ការ​ធ្វើ​ចំណាកស្រុក​ធ្វើ​ឲ្យ​ភូមិ​មួយ​ក្លាយ​ជា​ភូមិ​"យាយ​ចាស់​កូនខ្ចី"

0:00 / 0:00

ពលរដ្ឋ​ពេញ​កម្លាំង​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​ព្រៃវែង បាន​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ថៃ។ អ្នក​ខ្លះ​ធ្វើ​ចំណាកស្រុក​ស្រប​ច្បាប់ អ្នក​ខ្លះ​ទៀត ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​តាម​រយៈ​មេខ្យល់។ ភូមិ​នេះ​សព្វថ្ងៃ​ក្លាយ​ជា​ភូមិ​យាយ​ចាស់​មាន​កូន​ខ្ចី ព្រោះ​លោក​យាយ ឬ​លោកតា​ទាំង​នោះ​នៅ​ចាំ​មើល​ចៅៗ ដែល​ឪពុក​ម្ដាយ​របស់​ក្មេង​ទាំង​នោះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់។

«សំឡេង​បំពេ​កូន»៖ នេះ​គ្រាន់តែ​ជា​សំនៀង​ម្ដាយ​បំពេ​កូន​នៅ​ក្នុង​បទ​ចម្រៀង​តែប៉ុណ្ណោះ ប៉ុន្តែ​ក្មេងៗ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ​ព្រៃស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង មិន​បាន​ទទួល​ភាព​កក់ក្ដៅ​ពី​ដើមទ្រូង​ម្ដាយ​របស់​គេ​ទេ។

​ការ​បីបាច់​ថែរក្សា​កុមារ​ទាំង​នោះ​ត្រូវ​ធ្លាក់​បន្ទុក​មក​លើ​ជីដូន​របស់​ពួកគេ​ទៅ​វិញ ខណៈ​ឪពុក​ម្ដាយ​របស់​ក្មេងៗ​ទាំង​នោះ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។ លោក​យាយ​ខ្លះ​បី​ចៅ​ជាប់​ដើម​ទ្រូង​បំពេ​ឲ្យ​គេង លោក​យាយ​ផ្សេង​ទៀត ជិះ​កង់​ដឹក​ចៅ​មក​ទិញ​ចំណី​នៅ​ផ្សារ។

លោកស្រី ផេង ស្រឿន មាន​អាយុ ៦៤​ឆ្នាំ ដែល​សព្វថ្ងៃ​កំពុង​មើលថែ​ចៅ ព្រោះ​ឪពុក​ម្ដាយ​របស់​គេ​ដែល​ជា​ក្មួយ​របស់​លោកស្រី​ចំនួន ១៤​នាក់ ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ទាំង​អស់។ លោកស្រី​ប្រាប់​មូលហេតុ​ដែល​លោកស្រី​សម្រេច​ឲ្យ​ក្មួយ​ទៅ​ធ្វើ​ការងារ​នៅ​ស្រុក​គេ ព្រោះ​នៅ​ស្រុក​កំណើត​មិន​ដឹង​ធ្វើ​អី៖ «មូលហេតុ​ដែល​ខ្ញុំ​ឲ្យ​ទៅ ព្រោះ​មិន​ដឹង​ថា ស្រុក​ខ្មែរ​រក​ស៊ី​អី កូន​មើល​ចុះ​ដី​មាន​តែ ១០​ម៉ែត្រ ឬ​មួយ ២០​ម៉ែត្រ រដ្ឋាភិបាល​អត់​មាន​ជួយ​គិត។ បើ​យើង​មាន​អត់​លុយ​ចាយ អត់​មាន​បាយ​ហូប តើ​យើង​នៅ​ស្រុក​ធ្វើ​អី»

លោកស្រី​បន្ត​ទៀត ដោយសារ​ការ​បំពេញ​បែបបទ​តាម​ផ្លូវ​ច្បាប់​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន និង​ចំណាយ​ពេល​វេលា​ច្រើន។ ក្មួយ​របស់​លោកស្រី​ខ្លះ​ទៅ​តាម​រយៈ​មេខ្យល់ ក៏​មាន​ក្មួយ​ពីរ​នាក់​កំពុង​ជាប់​គុក​នៅ​ប្រទេស​ថៃ៖ «ទៅ​តាម​គេ​ណា! ក្មួយ​មួយ​នោះ​ជាប់​គុក ៤​ខែ ហី​មួយ​នោះ​ទៀត​ជាប់​គុក ៣​ឆ្នាំ​ហើយ។ ខ្ញុំ​ផ្ញើ​លុយ​ចាយ​រាល់​ខែ ក្នុង​មួយ​ខែ​មួយ​ពាន់ ឬ​ពីរ​ពាន់​បាត។ សុំ​លុយ​កូន​ចៅ​ផ្ញើ​ទៅ​ហើយ»

