សហជីព២ ដែលជួយការពារសិទ្ធិកម្មករនៅរោងចក្រ អូសេអង់ (Ocean) កំពុងរៀបចំពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ឲ្យថៅកែរោងចក្រនោះផ្ដល់សំណងប្រាក់អតីតភាពការងារ និងប្រាក់ព្យួរការងារឡើងវិញ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ថា សហជីពបានដាក់ពាក្យប្ដឹងទៅក្រសួងនានា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងអគ្គសវនកម្មជាតិ ឲ្យសើរើអំពីភាពមិនប្រក្រតីនៃការបិទទ្វាររបស់រោងចក្រ ដែលបង្ខំឲ្យកម្មករជាង ១ពាន់នាក់ យកប្រាក់សំណងមិនត្រឹមត្រូវ។
លោក ជា មុនី៖ «ទី១ យើងដាក់ពាក្យប្ដឹងទៅក្រសួងពាក់ព័ន្ធ មានក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) ក្នុងហ្នឹងក៏យើងបញ្ជូនឯកសារទៅអគ្គសវនកម្មជាតិផងដែរ ដើម្បីឲ្យមកត្រួតពិនិត្យ សើរើនូវការបិទទ្វារនៃរោងចក្រ អូសេអង់ ដោយគ្មានមូលហេតុ។ ក្នុងនោះក៏យើងប្ដឹងទៅក្រសួងសង្គមកិច្ចដែរ តែយើងមិនទាន់មានបំណងប្ដឹងទៅតុលាការទេ ពីព្រោះតុលាការក្នុងប្រទេសកម្ពុជា ខ្ញុំបានឈឺចាប់ ព្រោះតែតុលាការនេះគ្មានខ្វល់អ្វីក្រៅពីឲ្យលុយទៅពួកគាត់ រឿងក្តីឈ្នះក៏ទៅជាចាញ់វិញដែរ»។
ចំណែកប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា លោកក៏កំពុងប្ដឹងទៅអ្នកបញ្ជាទិញឲ្យពិចារណាផ្អាកទិញសម្លៀកបំពាក់ពីរោងចក្រនេះ ព្រោះថៅកែមិនផ្ដល់សំណងពេញលេញឲ្យកម្មករទេ។
កាលពីថ្ងៃទី១៨ ខែកក្កដា កម្មករអូសេអង់ ជាង ១ពាន់នាក់ ព្រមយកសំណងប្រាក់អតីតភាពការងារ ១ឆ្នាំ ១០០ដុល្លារ និងប្រាក់ព្យួរការងារខែមិថុនា ចំនួន ៥០ដុល្លារ ដើម្បីបញ្ចប់ការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។