មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ បានអះអាងថា ការរៀបចំពិធីអបអរសាទរឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៥ នាខេត្តជាប់មាត់សមុទ្រមួយនេះ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាជាង ១១ម៉ឺននាក់។ ក្នុងនោះ សមត្ថកិច្ចជំនាញក៏បានឲ្យដឹងថា បញ្ហាសន្តិសុខ គឺអាចរក្សាសុវត្ថិភាពជូនភ្ញៀវបានល្អ។
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា កម្មវិធីប្រគំតន្ត្រីសម័យ ឬតាំងពិព័រណ៍ស្តង់លក់ទំនិញផ្សេងៗនាតំបន់ឆ្នេរអូរឈើទាល ដើម្បីស្វាគមន៍ឆ្លងឆ្នាំសកលឆ្នាំ២០១៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីផ្តល់ឱកាសសប្បាយរីករាយជូនភ្ញៀវទេសចរ មានមនុស្សចូលរួមលើសពីការរំពឹងទុក។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា ខេត្តជាប់មាត់សមុទ្រមួយនេះមានសណ្ឋាគារចំនួន៥៦ និងផ្ទះសំណាក់ជាង២០០ ហើយមានបន្ទប់សរុបចំនួនជិត ៣ពាន់បន្ទប់។ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីឆ្លងឆ្នាំ មិនមានបន្ទប់សណ្ឋាគារ ឬផ្ទះសំណាក់នៅសេសសល់ទេ បើទោះជាបានដំឡើងតម្លៃគុណទ្វេដងបែបណាក្តី។
ចំនួនភ្ញៀវទេសចរសរុបដែលចូលមកទស្សនាខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំសកល២០១៥ មានចំនួនជាង ១១ម៉ឺន ៥រយនាក់ (១១០.៥២៦នាក់)។ ក្នុងនោះ ភ្ញៀវជាតិមាន ៩៦.៧១១នាក់ និងភ្ញៀវអន្តរជាតិមានចំនួនជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៨១៥នាក់)។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរអាចនឹងកើនច្រើនថែមទៀតនៅក្នុងពិធីបុណ្យជាតិធំៗ ឬពិធីឆ្លងឆ្នាំនាពេលខាងមុខ បើក្រុមអាជីវករដែលជាម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងប្រកបរបរសេវាកម្មលក់ម្ហូបអាហារជាដើម អនុវត្តបានត្រឹមត្រូវទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរទេសចរណ៍។
មន្ត្រីមន្ទីរទេសចរណ៍រូបនេះមិនគាំទ្រទេ ចំពោះការដំឡើងតម្លៃសេវាស្នាក់នៅរបស់ម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ទាំងឡាយណាដែលដំឡើងតម្លៃខ្ពស់កប់ពពក ក្នុងអំឡុងពេលឆ្លងឆ្នាំសកលឆ្នាំ២០១៥ ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ដែលចង់មកកម្សាន្តសប្បាយខេត្តជាប់មាត់សមុទ្រមួយនេះ៖ «វាមានដំណើរការល្អណាស់ចំពោះការរៀបចំពិធីឆ្លងឆ្នាំសកល២០១៥ ឆ្នាំនេះ ព្រោះចំនួនភ្ញៀវទេសចរដែលបានចូលមកទស្សនាខេត្តព្រះសីហនុ មានចំនួនកើនច្រើន ជាពិសេសនៅថ្ងៃទី៣១ ខែធ្នូ គឺមានភ្ញៀវកកកុញច្រើន។ ជាងនេះ រាល់ស្តង់តាំងពិព័រណ៍លក់ទំនិញនានា គឺមានភ្ញៀវទេសចរចូលមកទិញផលិតផលម្ហូបអាហារផ្សេងៗនៅតាមឆ្នេរ និងធ្វើឲ្យបងប្អូនអាជីវករដែលរកទទួលទានសេវាកម្មនេះ ក៏មានការសប្បាយចិត្ត»។
លោកថា ការដំឡើងតម្លៃសេវាស្នាក់នៅ ឬថ្លៃម្ហូបអាហាររបស់អ្នកបម្រើសេវាកម្មទេសចរណ៍នាខេត្តព្រះសីហនុ គឺបានអនុវត្តផ្ទុយទៅនឹងសេចក្តីណែនាំរបស់អាជ្ញាធរពាក់ព័ន្ធខេត្ត។ ហើយថា ទង្វើរបៀបនេះ នឹងអាចប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះ។ លោក នូ សុផល ស្នើដល់ម្ចាស់ប្រកបរបរបម្រើសេវាកម្មទេសចរណ៍ទាំងអស់នាខេត្តព្រះសីហនុ ឲ្យពិចារណាចំពោះតម្លៃសេវាឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការខាតបង់ចំណូលរបស់ខ្លួនពីការធ្លាក់ចុះកំណើនភ្ញៀវទេសចរនាថ្ងៃខាងមុខ៖ «អាជីវករខ្លះគាត់ឆ្លៀតពេលមានបុណ្យទានហ្នឹង គាត់ក៏បានលួចដំឡើងតម្លៃថ្លៃជួយបន្ទប់សណ្ឋាគារ ផ្ទះសំណាក់របស់គាត់ដោយឯកឯង។ ហើយការដំឡើងតម្លៃសេវាតាមទំនើងចិត្តរបស់ក្រុមអាជីវករខ្លះ នឹងអាចប៉ះពាល់ទីផ្សារទេសចរណ៍ខេត្តព្រះសីហនុ ទាំងមូល»។
