បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន​តវ៉ា​ទាមទារ​បើក​ប្រាក់​អតីតភាព​ការងារ

0:00 / 0:00

បុគ្គលិក​បម្រើ​ការងារ​ក្រុមហ៊ុន​ទូរស័ព្ទ​ឯកជន ឈ្មោះ អឹមហ្វូន (MFone) ដែល​ក្ស័យធន​តាំងពី​ឆ្នាំ​មុន​មិន​ទាន់​បើក​ប្រាក់​អតីតភាព​ការងារ​ចុង​ក្រោយ ៣០% ដល់​បុគ្គលិក​នៅ​សល់​​នៅ​ឡើយ។ បញ្ហា​នេះ​នាំ​ឲ្យ​បុគ្គលិក​ទាំង​នោះ​លើក​គ្នា​តវ៉ា​ជា​ថ្មី​ទៀត បន្ទាប់​ការ​សន្យា​របស់​តំណាង​ក្រុមហ៊ុន​បាន​ពន្យារ​ចាប់​តាំង​ពី​មុន​ចូលឆ្នាំ​ខ្មែរ​មក​ដល់​បច្ចុប្បន្ន។

អតីត​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ អឹមហ្វូន (ប្រព័ន្ធ​០១១) តវ៉ា​នៅ​មុខ​ក្រុមហ៊ុន នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ​ឆ្នាំ​២០១៤ សុំ​ឲ្យ​ក្រុមហ៊ុន​ចេញ​លិខិត​កំណត់​ថ្ងៃ​បើក​ប្រាក់​អតីតភាព​ការងារ​នៅ​សល់​ចុង​ក្រោយ​
៣០% ឲ្យ​បាន​ច្បាស់លាស់ កុំ​ឲ្យ​សន្យា​ម្ដង​ខែ​នេះ​ម្ដង​ខែ​នោះ។

លោក នួន សំអាត អតីត​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន ថ្លែង​ថា ក្រោយ​ពី​ក្រុម​បុគ្គលិក​តវ៉ា ហើយ​បាន​ជួប​តំណាង​ក្រុមហ៊ុន​ចរចា​គ្នា​រយៈពេល​ជាង ១​ម៉ោង ទើប​ក្រុមហ៊ុន​កំណត់​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ក្រុមហ៊ុន​នឹង​សង​ប្រាក់​អតីតភាព​ការងារ ៣០% ដល់​អតីត​បុគ្គលិក​ក្រុមហ៊ុន៖ «សន្យា​ជាមួយ​យើង​ថ្ងៃ​១៦ ហើយ​យើង​អត់​អាច​នេះ​ជាមួយ​គាត់​ទៀត ព្រោះ​អី​គាត់​សន្យា​ហ្នឹង ​ព្រោះ​អី​ថា សែក ហ្នឹង​វា​នឹង​ចេញ​ដែរ​ហើយ ដល់​អ៊ីចឹង​យើង​អត់​អាច​ជីក​ឫសគល់​គាត់​បាន​ទៀត​ទេ។ គាត់​បង្គាប់​បញ្ហា​ឲ្យ​កូនចៅ​គាត់​ប្រាប់​ទៅ​បុគ្គលិក​សម្រាប់​ធ្វើ​ការងារ​ហ្នឹង​ហើយ»

អ្នកស្រី ផល្លីន អតីត​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន​ដែរ ថ្លែង​ថា គាត់​សុំ​ឲ្យ​ក្រុមហ៊ុន​សង​ប្រាក់​​​អតីតភាព​ការងារ ៣០% ដែល​ក្រុមហ៊ុន​សន្យា​បើក​ឲ្យ​តាំង​ពីមុន​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ក្រុមហ៊ុន​ពន្យារ​​​មក​ដល់​ដើម​ខែ​មិថុនា មិន​ព្រម​បើក​ឲ្យ​ទៀត។ ទើប​ពួកគាត់​នាំគ្នា​មក​សុំ​ឲ្យ​ក្រុមហ៊ុន​ចេញ​លិខិត​​​ធានា​ថា នៅ​ថ្ងៃ​១៦ ខែ​មិថុនា ពិត​ជា​បើកប្រាក់ ៣០% ឲ្យ ដោយ​មិន​កុហក និង​ពន្យារ​ថ្ងៃ​បើក​ទៀត​ទេ។

