ពលរដ្ឋ​នៅ​ស្វាយរៀង​អះអាង​មាន​ការ​នាំ​ម៉ូតូ​គេច​ពន្ធ​មក​ពី​វៀតណាម

ម៉ូតូ​គេច​ពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​លួច​នាំ​ចូល​មក​កម្ពុជា យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។ ពលរដ្ឋ​នៅ​នេះ​អះអាង​ថា យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ថ្ងៃ​​មាន​មនុស្ស​ជិះ​ម៉ូតូ​គេច​ពន្ធ​ឆ្លង​កាត់​ខេត្ត​នេះ យក​ទៅ​លក់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ មាន​ចំនួន​ពី ៣០ ទៅ ៤០​គ្រឿង​ដែរ។

0:00 / 0:00

អ្នក​ភូមិ​នៅ​ខេត្ត​ស្វាយរៀង​ បាន​រៀបរាប់​ថា ម៉ូតូ​ដែល​គេ​បាន​លួច​នាំ​ចូល​គេច​ពន្ធ​ទាំង​នោះ​ ភាគ​ច្រើន​ជា​ប្រភេទ​ម៉ូតូ​ម៉ាក វ៉េវ (Wave) សាលូត (Salut) ឆ្លាម (Chlam) និង​ម៉ាក អ៊ែ.អែស.អ៊ិច (RSX) របស់​ក្រុមហ៊ុន​ហុងដា (HONDA) និង យ៉ាម៉ាហា (YAMAHA) ផលិត​នៅ​ប្រទេស​វៀតណាម។ ម៉ូតូ​ទាំង​នោះ​ត្រូវ​បាន​គេ​លួច​នាំ​ចូល​តាម​ច្រក​របៀង​នានា​នៅ​ស្រុក​ចន្ទ្រា រួច​គេ​យក​មក​លាក់​ទុក​នៅ​ស្រុក​ស្វាយទាប រក​ឱកាស​ល្អ​ដើម្បី​បញ្ជូន​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​អ្នក​ឃើញ​សកម្មភាព​រត់​ពន្ធ​ម៉ូតូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ភូមិ​អំពៅព្រៃ ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ តុលា ថា ក្រុម​អាជីវករ​នាំ​ម៉ូតូ​គេច​ពន្ធ​ ភាគ​ច្រើន​មាន​ទី​តាំង​នៅ​ផ្ដុំ​ផ្សារ​ប្រសូត្រ ក្នុង​ស្រុក​ស្វាយទាប រួច​ជួល​អ្នក​ភូមិ​ជិះ​រំលៀង​តាម​ផ្លូវ​ជាតិ​លេខ​១ តម្រង់​ទៅ​ខេត្ត​ស្វាយរៀង រួច​បត់​ឆ្លង​កាត់​តាម​ស្រុក​រមាសហែក ឆ្ពោះ​ទៅ​ខេត្ត​កំពង់ចាម។

ពលរដ្ឋ​មិន​បញ្ចេញ​ឈ្មោះ៖ «ធ្លាប់​នៅ​ជិត​ខាង​ហ្នឹង​ដែល​មក​សាក​សួរ​គាត់​ក្នុង​ម៉ូតូ​មួយ​តម្លៃ ៣​ម៉ឺន​រៀល ហ្នឹង​កាត់​សោហ៊ុយ​ចាយ​វាយ​ស្អី​ទាំង​អស់ គឺ​លើ​ថៅកែ​ជា​អ្នក​ចេញ។ ៣​ម៉ឺន​រៀល​ហ្នឹង​រត់​ពី​ស្វាយរៀង​យើង​ហ្នឹង ទៅ​ដល់​ខេត្ត​កំពង់ចាម គេ​ទៅ​ប្រហែល ៣ ទៅ ៤​ម៉ោង​ទៅ​ដល់​ហើយ។ មួយ​ថ្ងៃ​បើ​គេ​រត់​ខំ​គេ​អាច​បាន​ពីរ​ជើង បើ​គេ​រត់​មិន​ខំ​ទេ​បាន​មួយ​ជើង។ គេ​ជិះ​តាម​ម៉ូតូ​មួយ​ម្នាក់​ទៅ​នាំ​គ្នា​ជិះ​ទៅ​ ជួន​កាល​មួយ​ខ្សែ​មាន ៥​គ្រឿង ៦​គ្រឿង ឬ​មាន ១​គ្រឿង ២​គ្រឿង អ៊ីចឹង​ជា​បន្ត​បន្ទាប់»