យ៉ាងណាក៏ដោយ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានមោទនភាពថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៥ ដែលអាជ្ញាធរខេត្តសហការរៀបចំជាមួយប្រធានសភាពាណិជ្ជកម្មខេត្ត ដើម្បីផ្តល់ការសប្បាយរីករាយដល់ភ្ញៀវទេសចររយៈពេល ៣ថ្ងៃមកនេះ ទទួលបានជោគជ័យខ្ពស់។ លោកថា ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលរំពឹងមានចំនួនជិត ១០ម៉ឺននាក់ ប៉ុន្តែចំនួននេះបានកើនរហូតដល់ជាង ១១ម៉ឺននាក់។ លោកបន្តថា ទិសដៅទៅថ្ងៃអនាគតមិនថាតែពិធីឆ្លងឆ្នាំសកលទេ អាជ្ញាធរខេត្តនឹងបង្កើតឲ្យមានការសប្បាយផ្តល់ជូនភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត នៅក្នុងពិធីបុណ្យជាតិធំៗ៖ «ខ្ញុំគិតថា ពិធីអបអរឆ្លងឆ្នាំសកល២០១៥ ទទួលជោគជ័យ ព្រោះមានភ្ញៀវទេសចរចូលមកទស្សនាមានចំនួនច្រើន គឺកើនពីការរំពឹងទុកជិត ១០ម៉ឺន កើនរហូតដល់ជាង ១១ម៉ឺន ៥០០នាក់»។
ទាក់ទិនបញ្ហានេះដែរ លោក សុខ សុង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានប្រសាសន៍ថា ពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៥ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ គឺទទួលបានជោគជ័យបំផុត។ លោកបន្តថា កម្មវិធីឆ្លងឆ្នាំសកលទទួលបានជោគជ័យ ក៏ដោយសារតែមានការចូលរួមសហការដោយការទទួលខុសត្រូវខ្ពស់ពីមន្ត្រីជំនាញពាក់ព័ន្ធ នាខេត្តព្រះសីហនុ និងជាពិសេសមានការជួយការពារសុវត្ថិភាពសន្តិសុខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ជំនាញ ដោយការទទួលខុសត្រូវខ្ពស់៖ «កម្មវិធីហ្នឹងបើប៉ះពាល់ពលរដ្ឋ គឺប៉ះពាល់បន្តិចបន្តួចពីការកកស្ទះទេ ប៉ុន្តែទៅថ្ងៃអនាគត គឺពលរដ្ឋខេត្តព្រះសីហនុ នឹងបានទទួលចំណូលពីការរៀបចំកម្មវិធីនេះច្រើនទៀត»។
ចំណែក លោក ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា បញ្ហាការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវដែលចូលមកកម្សាន្ត និងឆ្លងឆ្នាំសកល២០១៥ នាខេត្តព្រះសីហនុ គឺមានដំណើរការល្អ និងមិនមានបញ្ហាអសន្តិសុខកើតឡើងទេ។ លោកបន្តថា ករណីនេះកម្លាំងនគរបាល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថ ពង្រាយកម្លាំង និងល្បាតទាំងក្នុងបរិវេណរៀបចំពិធី និងតាមគោលដៅនានា ដែលមានភ្ញៀវទេសចរចូលទៅកម្សាន្ត៖ «មានស្ទះចរាចរណ៍ខ្លះនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ប៉ុន្តែកងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានសហការគ្នាបញ្ចៀសការកកស្ទះឡើងវិញ។ ហើយបញ្ហាសន្តិសុខវិញ គឺមិនជួបបញ្ហាអសន្តិសុខអ្វីកើតឡើងទេ»។
លោក ឈិត សុខុន បានបង្ហាញអារម្មណ៍រីករាយ កាលបើកម្មវិធីស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៥ ទទួលបានការសាទរពីប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជាមួយសំឡេងហ៊ោកញ្ជ្រៀវ ដោយមានសកម្មភាពបង្ហោះគោម ប៉េងប៉ោង និងបាញ់កាំជ្រួចរាប់ពាន់ដើម ដើម្បីស្វាគមន៍កក្រើកទឹកសមុទ្រនៃឆ្នេរអូរឈើទាល នៅមុនម៉ោង ១២យប់ ឆ្លងចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៥។ អភិបាលរូបនេះថ្លែងថា គោលបំណងចម្បងនៃការរៀបចំពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៥ នាខេត្តព្រះសីហនុ គឺដើម្បីចង់ផ្តល់ភាពរីករាយជូនពលរដ្ឋ ឬជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះបានកាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។