ក្រុមសហជីពអោយដឹងថា ប្រសិនបើរដ្ឋាភិបាលនៅបន្តអូសបន្លាយការកំណត់ប្រាក់ឈ្នួលរបស់កម្មកររហូតដល់ដើមឆ្នាំ២០១៥ មែននោះ បញ្ហានេះនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការបញ្ជាទិញពីកម្ពុជា កាន់តែខ្លាំង។ ចំណែកមន្ត្រីជំនាញរបស់រដ្ឋាភិបាលវិញមិនយល់ដូច្នេះឡើយ។
បញ្ហាដែលនៅតែមិនទាន់អាចដោះស្រាយចប់នៅក្នុងឆ្នាំ២០១៤ តួយ៉ាងដូចជាការកំណត់ប្រាក់ខែគោលកម្មករ នៅតែត្រូវបានពន្យារពេល លក្ខខណ្ឌការងារនៅតែមានភាពស្មុគស្មាញ និងមានការរំលោភបំពាន រួមនឹងការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងក្រុមសហជីពជាដើម នេះជាហេតុផលដែលក្រុមសម្ព័ន្ធសហជីពក្នុងស្រុកចាត់ទុកថា វានឹងជំរុញឲ្យអ្នកបញ្ជាទិញល្បីៗនៅលើពិភពលោកពិចារណាដកទុនពីកម្ពុជា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) ឲ្យដឹងនៅថ្ងៃទី៥ ខែកក្កដា ថា មានក្រុមអ្នកបញ្ជាទិញមួយចំនួនបានសម្រេចចិត្តដកទុនពីកម្ពុជា ខ្លះៗហើយ មកដល់ពេលនេះ។ ចំណែកអ្នកផ្សេងទៀត កំពុងរង់ចាំពីលទ្ធផលប្រជុំក្នុងខែតុលា នេះ ជាមុនសិន អំពីការកំណត់ប្រាក់ខែគោល ថាតើរដ្ឋាភិបាលមានជំហរបែបណា មុននឹងត្រូវសម្រេចចិត្តបញ្ឈប់ការទិញសំលៀកបំពាក់ដែលនាំចេញពីកម្ពុជា ទៅនោះ។
លោក អាត់ ធន់៖ «ជាក់ស្ដែងយើងឃើញមានទីផ្សារពីរបី ដូចជាបានដកហើយៗ ហើយគឺមិនបានដកទេ បានន័យថា គេនៅតែបន្តទិញដដែល ប៉ុន្តែចំនួនទិញរបស់គេឥតមានការកើនឡើងទេ ហើយមានអ្នកបញ្ជាទិញមួយចំនួនហ្នឹង មានផែនការនៅខែ១០ នឹងមានការដកបន្ថែមទៀត»។
នៅដើមខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ គណៈកម្មការប្រឹក្សាការងារដែលមានសមាជិករហូតដល់ ២៨នាក់ នឹងបើកកិច្ចប្រជុំពិភាក្សាបន្តទៀត អំពីការកំណត់ប្រាក់ខែគោលក្នុងឆ្នាំ២០១៤ លើវិស័យវាយនភណ្ឌកាត់ដេរនេះ ដោយដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០១៥។ ការកំណត់កិច្ចប្រជុំជាថ្មីទៀតនេះ ក្រោយពីកិច្ចប្រជុំដែលមានលទ្ធផលកើតចេញពីការបោះឆ្នោតសម្ងាត់ដ៏ចម្រូងចម្រាសកាលពីថ្ងៃទី៣០ មិថុនា ពុំមានសំឡេងឯកច្ឆ័ននោះរួចមក។ បញ្ហានេះ ក្រុមសហជីពដែលតែងគាំទ្រជំហររបស់កម្ពុជា ចាត់ទុកថា វានឹងជំរុញឲ្យស្ថានការណ៍ដែលកំពុងមានភាពអាប់អួស្រាប់ហើយនេះ រឹតតែអាក្រក់ថែមទៀត។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករនិយាយថា ប្រសិនបើកិច្ចការនេះពិតជាត្រូវធ្វើដូច្នេះមែននោះ ក្រុមកម្មករនឹងមិនសុខចិត្តឡើយ ជាពិសេស រឿងការកំណត់ប្រាក់ខែគោលដែលពួកគេទាមទារឲ្យអនុវត្តក្នុងឆ្នាំ២០១៤ ហើយបែរជាស្ថាប័នជំនាញរបស់រដ្ឋាភិបាលសម្រេចដាក់ឲ្យអនុវត្តទៅដើមឆ្នាំ២០១៥ ទៅវិញនោះ។
លោក ប៉ាវ ស៊ីណា៖ «ចុងខែមុននេះគឺយើងបានចេញសេចក្ដីថ្លែងការណ៍ថា ស្នើឲ្យភាគីពាក់ព័ន្ធធ្វើការចរចាបញ្ហាហ្នឹង។ ប៉ុន្តែក្នុងករណីមិនមានការឆ្លើយតបណាមួយទេ សហជីពពួកយើងនឹងស្នើសុំតវ៉ាសាជាថ្មីទៀត ដើម្បីជំរុញឲ្យមានការចរចាអំពីប្រាក់ឈ្នួលនេះ»។
ពាក់ព័ន្ធបញ្ហានេះ លោក ជួន មុំថុល អនុប្រធានគណៈកម្មការប្រឹក្សាការងារដែលជាភាគីតំណាងឲ្យកម្មករនិយោជិតនិយាយរួចហើយថា មិនចាំបាច់បកស្រាយច្រើនឡើយជុំវិញបញ្ហានេះ។ លោកចាត់ទុកថា ព្រោះសេចក្ដីសម្រេចបានធ្វើរួចហើយ ដែលមានសំឡេងគាំទ្រដ៏ច្រើនលើសលប់ កំណត់ផែនការនេះ ដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០១៥។ ហេតុនេះសំឡេងគាំទ្រភាគច្រើននៅពេលនោះ វាគឺជាសេចក្ដីសម្រេចដែលមានសុពលភាពផ្នែកច្បាប់រួចជាស្រេចទៅហើយ។
លោក ជួន មុំថុល៖ «មានមតិខ្លះចាប់ឲ្យអនុវត្តពីខែ១០ ហើយអ្នកខ្លះថា ពុំត្រឹមត្រូវទេ ពីព្រោះយើងខែ១០ នេះ គឺនៅក្នុងឆ្នាំ២០១៤ នៅឡើយ។ អ៊ីចឹងត្រូវអនុវត្តពីថ្ងៃទី១ ខែ១ ដូចដែលក្នុងប្រកាសរបស់យើង ដែលយើងបានព្រមព្រៀងក្នុងគណៈកម្មការប្រឹក្សាការងារ»។
ក្រុមសហជីពដែលអះអាងថា មានជំហរគាំទ្ររកផលប្រយោជន៍ឲ្យកម្មករវិញ និយាយថា ការដែលលទ្ធផលសម្រេចដ៏ច្រើនលើសលប់នៅក្នុងកិច្ចប្រជុំពីថ្ងៃទី៣០ មិថុនា ស្តីពីការកំណត់ប្រាក់ខែគោលលើវិស័យវាយនភណ្ឌនេះ គឺជាសេចក្ដីសម្រេចមិនឆ្លុះបញ្ចាំងឲ្យឆន្ទៈរបស់កម្មករ និងវិស័យផ្សេងទៀតទេ។ ដោយហេតុថា សមាជិកភាគច្រើននៃគណៈកម្មការប្រឹក្សាការងារនេះ គឺសុទ្ធតែមកពីខាងរដ្ឋាភិបាល ជាពិសេស សហជីពដែលតំណាងឲ្យថៅកែ និងសហជីពដែលតំណាងឲ្យកម្មករនិយោជិត គឺសុទ្ធតែមានទំនោរទៅខាងរដ្ឋាភិបាលទាំងអស់ ហេតុនេះពុំមានហេតុផលណា ដែលអាចមើលឃើញថា ពួកគេពិតជារកផលប្រយោជន៍ឲ្យកម្មករឡើយ។