ពលរដ្ឋ​នៅ​ភូមិ​ព្រៃស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​នៅ​មើល​ថែ​ចៅ ព្រោះ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦
ពលរដ្ឋ​នៅ​ភូមិ​ព្រៃស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​នៅ​មើល​ថែ​ចៅ ព្រោះ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦ (RFA/Brach Chev)

​ក្រុម​ពលរដ្ឋ​ឲ្យ​ដឹង​ថា ដើម្បី​អាច​ធ្វើ​លិខិត​ឆ្លងដែន ពួកគេ​ត្រូវ​ចំណាយ​លុយ​ជាង ២០០​ដុល្លារ និង​ត្រូវ​ចំណាយ​ពេល​ជាង​ពីរ​ខែ។

តាម​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ភូមិ​ជាប់​ព្រំដែន​នឹង​ប្រទេស​វៀតណាម មួយ​នេះ មាន​ពលរដ្ឋ​ជាង ១.៧០០​គ្រួសារ សព្វថ្ងៃ​ពលរដ្ឋ​ជាង ៧០​ភាគរយ​នៃ​ពលរដ្ឋ​សរុប​បាន​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ។ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​ធ្វើ​ចំណាកស្រុក​សង្កេត​ឃើញ​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​ចំណាក​ស្រុក​នៅ​តែ​បន្ត​កើន​ឡើង។

មាន​ចៅ​ពរ​ជាប់​នឹង​ដៃ លោកស្រី ប៉ូ សារ៉ន ពលរដ្ឋ​មួយ​រូប​ទៀត រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា កូនស្រី​ទាំង ៩​នាក់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​អស់។ លោកស្រី​ថា អាណិត​កូន​ពេល​រត់​ឆ្លងដែន​ម្ដងៗ ព្រោះ​ក្រុម​តម្រូវ​ថៃ ដេញ​បាញ់៖ «អាណិត​កូន​ខ្លោច​ចិត្ត​ហើយ ពេល​ភ្លៀង​ពេល​ផ្គរ​ម្ដងៗ​ខ្ញុំ​យំ អាណិត​កូន ត្រូវ​ទាហាន​ដេញ​បាញ់។ កូន​ខ្ញុំ​ទ្រហោ​យំ ខ្ញុំ​ក៏​យំ​ដែរ ខ្ញុំ​ដឹង ព្រោះ​កូន​ទូរស័ព្ទ​ប្រាប់»

​យាយ​ចាស់​កូន​ខ្ចី​រូប​នេះ ព្រួយ​បារម្ភ​ថា ចៅៗ​របស់​លោកស្រី​មិន​អាច​រៀន​សូត្រ​បាន​ចប់​សព្វ​គ្រប់ ព្រោះ​លោកស្រី​មាន​វ័យ​កាន់​តែ​ចាស់ កូនៗ​លោកស្រី​ក៏​មិន​ដឹង​ថា ថ្ងៃ​ណា​ពួកគេ​មក​ស្រុក​ខ្មែរ​វិញ។

ស្រដៀង​គ្នា​នឹង​ករណី​កូន​លោកស្រី ប៉ូ សារ៉ន ជា​ញឹកញាប់​សារព័ត៌មាន​តែង​ចុះផ្សាយ​ពី​ការ​បាញ់​សម្លាប់ ឬ​វាយ​ការ​ធ្វើ​បាប​របស់​តម្រួត​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ នៅ​ពេល​គេ​ចាប់​បាន​ពេល​ឆ្លង​ចូល​ព្រំដែន​ប្រទេស​ថៃ។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​ទៀត ដែល​មាន​ជិត ៥០​ម៉ឺន​នាក់ ក្នុង​នោះ​ពលករ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ឬ​ហៅ​ថា ពលរដ្ឋ​ចំណាក​ស្រុក​ខុស​ច្បាប់​មាន​ជាង ៣០​ម៉ឺន​នាក់។ ប៉ុន្តែ​សង្គម​ស៊ីវិល​ថា ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​មាន​ជាង ១​លាន​នាក់។

ពលរដ្ឋ​នៅ​ភូមិ​ព្រៃស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​នៅ​មើល​ថែ​ចៅ ព្រោះ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦
ពលរដ្ឋ​នៅ​ភូមិ​ព្រៃស្លា ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​នៅ​មើល​ថែ​ចៅ ព្រោះ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៦ (RFA/Brach Chev)

