មន្ត្រីយោធាទទួលបន្ទុកការពារព្រំដែនខ្មែរជុំវិញប្រាសាទព្រះវិហារ បានច្រានចោលព័ត៌មានដែលថា មានភ្លើងឆេះព្រៃមួយ ហើយរាលដាលឲ្យឆេះឃ្លាំងដែលរក្សាទុកកាំភ្លើង និងគ្រាប់ខ្លះនៅភាគខាងលិចវត្តកែវសិក្ខាគីរីស្វារៈ ជិតប្រាសាទព្រះវិហារ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ ដែលទទួលការពារព្រំដែនខ្មែរជុំវិញប្រាសាទព្រះវិហារ គឺលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោកអះអាងកាលពីរសៀលថ្ងៃច័ន្ទ ទី២១ ខែមីនា ថា មិនមានភ្លើងឆេះព្រៃណារាលទៅឆេះបំផ្លាញឃ្លាំងទុកអាវុធ និងគ្រាប់នៅលើខ្នងភ្នំដងរែក ជិតប្រាសាទព្រះវិហារ នោះទេ។ លោកឧត្តមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែមីនា គឺមានភ្លើងឆេះវាលស្មៅដែលនៅចង្កេះភ្នំជិតប្រាសាទព្រះវិហារ ហើយរាលទៅឆេះរោងស្នាក់នៅរបស់ឆ្មាំការពារប្រាសាទមែន ក៏ប៉ុន្តែរោងនោះមិនមានរក្សាទុកកាំភ្លើង និងគ្រាប់ឡើយ៖ « វាឆេះតាមជើងភ្នំសុទ្ធតែស្មៅ សុទ្ធតែស្លឹកឈើ វារាលមកចង្កេះភ្នំ ទាល់តែវារាលខ្លាំងមកឆេះរោងដែលគេស្នាក់នៅយាមកាមការពារប្រាសាទ »។
ទោះបីជាយ៉ាងណា គេហទំព័រក្នុងស្រុកមួយបានចេញផ្សាយដែលមានទាំងរូបថតភ្លើងឆេះនោះ ថាមានភ្លើងឆេះព្រៃបណ្ដាលឲ្យរាលដាលឆេះទៅដល់ឃ្លាំងស្តុកកាំភ្លើង និងគ្រាប់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅវេលាម៉ោងជាង ១១ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦។ អគ្គីភ័យនោះបានឆេះបំផ្លាញអាវុធ និងគ្រាប់ជាច្រើន។ គេហទំព័រដដែលបានដកស្រង់តាមរបាយការណ៍របស់សមត្ថកិច្ចថា ហេតុការណ៍នេះបានបំផ្លាញអាវុធចំនួន ១១ដើម និងគ្រាប់ចំនួនជាង ២.០០០គ្រាប់ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។