យ៉ាងណាលោក ជួន មុំថុល ដែលជាសហជីពមួយក្នុងចំណោមសហជីពផ្សេងទៀត ដែលជាសមាជិកនៃគណៈកម្មការប្រឹក្សាការងារ ហើយរងការស្ដីបន្ទោសថា ធ្វើអ្វីៗដើម្បីគោលនយោបាយឲ្យតែរដ្ឋាភិបាលនោះ ចាត់ទុកថា ការថ្លែងយ៉ាងណានោះរបស់សហជីពដទៃទៀតវាមិនចាំបាច់ឈឺក្បាលវិលមុខទេ។ លោកអះអាងថា កម្ពុជាប្រកាន់គោលការណ៍ច្បាប់ និងកំពុងអនុវត្តរបបលទ្ធិប្រជាធិបតេយ្យសេរី ហេតុនេះមនុស្សអាចមានសិទ្ធិបញ្ចេញមតិ រិះគន់ ក្នុងន័យស្ថាបនាបានគ្រប់ពេល។
មិនដូច្នេះឡើយ លោក មឿន តុលា យល់ឃើញថា ប្រើសិនបើរដ្ឋាភិបាល នៅតែបណ្ដែតបណ្ដោយមិនព្រមដោះស្រាយបញ្ហានេះឲ្យចប់សព្វគ្រប់នៅត្រឹមឆ្នាំ២០១៤ ទេ នោះកម្មករនិយោជិតប្រមាណចន្លោះពី ៦០ ទៅ ៧០ម៉ឺននាក់ លើវិស័យវាយនភណ្ឌនេះ នឹងសំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជំរុញឲ្យមានការដោះស្រាយ។
បើទោះជារដ្ឋាភិបាលបានសិក្សា និងរកឃើញរួចហើយថា តាមពិតប្រាក់ខែគោលរបស់កម្មករដើម្បីអាចរស់នៅបានសមរម្យ គប្បីដំឡើងឲ្យបានយ៉ាងហោចណាស់ ១៦០ដុល្លារដែរ។ ប៉ុន្តែបើទោះជារដ្ឋខ្លួនឯងបានរកឃើញពីតួលេខនេះក៏ដោយចុះ ក៏លទ្ធផលពិតនៃការដំឡើងលុយដល់កម្មករបានត្រឹម ១០០ដុល្លារប៉ុណ្ណោះមកដល់ពេលនេះ ដោយដាក់ឲ្យអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០១៣ មក។
ពាក់ព័ន្ធបញ្ហានេះ លោក អ៊ិត សំហេង ឲ្យដឹងកាលពីថ្ងៃទី៣០ មិថុនា ថា ការពិតកិច្ចការនេះវាពុំមែនជារឿងលេងសើចឡើយ។ លោកបន្តថា ទម្រាំបានសេចក្ដីសម្រេចថាយកខែតុលា ដើម្បីកំណត់ប្រាក់ខែគោល និងដាក់អនុវត្តនៅដើមឆ្នាំ២០១៥នេះ គ្រប់ភាគីពាក់ព័ន្ធបានប្រឹងប្រែងយ៉ាងស្វិតស្វាញ និងធ្វើដំណើរលើផ្លូវដ៏ពិបាកមួយ ទើបមកដល់ថ្ងៃនេះ។
