អ្នកភូមិពីរគ្រួសារចោទអាជ្ញាធរមូលដ្ឋានឃុំជ្រៃ ពីបទឆបោកប្រាក់របស់ពួកគាត់ជិត ១ពាន់ដុល្លារ។ ថវិកានោះ ត្រូវបានមេភូមិ និងស្មៀនឃុំ ទទួលយកដើម្បីរត់ការធ្វើប្លង់ដីទៅភូមិបាល ស្រុកថ្មគោល ហើយការរត់ការធ្វើប្លង់ដីនោះ មានរយៈពេលជិតពីរឆ្នាំទៅហើយ ប៉ុន្តែប្លង់ដីនៅពុំទាន់ធ្វើបាននៅឡើយ។
លោកស្រី ឃួន ថន អាយុ ៦៣ឆ្នាំ ថ្លែងកាលពីថ្ងៃទី២៥ សីហា ថា កាលពីឆ្នាំ២០១១ គាត់បានកាត់ដីភូមិទំហំ ១៧ម៉ែត្រ គុណនឹង ៣៦ម៉ែត្រ ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល លក់ទៅឲ្យឈ្មោះ ឈុន វណ្ណៈ ក្នុងតម្លៃ ២.៧០០ដុល្លារ ដោយមានការទទួលស្គាល់ពីមេភូមិនិងមេឃុំ។
លោកស្រីបន្តថា ដោយសារដីរបស់គាត់មានប្លង់រឹង ដូច្នេះហើយគាត់បានចំណាយប្រាក់ ៧០០ដុល្លារ ទៅឲ្យមេភូមិក្បាលខ្មោច។ លោក គង់ សំអុល ជាមេភូមិក្បាលខ្មោច បានយកលុយនោះដើម្បីរត់ការកាត់ប្លង់ដី៖ «ប្រគល់លុយនៅផ្ទះមេភូមិឲ្យកាត់ប្លង់ហ្នឹង ៧០០ដុល្លារ ហើយទាំងខ្ញុំជូនមេភូមិហ្នឹង ១០០ដុល្លារទៀត ឡើង ៨០០ដុល្លារ ដើម្បីឲ្យរហ័សបាន។ គាត់ពី ៣ខែ ទៅ ៦ខែ បានប្លង់ដីហើយ តែឥឡូវឡើង ១ឆ្នាំ ៨ខែហើយ យូរពេកខ្ញុំចង់បានប្លង់ឆាប់មក»។
មេភូមិក្បាលខ្មោច លោក គង់ សំអុល ថ្លែងថា លោកបានទទួលលុយចំនួន ៧០០ដុល្លារ និងប្លង់ដីរបស់លោក ឃួន ថន ពិតមែន។ ថវិកានិងប្លង់ដីនោះ លោកបានប្រគល់ទៅឲ្យស្មៀនឃុំជ្រៃ ដើម្បីរត់ការកាត់ប្លង់ដីទៅភូមិបាល ស្រុកថ្មគោល។
ស្មៀនឃុំជ្រៃ លោក មី ឆៃ បញ្ជាក់ថា ប្លង់ដី នោះបច្ចុប្បន្នកំពុងស្ថិតនៅភូមិបាល ស្រុកថ្មគោល ចំណែកថវិកាវិញ គឺលោកទទួលបាន ៦៤០ដុល្លារប៉ុណ្ណោះ ហើយថវិកានេះ លោកកំពុងរក្សាទុកមិនទាន់បានប្រគល់ឲ្យមន្ត្រីភូមិបាលស្រុកនៅឡើយ៖ «ខ្ញុំទទួលមកហើយ ខ្ញុំប្រគល់ទៅឲ្យភូមបាល ស្រុក។ ខ្ញុំថា ឥឡូវយកលុយឲ្យហើយទៅ គេថា លុយហ្នឹងទុកនៅហ្នឹង ហើយលុយនៅខ្ញុំហ្នឹងឯង ចំនួន ៦៤០ដុល្លារ»។
