Opens in new windowអាជ្ញាធរស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជាក់ថា ពួកគេនឹងចាត់វិធានការបង្ក្រាបករណីល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាកន្ទុយលេខ ពិសេសឆ្នោតវៀតណាម។ ការលើកឡើងនេះ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន ត្អូញត្អែរពីផលប៉ះពាល់ដែលបណ្ដាលមកពីល្បែងស៊ីសងទាំងនោះ។
អធិការស្រុកមេមត់ ដែលទើបនឹងទទួលតំណែងបានប្រមាណ ២ខែ លោក ហុង គីមហឿន មានប្រសាសន៍នៅថ្ងៃទី៦ តុលា ថាខាងសមត្ថកិច្ចនឹងចាត់វិធានការបង្ក្រាបករណីល្បែងស៊ីសង រួមមានកន្ទុយលេខ និងឆ្នោតវៀតណាម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។
លោកថា វិធានការរបស់អាជ្ញាធរ នឹងចាប់ផ្ដើមនៅក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។ លោកបញ្ជាក់ថា ដោយសារអំឡុងពេលនេះ អាជ្ញាធរបានផ្សព្វផ្សាយអប់រំណែនាំទៅប្រជាពលរដ្ឋ រហូតឈានទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់នូវរាល់សកម្មភាពប្រព្រឹត្តល្បែងស៊ីសងទាំងនោះថែមទៀត។ លោកថា ប្រសិនបើការណែនាំនៅតែគ្មានប្រសិទ្ធភាព អាជ្ញាធរនឹងអនុវត្តទៅតាមផ្លូវច្បាប់៖ «យើងនឹងរៀបចំបង្ក្រាបទូទៅទាំងអស់បង! តែឥឡូវនេះយើងបង្ក្រាបអាធំៗសិន។ ខ្ញុំសុំគោលការណ៍ពីគណៈបញ្ជាការឯកភាពខេត្ត និងឧត្តមសេនីយ៍ស្នងហើយបង»។
ជារៀងរាល់ព្រឹក ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ និងទីប្រជុំជនផ្សេងទៀត តែងឃើញក្រុមប្រជាពលរដ្ឋវៀតណាម នាំគ្នាដើរលក់ឆ្នោតរបស់ពួកគេដែលមានប្រភពមកពីខេត្តតាយនិញ ប្រទេសវៀតណាម លក់ឲ្យប្រជាពលរដ្ឋខ្មែរ។ អ្នកដើរលក់ឆ្នោតទាំងនោះ ខ្លះស្ទើរតែមិនអាចនិយាយខ្មែរកើតផង ដោយពួកគេគ្រាន់តែយកឆ្នោតដាក់បង្ហាញពីមុខប្រជាពលរដ្ឋខ្មែរ។ សកម្មភាពទាំងនោះ ពេញនិយមនៅក្នុងផ្សារ និងនៅតាមហាងបាយ ឬកាហ្វេក្បែរសាលាស្រុកមេមត់ តែម្តង។ សកម្មភាពលក់ឆ្នោតបែបអនាធិបតេយ្យនោះ ហាក់មិនឃើញមានសមត្ថកិច្ចទៅហាមឃាត់ ឬចាត់វិធានការទេ។
ការលើកឡើងរបស់អធិការស្រុក គឺស្របពេលប្រជាពលរដ្ឋនៅស្រុកមេមត់ សម្ដែងក្តីបារម្ភនៅពេលពួកគេឃើញល្បែងស៊ីសងទាំងនោះ បន្តរីកដុះដាលយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋនៅឃុំទន្លូង លោក ឈុន វុត្ថា ឲ្យដឹងថា ល្បែងឆ្នោតកន្ទុយលេខក្តី ល្បែងឆ្នោតវៀតណាម ក្តី គឺអាចបង្កទៅជាភាពអសន្តិសុខ និងបាត់បង់នូវរបៀបរៀបរយនៅក្នុងសង្គម។ លើសពីនេះទៀត ធ្វើឲ្យពលរដ្ឋលែងគិតរកស៊ីអ្វីទាំងអស់ គិតតែនាំគ្នាលេងល្បែងទាំងនោះ ម្យ៉ាងខាតបង់ប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងត្រូវជំពាក់បំណុលគេ ជាដើម៖ «ខ្ញុំគិតថា នៅពេលឆ្នោតហ្នឹងហូរចូល នឹងកាន់តែធ្វើឲ្យជនជាតិយួន ហ្នឹង កាន់តែហូរចូលហើយ ពីព្រោះនៅតាមមន្ត្រីព្រំដែនមួយចំនួន មិនមានក្រដាសស្នាមត្រឹមត្រូវទេ»។

ល្បែងឆ្នោត ឬកន្ទុយលេខ គឺកំពុងពេញនិយមនៅប្រទេសកម្ពុជា បច្ចុប្បន្ន មិនមែនចំពោះតែខេត្តត្បូងឃ្មុំ ប៉ុណ្ណោះទេ។ អ្នកលេងខ្លះបន់ឲ្យតែព្រឹក នឹងអាងនាំគ្នាកាត់យល់សប្តិ អ្នកខ្លះទៀតមិនបានទៅធ្វើការងារពេញដៃពេញជើងឡើយ ព្រោះរវល់តែមកផ្ទៀងលទ្ធផលឆ្នោតចេញ។ ជាងនេះទៀត អ្នកខ្លះសុខចិត្តអត់អីអត់ទៅ សំខាន់ឲ្យតែមានប្រាក់ខ្លះគ្រាន់ចាក់ឆ្នោត។ លើសពីនេះ អ្នកខ្លះសុខចិត្តចាក់ឆ្នោតជំពាក់មេឆ្នោត ជាដើម។ ល្បែងប្រភេទនេះ គឺមិនត្រឹមតែធ្វើឲ្យខាតបង់ប្រាក់នោះទេ ប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋខ្មែរខាតបង់ពេលវេលាទៀតផង។
បន្ថែមពីនេះ ប្រជាពលរដ្ឋនៅឃុំមេមត់ មួយរូបទៀត លោក ព្រៅ ចាន់ធឿន មានប្រសាសន៍ថា ការចេញចូលរបស់ជនជាតិវៀតណាម មកលក់ឆ្នោតនៅស្រុកមេមត់ គឺមិនមានអាជ្ញាធរណាទប់ស្កាត់ឡើយ ប៉ុន្តែបែរជាមានអាជ្ញាធរខ្លះសម្រួលការចេញចូលដល់ពួកគេថែមទៀត។ លោកគាំទ្រឲ្យប្រជាពលរដ្ឋវៀតណាម ចេញចូលមករកស៊ីរបរណាដែលស្របច្បាប់នៅស្រុកខ្មែរ ប៉ុន្តែលោកមិនគាំទ្រឡើយនូវរាល់របររកស៊ីណាដែលបង្កបញ្ហាដល់ម្ចាស់ស្រុក៖ «ដូចជាល្បែងស៊ីសងនៅតាមបណ្ដាភូមិផ្សេងៗ ដូចជាភូមិខ្ញុំហ្នឹង ដូចជាភូមិណងក្រពើ ឃើញតែអ្នកលេងច្រើន ហើយបង្កជាចលនាច្រើនណាស់ ដូចជាបាត់ម៉ាស៊ីនបូមសព្វបែបយ៉ាង»។
ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ដើម្បីឲ្យវិធានការរបស់អាជ្ញាធរមានប្រសិទ្ធភាព គឺលុះត្រាតែពួកគេអប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យយល់ពីផលប៉ះពាល់នៃល្បែងទាំងនោះ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ទៅលើមេខ្លោងធំៗ ឬមេឆ្នោតធំៗដែលមានខ្នងក្រាស់ៗនៅពីក្រោយជាមុនសិន។ ពិសេសទៅទៀតនោះ រាជរដ្ឋាភិបាល ត្រូវបិទមិនឲ្យមានឆ្នោតវៀតណាម ហូរចូលមកស្រុកខ្មែរតាមគ្រប់រូបភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