លោក អ៊ិត សំហេង៖ «ឥតមានលើកដៃទេមិញយើងបោះឆ្នោតសម្ងាត់ ហើយសន្លឹកមិនដឹងជារបស់អ្នកណាទេ ។ លើកនេះជាលើកទីពីរហើយ តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មការប្រឹក្សាការងារ ដែលបានព្រមព្រៀងលើកមុន គឺយើងប្រជុំរកសំឡេងឯកច្ឆន្ទពីរលើក។ បើសិនជាលើកពីមួយមិនបានលើកទីពីរ ហើយបើលើកពីរនេះ ឥតមានទេ យើងបោះឆ្នោតសម្ងាត់តែម្ដង»។
បើទោះជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងបែបនេះក៏ដោយចុះ ក៏លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍យល់ឃើញថា វាមិនងាយស្រួលឡើយ ដែលថាកិច្ចការនេះអាចបញ្ចប់ត្រឹមហ្នឹងនោះ។
លោកនិយាយថា ចំពោះអ្នកបញ្ជាទិញដែលមានឈ្មោះល្អ និងគោរពសិទ្ធិមនុស្ស នឹងអាចពិចារណាការបញ្ជាទិញពីកម្ពុជា ប្រសិនបើលក្ខខណ្ឌការងារ និងការរំលោភសិទ្ធិកម្មករនៅតែបន្តកើតមាន៖ «បរិយាកាសនៃការវិនិយោគរបស់គេហ្នឹងគឺថាវាឥតសុខទេ ត្រូវតែរងសម្ពាធពីអ្នកប្រើប្រាស់ ឬក៏អតិថិជនរបស់ខ្លួននៅក្នុងប្រទេសមួយៗ ដែលខ្លួនលក់ហ្នឹង។ទាំងនៅអាមេរិកក្ដី អឺរ៉ុបក្ដី នៅអង់គ្លេសក្ដី គឺថា រងសម្ពាធរហូត។ អ៊ីចឹងបានជាគេសំណូមពរឲ្យរដ្ឋពិចារណារឿងពីរកន្លងមក។ ពិចារណាឲ្យដោះលែងអ្នក ២៣ហ្នឹង ហើយនិងប្រាក់ឈ្នួលដែលកម្មករទាមទារហ្នឹង»។
ក្រុមសហជីពនិយាយថា មានឱកាសតិចតួចបំផុត ដែលថា ម្ចាស់ទុនដែលមិនគោរពច្បាប់ ឬរកស៊ីមិនសុចរិត អាចជ្រៀតជ្រែកទីផ្សារកម្ពុជាបានលើវិស័យកាត់ដេរសំលៀកបំពាក់នេះ ក្រៅពីក្រុមអ្នកបញ្ជាទិញដែលមានម៉ាកល្បីៗ ដូចជាលីវ៉ាយ (Levi's) និងអាឌីដាស់ជាដើម (Adidas ) សម្រេចចិត្តក្នុងការដកទុនខ្លះពីកម្ពុជា។ រឹតតែពិបាកថែមទៀតនោះ គឺថា ទំនិញភាគច្រើនពីវិស័យកាត់ដេរនេះ នឹងមិនអាចនាំចូលទៅអឺរ៉ុបបានឡើយ ដោយសារ អ្នកប្រើប្រាស់មិនពេញចិត្តទទួលយកទំនិញទាំងនេះ ជាពិសេសផលិតផលនេះ ស្ថិតក្រោមសម្ពាធនៃការរិះគន់ថា បានជិះជាន់កម្លាំងពលកម្មទៀតផង។ ក៏ប៉ុន្តែរឿងដែលសំខាន់នៅចំពោះមុខ គឺវិបត្តិគ្មានការងារធ្វើកាន់តែបន្ថែមបន្ទុក ស្របពេលបច្ចុប្បន្ន ទីផ្សារការងារក៏កំពុងតែជាន់កស្រាប់ហើយនោះ។ លើសពីនេះទៀត ពលករចំណាកស្រុកកាន់តែបន្តកើនឡើងចេញទៅប្រទេសជិតខាងថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។