បុគ្គលិកក្រុមហ៊ុន អឹមហ្វូន ជិត ១០០នាក់ បានហែក្បួនទៅតវ៉ាដោយអហិង្សា ចេញពីក្រុមហ៊ុនទៅកាន់ស្ថានទូតសិង្ហបុរី ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ដើម្បីទាមទារឲ្យស្ថាប័ននេះអន្តរាគមន៍ទៅក្រុមហ៊ុន យល់ព្រមផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ ឲ្យស្របតាមច្បាប់ការងារ។
បុគ្គលិកធ្លាប់បម្រើការឲ្យក្រុមហ៊ុន អឹមហ្វូន លោក ប៉ាង វុទ្ធី ប្រាប់ឲ្យដឹងនៅខាងមុខស្ថានទូតសិង្ហបុរី ថា ពួកលោកបានដាក់សំណើទៅស្ថានទូតសិង្ហបុរី កាលពីខែមេសា ដោយស្នើអោយជួយអន្តរាគមន៍ទៅក្រុមហ៊ុន អោយផ្ដល់សំណងទៅតាមច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា ការតវ៉ានៅពេលនេះ គឺជាការទាមទារចម្លើយពីស្ថានទូត។
កាលពីថ្ងៃទី២៧ ខែមេសា បុគ្គលិកក្រុមហ៊ុន អឹមហ្វូន បានដាក់សំណើទៅស្ថានទូតសិង្ហបុរី ដោយបញ្ជាក់ពីការទាមទារទៅក្រុមហ៊ុនមានលក្ខខណ្ឌចំនួន ៦ចំណុច រួមមាន ស្នើផ្ដល់ប្រាក់ជួសជុលការជូនដំណឹងមុន ផ្ដល់ប្រាក់បណ្ដេញចេញពីក្រុមហ៊ុន ផ្ដល់ប្រាក់សងជំងឺចិត្ត ផ្តល់ប្រាក់ជួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់ឈ្នួលចុងក្រោយ។
លោក ប៉ាង វុទ្ធី បន្តថា មកដល់ពេលនេះ សម្ភារៈរបស់ក្រុមហ៊ុនពុំអាចលក់ ដើម្បីយកប្រាក់ទូទាត់អោយពួកគាត់បានឡើយ ដោយសារសម្ភារៈទាំងនោះនៅមានជាប់លក្ខខណ្ឌពាក់ព័ន្ធជាមួយស្ថាប័នមួយចំនួនទៀត មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម។
ក្រុមហ៊ុន អឹមហ្វូន នៅកម្ពុជា ត្រូវស្គាល់ថាជាផ្នែកមួយនៃក្រុមហ៊ុន ថៃខម (ThaiCom) គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធំមួយដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី ឈ្មោះ ស៊ីនីងតុន (Shenington Investment)។
លេខាទី១ នៃស្ថានទូតសិង្ហបុរី អ្នកនាង វេនឌី តេអូ (Wendy Teo) ដែលបានចេញមកជួបក្រុមអ្នកតវ៉ា មានប្រសាសន៍ថា ស្ថានទូតបានចោទសួរក្រុមហ៊ុនពីរឿងនេះ ប៉ុន្តែនៅមិនទាន់មានចម្លើយថាយ៉ាងណានៅឡើយ។ អ្នកនាង វីនឌី តេអូ បានសន្យាថា នឹងសិក្សាពីរឿងនេះបន្ថែមទៀត ដើម្បីរកវិធីសមស្របដោះស្រាយបញ្ហា។
បុគ្គលិកក្រុមហ៊ុន អឹមហ្វូន សរុបជាង ១ពាន់នាក់ នៅក្នុង ២៤ខេត្តក្រុងទូទាំងប្រទេស ដែលមានតួនាទីចាប់ពីកម្មករ រហូតដល់បុគ្គលិកជាន់ខ្ពស់ថ្នាក់នាយកផ្នែក បានរំពឹងទុកថា ស្ថានទូតសិង្ហបុរី នឹងជួយអោយពួកគេទទួលបានសំណង។ សំណងដែលត្រូវផ្ដល់អោយពួកគេសរុបមានតម្លៃជិត ៥លានដុល្លារ ក្នុងនោះជាមធ្យម ពួកគេម្នាក់ៗអាចទទួលបានសំណងពី ៥ពាន់ ទៅ ៦ពាន់ដុល្លារ ទៅតាមអតីតភាពការងាររៀងៗខ្លួន។
ទាក់ទិននឹងការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន ដីកាតុលាការលើកឡើងថា ក្រុមហ៊ុនខាតបង់ទឹកប្រាក់អស់ជាង ៦៧លានដុល្លារ និងបំណុលមានជាង ១២៦លានដុល្លារ ហើយមានសាច់ប្រាក់បណ្ដោះអាសន្នក្នុងដៃតែជិត ៦សែនដុល្លារ។ ប៉ុន្តែតុលាការមិនបានបញ្ជាក់ថា ទ្រព្យសម្បត្តិក្រុមហ៊ុនមានចំនួនប៉ុន្មាននោះទេ។ តុលាការក៏បានបង្គាប់ឲ្យជម្រះបញ្ជីក្រុមហ៊ុនភ្លាមៗ និងតែងតាំងអភិបាលបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងពីការប្រកាសក្ស័យធននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