អ្នកស្រី​ថា គាត់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន ពី​ឆ្នាំ​២០០៥ មក ក្រុមហ៊ុន​បាន​សង់​ប្រាក់​អតីតភាព​ការងារ​ជូន​គាត់ ៧០% ហើយ ប៉ុន្តែ​នៅ​ជំពាក់ ៣០% ទៀត គឺ​ស្មើ​នឹង​ជាង​១​ពាន់​ដុល្លារ៖ «ពួក​ខ្ញុំ​មក​នេះ គឺ​ទាមទារ​រឿង​លុយ​សំណង​ដែល​នៅ​សល់ បាន​ពេលណា​គឺ​ឲ្យ​ច្បាស់​ជាមួយ​ពួក​ខ្ញុំ ព្រោះ​គាត់​ប្រាប់​ថា ឲ្យ​ខ្ញុំ​ដូច​ជា​ច្រើន​សា​ណាស់​ហើយ ដល់​ពេល​អ៊ីចឹង​ខ្ញុំ​មក​សួរ​គាត់​ឲ្យ​ច្បាស់​ថា ឥឡូវ​លុយ​ដែល​នៅ​សល់​នេះ គាត់​ត្រូវ​ឲ្យ​ខ្ញុំ​ប្រាកដ​ថ្ងៃ​ណាៗ»

លោក ងួន គឹមសេង ឲ្យ​ដឹង​ថា អតីត​បុគ្គលិក​ក្រុមហ៊ុន​ទាំង​អស់​មាន​ចំនួន​ជាង ១​ពាន់​នាក់ (១.០៩២)។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​លើក​នៅ​ក្នុង​អង្គប្រជុំ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា ក្រុមហ៊ុន​​បាន​សង​ប្រាក់​អតីតភាព​ការងារ​ដល់​បុគ្គលិក​មួយ​ចំនួន​គ្រប់​ហើយ នៅ​សល់​តែ​បុគ្គលិក​ជាង ៥០០​នាក់​ទៀត​ដែល​ក្រុមហ៊ុន​នៅ​ជំពាក់ ៣០%។ លោក​ថា ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន សន្យា​សង​ប្រាក់​នោះ​នៅ​ថ្ងៃ​១៦ ខែ​មិថុនា៖ «៥០០​នាក់​ឡើង​យើង​អត់​ដឹង​ទេ ព្រោះ​បុគ្គលិក​យើង​ទាំង​អស់​ជាង ១​ពាន់​នាក់ ប៉ុន្តែ​យើង​រាប់​ទាំង​​អ្នក​យាម​អង់តែន បុគ្គលិក Messenger អី​ហ្នឹង ដែល​ប្រាក់ខែ​គាត់​ចាប់​ពី​កម្រិត​ណា​ចុះ​មក គឺ​គេ​បើក​ឲ្យ​​មុន ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី officer ទៅ​យើង​ត្រូវ​ចាំ​បើក​ជា​សែក»

ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន ឬ​ប្រព័ន្ធ ០១១ បាន​ក្ស័យធន​តាំង​ពី​អំឡុង​ចុង​ឆ្នាំ​២០១២ ហើយ​បាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន ម៉ូប៊ីថែល (Mobitel) គឺ​ប្រព័ន្ធ ០១២ វិញ នៅ​ដើម​ឆ្នាំ​២០១៣។ ​ការ​តវ៉ា​សុំ​បើក​ប្រាក់​អតីតភាព​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន បាន​ធ្វើ​បន្តបន្ទាប់​រហូត​មាន​ការ​ជួយ​សម្រួល​ពី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។