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ដែល​បាន​ចុះ​ទៅ​សិក្សា​ដល់​ភូមិ ស្រុក ខេត្ត​ព្រៃវែង សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​ទី​នេះ​ធ្វើ​ស្រែ​មិន​បាន​ផល ចំណែក​ជី​គីមី​មាន​តម្លៃ​ខ្ពស់ ពលរដ្ឋ​ក្រីក្រ​គ្មាន​ការងារ​ធ្វើ​ជា​ដើម។ ក្រៅ​ពី​នេះ លោក កែម ឡី បន្ត​ទៀត​ថា នៅ​ពេល​ពលរដ្ឋ​ធ្វើ​ស្រែ​មិន​បាន​ផល គឺ​ត្រូវ​ជំពាក់​បំណុល​កាន់​ច្រើន៖ «ភាគ​ច្រើន​យុវជន​គាត់​ចំណាក​ស្រុក​គាត់​ទុក​កូនៗ​នៅ​ស្រុក​ឲ្យ​យាយៗ តាៗ​ជួយ​មើល ជា​បន្ទុក​មួយ។ បើ​កូន​នោះ​ផ្ញើ​លុយ​មក​មិន​អី​ទេ ប៉ុន្តែ​បើ​កូន​ខ្លះ​គាត់​អត់​មាន​លទ្ធភាព​ផ្ញើ​លុយ​មក​ទេ យាយ​តា​នោះ​លំបាក​ជាមួយ​ចៅ​ហើយ ដែល​នេះ​ហើយ​ទាក់ទង​ការ​អប់រំ»

​លោក កែម ឡី ព្រួយ​បារម្ភ​ថា ក្មេងៗ​ដែល​ឪពុក​ម្ដាយ​ធ្វើ​ចំណាកស្រុក ប្រឈម​បញ្ហា​មិន​ទទួល​បាន​ការ​សិក្សា​គ្រប់គ្រាន់​ដូច​កុមារ​ដែល​មាន​ឪពុក​ម្ដាយ​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក។

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដែល​ថ្លែង​ក្នុង​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិ​ស្ដីពី​ការ​អនុម័ត​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦-​២០១៨ ថា​ក្នុង​ឆ្នាំ​២០១៦ នេះ ប្រជាជន​ជាង ៩៩​ភាគរយ មាន​ការងារ​ធ្វើ​អត្រា​អត់​ការងារ​ធ្វើ​មាន​តែ ០,៧​ភាគរយ​ប៉ុណ្ណោះ។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ថ្លែង​ថា ការ​ចំណាកស្រុក​មិន​មែន​ជា​ចំណុច​អវិជ្ជមាន​ទេ ប្រសិនបើ​មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​ថា ចំណាក​ស្រុក​ខុស​ច្បាប់​គឺ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​ពលករ៖ «ចំណាកស្រុក​មិន​មែន​ជា​ចំណុច​អវិជ្ជមាន​ទេ បើ​គ្រប់គ្រង​បាន​ល្អ​ហើយ​ពេល​នេះ​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​កំពុង​ប្រកួត​គ្នា​ដើម្បី​មាន​ការ​ផ្លាស់ប្ដូរ​កម្លាំង​ពលកម្ម»

​ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំណាកស្រុក​មួយ​ចំនួន ជាពិសេស​ពលករ​ចំណាកស្រុក​ខុស​ច្បាប់ ត្រូវ​បាន​ឈ្មួញ​ជួញដូរ​កម្លាំង​ពលកម្ម ការ​លក់​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ត្រូវ​ជាប់​ពន្ធនាគារ ថៅកែ​ជំពាក់​ប្រាក់ខែ​មិន​សង ឬ​ក៏​ត្រូវ​ឈ្មួញ​ប្រើ​ឲ្យ​ទៅ​នេសាទ​នៅ​កណ្ដាល​សមុទ្រ​ដែល​ប្រឈម​ការ​បាត់​បង់ជីវិត។

លោក​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ក្រុមហ៊ុន​បញ្ជូន​ពលករ​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ក៏​ជា​កត្តា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឈម​ការ​ជួញដូរ​ដែរ៖ «យើង​អត់​ទាន់​និយាយ​ពី​ការ​បែកបាក់​ក្រុម​គ្រួសារ សាច់ញាតិ​ដែល​រំពឹង​ថា ត្រឡប់​មក​វិញ​នោះ​តើ​ឪពុក​ម្ដាយ​គាត់​ត្រូវ​ឈឺ​ចាប់​យ៉ាង​ណា មិនមែន​តែ​ប្រាក់​ចំណេញ​តែមួយ​មុខ​អាច​បង្កើត​ផល​ចំណេញ​របស់​ជាតិ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​យើង​ត្រូវ​អំពី​ផល​ប៉ះពាល់​ផ្នែក​សង្គម ដូចជា​ការ​រំលោភ​សិទ្ធិ ការ​ជំពាក់​បំណុល ការ​ជួញដូរ​មនុស្ស​ជាដើម»

​ទាំង​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ស្នើ​ទៅ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ឲ្យ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និង​ពង្រឹង​វិស័យ​កសិកម្ម។ សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល​មិន​គិតគូរ​រឿង​នេះ​ទេ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​កាន់​តែ​ច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។