
បុគ្គលិកសន្តិសុខនៃក្រុមហ៊ុនឯកជនមួយ នាំគ្នាតវ៉ាដើម្បីទទួលបានប្រាក់ខែចុងក្រោយ។ បុគ្គលិកទាំងនោះអះអាងថា ពួកគាត់បានខិតខំធ្វើការ ក៏ប៉ុន្តែក្រុមហ៊ុនមិនព្រមបើកប្រាក់ឲ្យ។ តំណាងក្រុមហ៊ុនពន្យល់ថា បុគ្គលិកទាំងនេះមិនបានដាក់ពាក្យឈប់ មុននឹងទៅធ្វើការនៅកន្លែងថ្មីនោះទេ។
បុគ្គលិកធ្វើការនៅក្រុមហ៊ុនសន្តិសុខ អឹម.ភី.អេ (MPA) ចំនួន ៩នាក់ នៅថ្ងៃទី៨ ខែតុលា នាំគ្នាតវ៉ានៅមុខទីស្នាក់ការក្រុមហ៊ុន ទាមទារឲ្យក្រុមហ៊ុនបើកប្រាក់បៀវត្សរ៍ចុងក្រោយរបស់ពួកគាត់។ បុគ្គលិកទាំងនេះអះអាងថា ពួកគាត់បានខិតខំធ្វើការដោយមិនឈប់សម្រាករយៈពេលពេញមួយខែកញ្ញា ជូនក្រុមហ៊ុន ក៏ប៉ុន្តែមកដល់ថ្ងៃទី៧ ខែតុលា បុគ្គលិកទាំង ៩នេះ នៅមិនទាន់ទទួលបានប្រាក់បៀវត្សរ៍សម្រាប់ខែកញ្ញា នៅឡើយទេ។
លោក ម៉ន សុភា តំណាងអ្នកតវ៉ារៀបរាប់ថា ពួកគាត់រស់នៅពឹងលើប្រាក់ខែនេះ ដើម្បីបង់ថ្លៃផ្ទះ ការចំណាយនានា និងសង្ឃឹមលើប្រាក់ខែនេះ ដើម្បីចំណាយពេលបុណ្យភ្ជុំបិណ្ឌ។ លោកបន្តថា ការអាក់ខានរបស់ក្រុមហ៊ុនដែលមិនបើកប្រាក់ខែឲ្យពួកគាត់នេះ ជាទង្វើផ្ទុយទៅនឹងច្បាប់ការងារ៖ «បាទ! ជាទង្វើខុសច្បាប់។ ខ្ញុំបានធ្វើការឲ្យក្រុមហ៊ុន អឹម.ភី.អេ ហ្នឹងមួយខែពេញ។ ចឹងលុយសម្រាប់ពួកខ្ញុំ គួរតែបាន ដោយសារខាងអតិថិជនបានវេរលុយ (ថ្លៃសេវា) ឲ្យក្រុមហ៊ុនហើយដែរ»។
ក៏ប៉ុន្តែ មន្ត្រីគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុន អឹម.ភី.អេ លោក ស៊ុប អារីហ្វីន ច្រានចោលការលើកឡើងនេះ។ លោកថា ក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យបុគ្គលិកទាំងនេះ ព្រោះពួកគាត់បានទៅធ្វើការនៅកន្លែងថ្មី ខណៈដែលពួកគេមិនទាន់បញ្ចប់កិច្ចសន្យាការងារ និងមិនបានដាក់ពាក្យសុំឈប់នៅឡើយ។
តំណាងបុគ្គលិកតវ៉ា លោក ម៉ន សុភា ដែលបានធ្វើការនៅក្រុមហ៊ុននេះអស់រយៈពេល ១០ឆ្នាំនោះ ឆ្លើយតបថា ក្រុមបុគ្គលិកបានដាក់ពាក្យសុំឈប់រយៈពេល ២អាទិត្យ មុនពេលដែលពួកគាត់ទៅធ្វើការនៅកន្លែងថ្មី។ លោកថា ខាងក្រុមហ៊ុនបដិសេធមិនព្រមទទួលពាក្យសុំឈប់របស់ពួកលោកទេ ដោយគំរាមលោកថា បើពួកលោកហ៊ានឈប់ ក្រុមហ៊ុននឹងមិនបើកប្រាក់ខែឲ្យ៖ «ក្រុមហ៊ុន អឹម.