អាជ្ញាធរភូមិក្បាលខ្មោច និងស្មៀនឃុំជ្រៃ សុទ្ធតែអះអាងថា ពួកគេបានជំរុញឲ្យមន្ត្រីភូមិបាលស្រុកថ្មគោល ជួយកាត់ប្លង់ដីឲ្យអ្នកភូមិទាំងពីរគ្រួសារឲ្យបានឆាប់ ប៉ុន្តែមន្ត្រីភូមិបាលស្រុកថ្មគោល ឆ្លើយប្រាប់ថា ការកាត់ប្លង់នោះ ធ្វើពុំទាន់បានដោយសារតែពួកគេជាប់រវល់ការងារច្រើន។
លោក ឈុន វណ្ណៈ ជាអ្នកទិញដីពីលោកស្រី ឃួន ថន ថ្លែងថា អាជ្ញាធរមូលដ្ឋានបានឆ្លើយដោះសាតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្លង់ដីនិងថវិកាដែលគាត់ប្រគល់ទៅអាជ្ញាធរភូមិដើម្បីរត់ការកាត់ប្លង់ដីនោះ កើតមានឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១១ រហូតមកឆ្នាំ២០១៣ នេះ មានរយៈជិតពីរឆ្នាំហើយ ធ្វើពុំទាន់បាន។ បញ្ហានេះបានធ្វើឲ្យគាត់មានការព្រួយបារម្ភ ហើយទាមទារឲ្យអាជ្ញាធរភូមិឃុំទទួលខុសត្រូវ។
លោក ឈុន វណ្ណ៖ «ការព្រួយបារម្ភរបស់ខ្ញុំជំហានទី១ ខ្ញុំខ្លាចបាត់ប្លង់ដីទាំងមូល ទី២ ខ្លាចបាត់ថវិការបស់ដែលជាអ្នកក្រីក្រ។ ខ្ញុំខំប្របិចប្របោចចងការលុយគេយកទៅឲ្យគាត់ហើយ ទី៣ ខ្ញុំត្រូវបានប្លង់ដីឲ្យលឿន ដើម្បីយកប្លង់ទៅដាក់ឲ្យគេសល់លុយខ្លះដើម្បីរកស៊ី»។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា យោងលើសាច់រឿងនេះ បង្ហាញឲ្យឃើញពីចេតនាទុច្ចរិតរបស់អាជ្ញាធរពាក់ព័ន្ធ ដែលនាំឲ្យការរំលោភបំពានលើសេចក្ដីទុក្ខចិត្តរបស់ប្រជាពលរដ្ឋ។ តាមផ្លូវច្បាប់ភាគីអ្នកភូមិជាម្ចាស់ដីនិងជាអ្នករងគ្រោះ អាចប្ដឹងចោទប្រកាន់មេភូមិពីបទរំលោភលើសេចក្ដីទុកចិត្ត៖ «ប្ដឹងមេភូមិហ្នឹងឲ្យគាត់សើរើឡើងវិញថា តើប្លង់ហ្នឹងនៅកន្លែងណា ហើយលុយ ៧០០ដុល្លារនៅកន្លែងណាឲ្យគាត់យកមកវិញ»។
ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបាត់ដំបង លោក អ៊ូ ដារី ពន្យល់ថា ករណីខាងលើនេះមេភូមិក្បាលខ្មោច ដែលទទួលយកលុយនិងប្លង់ដីពីប្រជាពលរដ្ឋនោះ ជាអ្នកទទួលខុសត្រូវ។ ដូច្នេះប្រជាពលរដ្ឋទាំងពីរគ្រួសារអាចប្ដឹងមេភូមិឲ្យគាត់ទៅប្រមូលយកលុយ និងប្លង់ដីឯកសារនោះមកវិញដើម្បីយកមកអនុវត្តតាមនីតិវិធីនៅភូមិបាល ស្រុក ក្រុង រស់នៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។