ្ចូលប្រជាពលរដ្ឋតាមភូមិ ជាពិសេសក្នុងទីវត្តអារាមតែម្ដង។
លោក ពេញ លេញ បញ្ជាក់ថា ក្រុមការងាររបស់ក្រុមហ៊ុនបានមកពន្យល់លោកដោយសន្យាផ្ដល់ការប្រាក់រៀងរាល់ខែទាំងដើមទាំងចុងក្នុងរយៈពេល ១៥ខែ ហើយអ្នកដែលបានមកណែនាំរូបលោកនោះ គឺជាព្រះសង្ឃ ហើយព្រះសង្ឃអង្គនោះ គង់នៅវត្តមួយកន្លែងក្នុងខេត្តសៀមរាប។ លោកបន្តថា ដោយឃើញជាព្រះសង្ឃដូច្នោះ ធ្វើឲ្យលោកមានជំនឿ ហើយបានសម្រេចចិត្តយកប្លង់ដីរបស់ខ្លួនទៅដាក់បញ្ចាំនៅធនាគារ បានប្រាក់ជាង ១ម៉ឺនដុល្លារ រួចយកប្រាក់នោះទៅដាក់ជាមួយក្រុមហ៊ុនតាមរយៈព្រះសង្ឃតែម្ដង។ ប៉ុន្តែក្រោយពីបានយកប្រាក់ទៅដាក់ជាមួយក្រុមហ៊ុនហើយ បែរជាពុំបានទទួលការប្រាក់ដូចការអះអាងឡើយ។
លោក ពេញ លេញ៖ «យកប្លង់ដីទៅបញ្ចាំឲ្យគេហ្នឹង ដល់ពេលនេះលោកហ្នឹងអ្នកធានា ថាបើកលុយឲ្យរៀងរាល់ខែ ១៥ខែ រួចទាំងដើមទាំងការ។ ដល់បើកបានតែ ២ខែបាត់ទៅ ដល់ខ្ញុំតេទៅសួរក្រុមហ៊ុន គេថាឲ្យរកអតិថិជនបន្តបានបើកលុយឲ្យទៀត។ ដល់អ៊ីចឹងខ្ញុំនឹកឃើញថា ក្រុមហ៊ុនបោកទេយ៉ាង ក្នុងចិត្តខ្ញុំគិតអ៊ីចឹង។ ខ្ញុំតេទៅលោកសង្ឃ ដល់តេទៅលោកសង្ឃៗដែលនាំដាក់ហ្នឹងថា បងឯងទៅដាក់ខ្លួនឯង ទៅដោះស្រាយខ្លួនឯងទៅ ឆ្លើយថាអ៊ីចឹង បានខ្ញុំអស់ជំនឿ ខ្ញុំភ័យខ្លួនឯង។ ដល់ចុងក្រោយមក ខ្ញុំធ្វើពាក្យប្ដឹងលោកសង្ឃហ្នឹង ដាក់ទៅតុលាការខេត្តព្រៃវែង»។
បច្ចុប្បន្នសំណុំរឿងនេះនៅពុំទាន់មានចំណាត់ការអ្វីមួយជាដុំកំភួនពីតុលាការខេត្តព្រៃវែង នៅឡើយទេ។
ប្រជាពលរដ្ឋឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញជាប្រភេទក្រុមមួយគ្មានអាគារទីស្នាក់ការរបស់ខ្លួនច្បាស់លាស់ឡើយ ហើយក្រុមហ៊ុនមួយនេះរកស៊ីដោយពឹងផ្អែកទាំងស្រុងទៅលើប្រាក់បញ្ញើរបស់អតិថិជនដែលបានយកប្រាក់មកដាក់ និងទទួលបានការប្រាក់ខ្ពស់ គឺការប្រាក់មួយខែប្រមាណ ១០ភាគរយនៃចំនួនទឹកប្រាក់របស់អតិថិជនដែលបានយកមកដាក់ជាមួយក្រុមហ៊ុន។ ជាងនេះទៅទៀត បើសិនជាសមាជិកណាអាចរកអតិថិជនចំណូលថ្មីបន្ថែម នោះសមាជិកនឹងទទួលបានការប្រាក់បន្ថែមទៀតប្រមាណ ៥ភាគរយ បើរកបានសមាជិកកាន់តែច្រើន នោះប្រាក់ចំណូលនឹងកាន់តែបន្ថែមកើនឡើងជាលំដាប់ដែរ។
ស្រដៀងគ្នានេះដែរ ព្រះតេជព្រះគុណ ព្រះនាម រ័ត្ន ពិសិដ្ឋ គង់នៅមួយកន្លែងនៅស្រុកបាភ្នំ ខេត្តព្រៃវែង មានព្រះថេរដីកាថា សមាជិករបស់ក្រុមហ៊ុនបានមកបញ្ចុះបញ្ចូលដល់ក្នុងវត្តរបស់ព្រះអង្គ។ គ្រានោះសមាជិករបស់ក្រុមហ៊ុនបានបញ្ជាក់ហេតុផល ដោយផ្ដល់ការប្រាក់ដល់អតិថិជនរៀងរាល់ខែដោយពុំមានការរអាក់រអួលឡើយ។ ដោយតម្រូវបច្ច័យមួយចំនួនដើម្បីបន្តការសិក្សារៀនសូត្ររបស់ព្រះអង្គ ឃើញដូចនេះ ព្រះអង្គក៏សម្រេចចិត្តប្រមែប្រមូល រួមទាំងព្រះសង្ឃដទៃទៀតក្នុងវត្ត បានប្រាក់ប្រមាណ ៣០០ដុល្លារ ហើយយកទៅដាក់ជាមួយសមាជិកក្រុមហ៊ុននោះតែម្ដង។
