កម្មករ​រោងចក្រ​អូសេអង់​ធ្វើ​ពិធី​សែនព្រេន​បន្ទន់​ចិត្ត​ថៅកែ

កម្មករ​ជាង ១​ពាន់​នាក់​នៅ​រោងចក្រ​អូសេអង់ (OCEAN) បាន​រៀបចំ​ពិធី​សែន​ព្រែ​ន​មួយ​នៅ​រោងចក្រ​នៅ​​ថ្ងៃ​ទី​៩ មិថុនា ដើម្បី​បួងសួង​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ថែរក្សា​នៅ​រោងចក្រ​នេះ បន្ទន់​ចិត្ត​ថៅកែ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​ប្រាក់​ខែ​ឲ្យ​ពួកគេ ១០០​ភាគរយ ក្នុង​ពេល​ព្យួរ​ការងារ។

​កម្មការិនី​រោងចក្រ​អូសេអង់​ម្នាក់ គឺ​អ្នកនាង ទឹម ថា ឲ្យ​ដឹង​ថា កម្មករ​បាន​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ខាង​មុខ​រោងចក្រ និង​បាន​ធ្វើ​ពិធី​បន់​ស្រន់​តាម​ជំនឿ​អរូបិយ ដោយ​សង្ឃឹម​ថា ខាង​ក្រុមហ៊ុន​និង​ក្រសួង​ពាក់ព័ន្ធ អាច​បញ្ចប់​វិវាទ​រវាង​កម្មករ​និង​ក្រុមហ៊ុន​ឲ្យ​បាន​ឆាប់៖ «តំណាង​កម្មករ​និង​កម្មករ​ទាំង​អស់​គាត់​បាន​ចូល​រួម​គំនិត​គ្នា ទិញ​មាន់​ធូប​ទៀន​យក​មក​អុជ​ដើម្បី​សូម​ឲ្យ​ម្ចាស់​ទឹក​ម្ចាស់​ដី​ឃុំ​គ្រង​កន្លែង​ហ្នឹង ឲ្យ​ជួយ​ដល់​កម្មករ កម្មការិនី​ទាំង​អស់​ដែល​កំពុងតែ​រង​ទុក្ខ»

​រោងចក្រ​អូសេអង់ បាន​ដេរ​ខោអាវ​ម៉ាក​ល្បី​ឈ្មោះ ហ្គេប (GAP) ជា​ច្រើន​ឆ្នាំ​មក​ហើយ។ រោងចក្រ​នេះ​សម្រេច​ផ្ដល់​ប្រាក់ ១៥​ដុល្លារ សម្រាប់​កម្មករ​ម្នាក់ នៅ​ពេល​ដែល​ប្រកាស​ថា ក្រុមហ៊ុន​មិន​មាន​ការ​បញ្ជា​ទិញ។ កម្មករ​ទទូច​ឲ្យ​ស្នើ​សុំ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​ប្រាក់​ប្រចាំខែ​ឲ្យ​បាន ១០០​ភាគរយ​នៃ​ប្រាក់ខែ​គោល។

​តំណាង​កម្មករ​បញ្ជាក់​ថា កម្មករ​ទាំង​អស់​នឹង​ឈរ​បាតុកម្ម​នៅ​មុខ​រោងចក្រ​បន្ត​ទៀត នៅ​ថ្ងៃ​អង្គារ ទី​១០ មិថុនា ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​យក​សំណើ​របស់​កម្មករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។