មន្ត្រី​រដ្ឋាភិបាល​ថៅកែ​រោងចក្រ​និង​តំណាង​សហជីព​ពិភាក្សា​ពី​ប្រាក់​ខែ​គោល​កម្មករ

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​តំណាង​ថៅកែ​រោងចក្រ និង​តំណាង​សហជីព​កម្មករ បន្ត​ជួប​ពិភាក្សា​គ្នា​ទៅ​លើ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​ប្រជុំ​សម្រេច​ចុង​ក្រោយ​បញ្ហា​ប្រាក់​ឈ្នួល​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ដើម្បី​សម្រេច​ថា តើ​ត្រូវ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៥ ចំនួន​ប៉ុន្មាន?

គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​មាន​សមាសភាព​មន្ត្រី​រដ្ឋាភិបាល ភាគី​ថៅកែ​រោងចក្រ និង​តំណាង​សហជីព​កម្មករ ដឹកនាំ​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា បើក​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​នីមួយៗ របស់​កម្មករ​រោងចក្រ​កាត់ដេរ។

លោក ជួន មុំថុល អនុ​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ​ជា​តំណាង​កម្មករ​និយោជិត​មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទៅ​លើ​អនុសាសន៍​ទាំង​៥ របស់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​បី​ភាគី ស្ដីពី​ការ​ពង្រឹង​ដំណើរការ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។

​លោក​បន្ត​ថា កិច្ចប្រជុំ​ត្រីភាគី​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ទៅ​លើ​អនុសាសន៍ ៥​ចំណុច ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ​ហៅ​កាត់​អាយឡូ (ILO)។

អនុសាសន៍​ទាំង ៥​ចំណុច ដែល​គណៈកម្មការ​ប្រឹក្សា​ការងារ​សម្រេច​ជា​ឯកច្ឆន្ទ និង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មាន ព្រម​ទទួល​យក​វិធីសាស្ត្រ​នៃ​ការ​អនុម័ត​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដោយ​យន្តការ​កុងសង់ស៊ីស។ កំណត់​យក​ដើម​ត្រី​មាស​ទី​៣ នៃ​ឆ្នាំ​នីមួយៗ ពិភាក្សា​និង​អនុម័ត​ទៅ​លើ​ការ​ផ្ដល់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ និង​កំណត់​យក​ដើម​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នីមួយៗ ដើម្បី​ចេញ​ប្រកាស​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​បន្ទាប់ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មករា នៃ​ឆ្នាំ​បន្ទាប់​ជាដើម។

លោក ជួន មុំថុល បញ្ជាក់​ថា ការកំណត់​ប្រាក់​ឈ្នួល​កម្មករ​ប្រចាំ​ឆ្នាំ​នីមួយៗ នឹង​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៤៖ «ប្រាំ​ចំណុច​ដែល​អនុម័ត​ហ្នឹង​ជា​លទ្ធផល​ល្អ​ដែល​យើង​រក​ឃើញ​ថា សហជីព ៧ រដ្ឋាភិបាល ៧​រូប និង​និយោជក ៤​រូប។ បាន​ន័យ​ថា អ្នក​ទាំង​អស់​ហ្នឹង​បាន​អនុម័ត​ទាំង​អស់​ដោយ​សំឡេង​កុងសង់ស៊ីស ហើយ​ខ្ញុំ​ព្រឹក​មិញ​ក៏​ចម្លែក ហើយ​សប្បាយ​ចិត្ត ព្រោះ​មិន​ដែល​ឃើញ​កិច្ចប្រជុំ​កន្លង​មក​មាន​អ៊ីចឹង​ទេ។ បើ​ប្រជុំ​លើក​ក្រោយៗ​ទៀត​មាន​អ៊ីចឹង​ទៀត គឺ​ល្អ​មែន​ទែន ជា​ពិសេស​ការ​ជជែក​រឿង​ប្រាក់​ឈ្នួល​កម្មករ​នា​ថ្ងៃ​ខាង​មុខ»។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ឬ​ហៅ​កាត់​ស៊ីខាវឌូ (C-CAWDU) ដែល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា នេះ ផ្នែក​ពាក់ព័ន្ធ​បាន​លើក​យក​ពី​នីតិវិធី ឬ​ការងារ​បច្ចេកទេស​ក្នុង​ការ​កំណត់​ប្រាក់ខែ​គោល​កម្មករ​ចាប់​ពី​ឆ្នាំ​២០១៥ ត​ទៅ គឺ​មិន​មែន​ជា​កិច្ចប្រជុំ​ពិភាក្សា​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ ដែល​ក្រុម​កម្មករ​ទាមទារ​កន្លង​មក​ទេ។

លោក អាត់ ធន់៖ «ការ​ជជែក​គ្នា​ហ្នឹង​ទាល់តែ​កុងសង់ស៊ីស​គ្នា ឬ​ទាល់តែ​ឯកភាព​គ្នា​របស់​សមាជិក​គណៈកម្មការ​ហ្នឹង។ ប៉ុន្តែ​ការ​ជជែក​ទៅ​ការ​រក​សំឡេង​រួម​នោះ​វា​ពិបាក។ អ៊ីចឹង​គេ​បាន​ជជែក​ថា រក​ចំណុច​រួម​កុងសង់ស៊ីស​រួម ប្រជុំ​លើក​ទី​១ មិន​បាន អ៊ីចឹង​គេ​នឹង​កោះ​ប្រជុំ​លើក​ទី​២ ម្ដង​ទៀត ប៉ុន្តែ​បើ​មិន​សម្រេច​ទេ គេ​នឹង​បោះ​ឆ្នោត​ដោយ​សម្ងាត់ និង​ដោយ​សំឡេង​ភាគ​ច្រើន។ អា​ហ្នឹង​គឺ​វា​ខុស​ពី​មុនៗ គេ​បោះ​ឆ្នោត​ដោយ​លើកដៃ​អី​អ៊ីចឹង​ទៅ»។

​ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​កម្មករ​និង​សហជីព​មួយ​ចំនួន បាន​ទាមទារ​ដំឡើង​ប្រាក់ខែ​ទាប​បំផុត ១៦០​ដុល្លារ​ក្នុង ១​ខែ និង​ឈាន​ដល់​ក្រុម​កម្មករ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម ចន្លោះ​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ការ​តវ៉ា​នេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បង្ក្រាប​ដោយ​ហិង្សា ដោយ​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ៥​នាក់ និង​រង​របួស​រាប់​សិប​នាក់។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ២៣​នាក់ យក​ទៅ​ផ្ដន្ទាទោស​និង​ដាក់​ពន្ធនាគារ។

ទោះ​យ៉ាង​ណា ការ​ទាមទារ​របស់​ក្រុម​កម្មករ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​ទេ គឺ​រដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល ជូន​កម្មករ​ត្រឹម​ចំនួន ១០០​ដុល្លារ ក្នុង​១​ខែ ហើយ​ចាប់​អនុវត្ត​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។