ចំណែក​ឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ស្រុក​ស្វាយទាប ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ដែរ​ថា តម្លៃ​ម៉ូតូ​នាំ​ចូល​គេច​ពន្ធ​ពី​វៀតណាម​ ក្នុង​មួយ​គ្រឿង​ពី ៤០០ ទៅ ៨០០​ដុល្លារ ហើយ​តម្លៃ​ម៉ូតូ​ទាំង​នោះ​ទាប​ខ្ពស់​ទៅ​តាម​សេរី​​របស់​ម៉ូតូ៖ «គេ​មាន​ផ្ទះ មាន​ម៉ូយ​របស់​គេ​នៅ​ស្មរ ដូច​ថា​ខ្ញុំ​នៅ​កណ្ដៀងរាយ អ៊ីចេះ​មាន​ម៉ូតូ​ចោល​តាម​ច្រក​ហ្នឹង​មក​គេ មាន​គេ​ទិញ​ទុក គេ​មាន​ម៉ូយ​របស់​វា យួន​វា​យក​ពី​ស្រុក​យួន​ហ្នឹង​មក គេ​យក​មក​លក់​ឲ្យ​ខ្មែរ​ផ្ទះ​ហ្នឹង​ទៅ។ យើង​ខ្មែរ​មាន​ម៉ូយ​អ៊ីចឹង​ទៅ ដូច​ថា​មាន​ម៉ូយ​នៅ​ប្រសូត នៅ​ស្វាយរៀង នៅ​ជីភូ ដល់​ហើយ​គេ​តេ​ប្រាប់​ម៉ូយ​គេ​ថា មាន​ម៉ូតូ នេះ ២​គ្រឿង ៣​គ្រឿង ទើប​តែ​ឡើង​មក​ព្រឹក​មិញ ហើយ​ត្រូវ​ការ​គេ​ទិញ គេ​និយាយ​​ភិនភាគ​ថា ម៉ូតូ​នៅ​ស្អាត​នៅ​អី រួច​គេ​ឲ្យ​កូន​ចៅ​គេ​ឡើង​ទៅ​យក»

លោក​បន្ត​ថា អ្នក​ជិះ​ម៉ូតូ​គេច​ពន្ធ​រត់​ទៅ​តាម​បណ្ដា​ខេត្ត​ គេ​ច្រើន​ធ្វើ​សកម្មភាព​ចន្លោះ​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ រហូត​ដល់​ម៉ោង​ប្រមាណ ៨​ព្រឹក គេ​ជិះ​តម្រៀប​បន្ត​កន្ទុយ​គ្នា​ដូច​ហែ​កឋិន។ លោក​ថា សកម្មភាព​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​អ្នក​ជិះ​ម៉ូតូ​ត្រូវ​បង់​ប្រាក់​ក្នុង​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉ូលិស​ កន្លែង​ខ្លះ​ ២​ពាន់ ទៅ ៤​ពាន់​រៀល ក្នុង​ម៉ូតូ​មួយ​គ្រឿង។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់​ទង​ប៉ូលិស​ច្រក​ព្រំដែន​​នៅ​​ស្រុក​ចន្ទ្រា​ និង​មន្ត្រី​គយ​ខេត្ត​ស្វាយរៀង ដើម្បី​បក​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ​តុលា។ ប៉ុន្តែ​អធិការ​ស្រុក​ស្វាយទាប លោក ដាំ ឃា ថ្លែង​ថា អាជ្ញាធរ​ប៉ូលិស​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ជុំវិញ​ការ​រត់​ម៉ូតូ​គេច​ពន្ធ​មក​ស្តុក​ទុក​នៅ​ស្រុក​ស្វាយទាប នៅ​ឡើយ៖ «អត់​មាន​ផង ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​ឲ្យ​ណាស់!»

​សកម្មភាព​លួច​នាំ​ម៉ូតូ​​ពី​ប្រទេស​វៀតណាម គេច​ពន្ធ​ចូល​កម្ពុជា​ ក្នុង​មួយ​ថ្ងៃ​​មាន​ប្រមាណ​ពី​ ៣០​ទៅ ៤០​គ្រឿង។ សកម្មភាព​នេះ​បាន​កើត​ឡើង​តាំង​ពី​មុន​បោះ​ឆ្នោត​សភា​តំណាងរាស្ត្រ​នីតិកាល​ទី​៥​មក​ម្ល៉េះ។ ប៉ុន្តែ​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​អើពើ បណ្ដោយ​ឲ្យ​ឈ្មួញ​ឱកាស​និយម​ធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ជា​បន្តបន្ទាប់។ បញ្ហា​នេះ​បង្ក​ឲ្យ​មាន​ការ​​បាត់​បង់​ដល់​ចំណូល​ថវិកា​ជាតិ​ជា​ច្រើន​ម៉ឺន​ដុល្លារ។ ដូច​នេះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ការពារ​សកម្មភាព​លួច​នាំ​ម៉ូតូ​គេច​ពន្ធ​កុំ​ឲ្យ​មាន​សកម្មភាព​បន្ត​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។