ព្រះតេជព្រះគុណ ព្រះនាម រ័ត្ន ពិសិដ្ឋ៖ «មូលហេតុអ្វីបានជាយកលុយហ្នឹងទៅដាក់? គឺទី១ អត់បានគិតទៅលើបញ្ហាថា វានឹងមានបញ្ហាអ៊ីចឹង។ ទី២ អាត្មាដាក់លុយហ្នឹង គម្រោងថានៅពេលដែលយើងរាល់ខែអ៊ីចឹងទៅ យើងគម្រប់ថាបានពីរបីខែអ៊ីចឹងទៅ អាត្មាក៏មានគំនិតថា ៣០០របស់អាត្មាហ្នឹងវានឹងអាចកើតកូនបាន ហើយក្នុងរយៈពេល ២បីខែ អាត្មាថានឹងបើកយកទៅប្រឡង គម្រោងអាត្មាគឺប្រឡងបាក់ឌុប ហើយអាត្មាគិតថា យកលុយហ្នឹងទៅបំពេញការរៀនរបស់អាត្មា ដល់ពេលលទ្ធផលចុងក្រោយមកអត់បានទទួលអ្វីសូម្បីតែបន្តិច»។
ព្រះអង្គមានព្រះថេរដីកាបញ្ជាក់បន្ថែមថា ក្រុមហ៊ុនបណ្ដាញនេះ ធ្វើសកម្មភាពនៅស្រុកបាភ្នំ ចាប់តាំងពីដើមខែមេសា ឆ្នាំ២០១៣ មក។ ក្នុងនោះថវិការបស់ប្រជាពលរដ្ឋចំណុះជើងវត្ត រួមទាំងព្រះសង្ឃផង ដែលបានចាញ់បោកតាមរយៈក្រុមហ៊ុនមួយនេះ រួមប្រមាណជាង ១ម៉ឺនដុល្លារហើយ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងប្រធានក្រុមហ៊ុនបណ្ដាញ អែហ្វ.អ៊ិច.អាយ.ស៊ី ដើម្បីសុំប្រតិកម្មតបបានទេ នៅថ្ងៃទី១៥ ធ្នូ។ ប៉ុន្តែសមាជិកក្រុមការងាររបស់ក្រុមហ៊ុន គឺលោក ផល្លា បានឲ្យដឹងថា បញ្ហារបស់ប្រជាពលរដ្ឋនិងព្រះសង្ឃនៅស្រុកបាភ្នំនោះ ពុំមែនជាកំហុសរបស់ក្រុមហ៊ុនទេ គឺបញ្ហានេះបង្កឡើងដោយសារអតិថិជនមិនយល់ពីគោលការណ៍ និងមិនបានអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុន។
លោក ផល្លា៖ «ខ្ញុំធ្លាប់ឮចេញពីខាងហ្នឹងមកដែរ ប៉ុន្តែដោយសារតែលោកម្នាក់ដែលនិយាយហ្នឹងប្រហែលជាគាត់ហ្នឹងមិនមកចូលរួមនឹងគេ។ គេអញ្ជើញគាត់មកក្រុមហ៊ុនដើម្បីស្ដាប់គេស្ដាប់ឯងថា តើក្រុមហ៊ុនយ៉ាងម៉េចៗ? គាត់មិនដែលមកចូលរួមកម្មវិធីរបស់គេ ហើយគាត់មកនិយាយអ៊ីចឹង។ ខ្ញុំមិនកាន់ជើងក្រុមហ៊ុនទេ ខ្ញុំក៏អ្នករកស៊ីដូចគាត់ដែរ ហើយខ្ញុំទៅចូលរួមកម្មវិធីរបស់ក្រុមហ៊ុនហើយ ក្រុមហ៊ុនអត់មានបញ្ហាអីទេ»។
ប្រជាពលរដ្ឋឲ្យដឹងថា ទីស្នាក់ការរបស់ក្រុមហ៊ុនមានទីតាំងនៅរាជធានីភ្នំពេញ ហើយក្រុមហ៊ុនបណ្ដាញមួយនេះបានផ្លាស់ទីកន្លែងស្នាក់ការរបស់ខ្លួនញឹកញាប់រៀងរាល់ ៦ខែម្ដង។ សព្វថ្ងៃក្រុមហ៊ុនបណ្ដាញប្រភេទនេះបានវាយលុកក្នុងរាជធានីភ្នំពេញ និងរាលដាលដល់ប្រជាពលរដ្ឋតាមបណ្ដាលខេត្តទូទាំងប្រទេស។ ហើយប្រជាពលរដ្ឋដែលពុំមានការយល់ដឹងពីរបរជំនួញរបស់ក្រុមហ៊ុនប្រភេទនេះ ជាអ្នកងាយរងគ្រោះ ខាតបង់ប្រាក់កាសរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។