បុគ្គលិក​យាម​អង់តែន​ម៉ូប៊ីតែល​ថា​ប្រាក់​ខែ​មិន​បាន​ច្រើន

បុគ្គលិក​យាម​អង់តែន ម៉ូប៊ីតែល (Mobitel) ច្រើន​ខេត្ត តវ៉ា​ថា​លុយ​ប្រាក់​ខែ​ពួក​គេ​មិន​បាន​ច្រើន ដូច​ដែល​លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីតែល ប្រាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ខេត្ត​កណ្ដាល នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៣ ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​វិទ្យាល័យ​សម្ដេច​តេជោ ហ៊ុន សែន ព្រែក​អំបិល ស្ថិត​ក្នុង​ឃុំ​ត្រើយស្លា លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីតែល បាន​និយាយ​ថា ប្រាក់​ខែ​កម្មករ​យាម​អង់តែន​ទូរស័ព្ទ​ម្នាក់​បាន​ចំនួន ១២០​ដុល្លារ។

បុគ្គលិក​យាម​បង្គោល​ទូរស័ព្ទ​ម៉ូប៊ីតែល នៅ​ខេត្ត​កំពង់ចាម ព្រះសីហនុ កំពង់ធំ ខេត្ត​តាកែវ ជាដើម បាន​តវ៉ា​ថា ការ​ប្រាប់​ផ្ទាល់​មាត់​របស់​ប្រធាន​ក្រុមហ៊ុន ម៉ូប៊ីតែល មិន​ដូច​អ្វី​ដែល​ពួក​គេ​បើក​លុយ​បាន​ប្រចាំ​ខែ​ឡើយ។

ក្រុមហ៊ុន ម៉ូប៊ីតែល មិន​អាច​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ពី​ប្រាក់​ខែ​អ្នក​យាម​បង្គោល​ទូរស័ព្ទ​តាម​ខេត្ត​ទទួល​បាន​ប៉ុន្មាន​ក្នុង​ម្នាក់​ពិត​ប្រាកដ​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា ដោយ​មាន​ការ​ឆ្លើយ​ដាក់​គ្នា និង​ចាំ​សុំ​ច្បាប់​ពី​ថ្នាក់​លើ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។