ភី.អេ បើដឹងថាពួកខ្ញុំទៅធ្វើការកន្លែងថ្មី ក៏មិនបើកលុយឲ្យពួកខ្ញុំដែរ ព្រោះពីមុនមក ពួកគាត់ធ្វើចឹង។ បើមានបញ្ហាអាប់សង់ (អវត្តមាន) អ៊ីចឹង គឺពួកគាត់បញ្ឈប់ ហើយអត់បើកលុយឲ្យគេទៀត»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា លើកឡើងថា ក្រុមហ៊ុនគ្មានសិទ្ធិហាមឃាត់មិនឲ្យបុគ្គលិកសុំឈប់នោះទេ។ លោកពន្យល់ថា តាមច្បាប់ការងារ ប្រសិនបើបុគ្គលិកបានអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវ ក្រុមហ៊ុនត្រូវផ្ដល់ប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតជូនបុគ្គលិក៖ «និយោជក (ថៅកែ) ត្រូវសម្រួលដល់កម្មករនិយោជិកកម្មករ បានឈប់ដោយស្រួល ហើយមានសំណងចុងក្រោយ នៅពេលគាត់បានគោរពតាមកិច្ចសន្យាការងារហើយ»។
លោក អារីហ្វីន ថ្លែងថា មេធាវីក្រុមហ៊ុនរបស់លោក នឹងធ្វើការចរចាជាមួយបុគ្គលិកដែលធ្វើការតវ៉ានេះ ដើម្បីរកដំណោះស្រាយ កុំឲ្យមានវិវាទរវាងក្រុមហ៊ុន និងបុគ្គលិក។ លោកថា ក្រុមហ៊ុននឹងផ្ដល់ប្រាក់ខែចុងក្រោយនេះដល់ពួកគាត់៖ «មកថ្មើរនេះ ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងបុគ្គលិក ដើម្បីធ្វើយ៉ាងម៉េចរកវិធីកុំឲ្យមានបញ្ហារវាងក្រុមហ៊ុន និងពួកគាត់។ ពួកខ្ញុំមិនទាន់បានជួបគ្នា ដើម្បីពិភាក្សាជាក់លាក់នៅឡើយ»។
តំណាងបុគ្គលិកតវ៉ា លោក ម៉ន សុភា ក៏លើកឡើងថា ក្រុមហ៊ុន អឹម.ភី.អេ ស្នើឲ្យបុគ្គលិកថ្មីតម្កល់អត្តសញ្ញាណប័ណ្ណច្បាប់ដើមរយៈពេល ៣ខែ ហើយពេលខ្លះរហូតដល់ ១ឆ្នាំក៏មាន ហើយលោកយល់ថា ប្រការនេះជាការរឹតត្បិត និងគាបសង្កត់បុគ្គលិក។
ទាក់ទងនឹងការលើកឡើងនេះ លោក ស៊ុប អារីហ្វីន ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាតម្រូវឲ្យបុគ្គលិកតម្កល់អត្តសញ្ញាណប័ណ្ណនៅក្រុមហ៊ុនមែន តែលោកពន្យល់ថា ការធ្វើបែបនេះ គឺដើម្បីជួយការពារផលប្រយោជន៍បុគ្គលិក និងដើម្បីកំណត់អត្តសញ្ញាណបុគ្គលិក នៅពេលករណីមិនប្រក្រតីកើតឡើងនៅប៉ុស្តិ៍ដែលបុគ្គលិកយាមកាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។