កម្មកររោងចក្រកាត់ដេរ អូសេអង់ (Ocean) ប្រមាណ ១ពាន់នាក់ហើយបោះបង់ការតវ៉ា ព្រមយកសំណងប្រាក់អតីតភាពការងារ ១ឆ្នាំ ១០០ដុល្លារ។
កម្មការិនី ហាក់ សុខា ឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ថា កម្មករបាក់ទឹកចិត្តក្នុងការតវ៉ា ព្រោះគ្មានស្ថាប័នពាក់ព័ន្ធណាមួយខិតខំជួយការពារសិទ្ធិកម្មករក្នុងស្រុក ដែលធ្វើការស្របច្បាប់ទេ ទើបក្រុមកម្មករនាំគ្នាទៅបើកលុយនៅផ្ទះថៅកែ ឯភូមិចម្ការឪឡឹក សង្កាត់ត្រពាំងថ្លឹង។ កម្មការិនីបន្តថា ថៅកែបានកាត់ប្រាក់ផ្សេងៗពីកម្មករទៀត ក្នុងចំណោមប្រាក់ ១០០ដុល្លារក្នុង១ឆ្នាំ ដែលត្រូវទូទាត់សងកម្មករនោះ៖ «បើយើងហ្នឹងអត់មានលុយ អត់មានកាក់ទេ យើងផ្ដិតមេដៃយកអា ១០០ ក្នុង១ឆ្នាំហ្នឹងទៅ ឲ្យយើងទៅបើកនៅផ្ទះវាដាច់ខាត ហើយកាត់ទៀត អ្នកធ្វើការបាន៤ខែអី លែងឲ្យលុយហើយ។ ពីមុន៤ខែឲ្យ ៥០ដុល្លារ ឥឡូវ៤ខែ កាត់ដាច់ចោល ឲ្យចាប់ពី ៦ខែឡើងលើ។ បើ ៦ខែវាគិតឲ្យ១ឆ្នាំ បើ ៤ខែវាលែងឲ្យហើយ។ ឥឡូវមកបើកយកលុយជិតអស់ហើយ នៅសល់តែប៉ុន្មាននាក់គេចែកកាត់ឲ្យវិញហ្នឹង»។
រោងចក្រ អូសេអង់ បានប្រកាសផ្អាកការងារចាប់ពីចុងខែឧសភា ឆ្នាំ២០១៤ បណ្ដាលឲ្យកម្មករជាង ១.៦០០នាក់ បាត់បង់ការងារ។ ថៅកែផ្តល់ប្រាក់ខែ ១៥ដុល្លារក្នុង១ខែ ក្នុងពេលព្យួរការងារ ប៉ុន្តែកម្មករទាមទារ ១០០%។ នៅថ្ងៃទី៩ ខែកក្កដា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បង្គាប់ឲ្យថៅកែត្រូវផ្តល់ប្រាក់ព្យួរការងារទៅកម្មករ ១០០% និងសងប្រាក់អតីតភាពការងារគ្រប់ចំនួន បើក្រុមហ៊ុនក្ស័យធន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។