កម្មករ​អូសេអង់​ជ្រើសរើស​បាន​មេធាវី​៣​រូប​ឲ្យ​ជួយ​ការពារ​ក្ដី​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល

ក្រុម​កម្មករ​រោងចក្រ អូសេអង់ (Ocean) នៅ​បន្ត​រង់ចាំ​ដំណោះស្រាយ​ពី​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បន្ទាប់​ពី​ពួក​គេ​បាន​យល់​ព្រម​ផ្ទេរ​ការ​ដោះស្រាយ​វិវាទ​ការងារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​វិញ។

តំណាង​កម្មករ និង​ជា​សហជីព​មូលដ្ឋាន លោក ស៊ុត ចិត្រ ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា កម្មករ​ទើប​តែ​សម្រេច​រើស​បាន​មេធាវី​ចំនួន ៣​រូប ឲ្យ​ជួយ​ការពារ​ក្តី​កម្មករ​នៅ​ពេល​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បើក​សវនាការ។ លោក​បន្ត​ថា ក្រុម​កម្មករ​មិន​ទាន់​ដឹង​ថា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​នឹង​បើក​សវនាការ​នៅ​ពេល​ណា​ទេ៖ «ទី​១ តំណាង​ឲ្យ​និយោជក ទី​២ តំណាង​ឲ្យ​ខាង​រាជ​រដ្ឋាភិបាល ទី​៣ តំណាង​ឲ្យ​កម្មករ​និយោជិត»

ក្រុម​កម្មករ អូសេអង់ ជាង​១​ពាន់​នាក់ ធ្វើ​កូដកម្ម​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៤ មក​ដល់​បច្ចុប្បន្ន ក្រោយ​ពេល​ក្រុមហ៊ុន​ព្យួរ​ការងារ។ កម្មករ​ទាមទារ​ប្រាក់​ឈ្នួល ១០០% បើ​ក្រុមហ៊ុន​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តាច់​កុងត្រា​ការងារ ហើយ​សង​ប្រាក់​អតីតភាព​ការងារ បើ​ក្រុមហ៊ុន​ក្ស័យ​ធន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។