គម្រោង​ហែ​ក្បួន​ទៅ​ផ្ទះ​នាយករដ្ឋមន្ត្រី​របស់​កម្មករ​រោងចក្រ​អូសេអង់​​បរាជ័យ​ជា​ថ្មី

0:00 / 0:00

កម្មករ​រោងចក្រ​អូសេអង់ ជាង ១​ពាន់​នាក់ នៅ​ថ្ងៃ​១២ ខែ​មិថុនា បរាជ័យ​សា​ជា​ថ្មី​ទៀត​ចំពោះ​គម្រោង​ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី ដោយសារ​មន្ត្រី​នៃ​សាលា​ខណ្ឌ​ពោធិ៍សែនជ័យ ស្ទាក់​ផ្លូវ​និង​បាន​សុំ​អោយ​ពួកគេ​ចូល​ចរចា​នៅ​ទីនោះ។ ប៉ុន្តែ​ការ​ចរចា​នោះ នៅ​តែ​ពុំ​មាន​លទ្ធផល ត្បិត​តំណាង​ភាគី​រោងចក្រ​មិន​បាន​ចូល​រួម។

ក្រុម​កម្មករ​រោងចក្រ​អូសេអង់ (Ocean) ព្រមាន​ជា​ថ្មី​ទៀត​ថា នឹង​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ការងារ​នៅ​ថ្ងៃ​១៣ មិថុនា ប្រសិនបើ​ពួក​គេ​នៅ​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមស្រប​ទៅ​តាម​ការ​ទាមទារ។

ក្រោយ​ការ​ចរចា​រវាង​សហជីព​តំណាង​កម្មករ តំណាង​ក្រសួង​ការងារ និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ជាង ១​ម៉ោង​មក លោក ឆេង ឈាន់ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ប្រកាស​ប្រាប់​កម្មករ​ពី​លទ្ធផល​មិន​បាន​ការ​ដដែល ដោយសារ​ខាង​រោងចក្រ​កាត់ដេរ​មិន​បាន​មក​ចូល​រួម​ចរចា។

ក្រុម​កម្មករ​គំរាម​ថា នឹង​ហែ​ក្បួន​ជា​ថ្មី​ទៅ​ក្រសួង​ការងារ ទាមទារ​ឲ្យ​ក្រសួង​នោះ​ជំរុញ​ឲ្យ​ថៅកែ​ដោះស្រាយ​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់ៗ៖ «ការ​ព្យួរ​ការងារ​របស់​ថៅកែ​រោងចក្រ ខ្ញុំ​គិត​ថា ជា​រឿង​មួយ​គេចវេះ ដោយសារ​តែ​រោងចក្រ​​អូសេអង់ កម្មករ​គាត់​ធ្វើ​ការ​ច្រើន​ឆ្នាំ មាន​អ្នក​ខ្លះ​គាត់​ធ្វើ​ការ​រហូត​ដល់ ១៥​ឆ្នាំ។ អ៊ីចឹង​ហើយ​គាត់​ព្យួរ​ការងារ​នេះ គ្រាន់តែ​ជា​ការ​ព្យួរ ដើម្បី​ពន្យារ​ពេល ដើម្បី​ឲ្យ​បង​ប្អូន​កម្មករ​គាត់​អស់​​ក្នុង​ការ​តស៊ូ គាត់​ថយ​ចេញ​ដោយ​ខ្លួន​ឯង អ៊ីចឹង​នៅ​សល់​តែ​កម្មករ​ភាគ​តិច ខ្ញុំ​គិត​ថា រោងចក្រ​នឹង​បើក​លុយ បញ្ចប់​កិច្ចសន្យា​បង​ប្អូន​កម្មករ»

នៅ​មុន​មាន​ការ​ចរចា ក្រុម​កម្មករ​រោងចក្រ​អូសេអង់ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ចេញ​ពី​ខាង​មុខ​រោងចក្រ ដែល​ឋិត​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ក្នុង​គោលដៅ​ឆ្ពោះ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ។ ប៉ុន្តែ​ពួកគេ​ត្រូវ​ស្ទាក់​ដោយ​អាជ្ញាធរ​ខណ្ឌ​​ពោធិ៍សែនជ័យ នឹង​បញ្ចុះបញ្ចូល​អោយ​ពួកគេ​ចូល​ចរចា​នៅ​ក្នុង​នោះ។

សំឡេង​កម្មករ​តវ៉ា​ជាមួយ​សមត្ថកិច្ច៖ «ពូ​ឯង​ពន្លែង​ខ្ញុំ​បន្តិច​ទៅ ឲ្យ​ខ្ញុំ​ទៅ​ដល់​នោះ​សិន​ទៅ ពូ​ឯង​ធ្វើ​ជា​បិទ​ភ្នែក​មួយ​ចំហៀង បើក​ភ្នែក​​មួយ​ចំហៀង​ទៅ»

​ក្រុម​កម្មការិនី​ឲ្យ​ដឹង​ថា ពួកគាត់​បំបែក​គ្នា​ជា​ច្រើន​ក្រុម ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​បង្អាក់​ក្បួន​ហែ​របស់​គាត់។ ការ​បំបែក​គឺ​ចែក​ជា ៤​ក្រុម ក្នុង ១​ក្រុម មាន​ប្រមាណ ៥០០​នាក់ ដើរ​កាត់​ផ្លូវលំ​តាម​ភូមិ​ទើប​ឡើង​មក​ដល់​មហា​វិថី​សហព័ន្ធ​រុស្សី៖ «មក ២ ទៅ ៣​ដង មក​អត់​ដល់​ផង ទាល់តែ​ចែក​ផ្លូវ​គ្នា​ជា ៤​ក្រុម បាន​មក​ដល់​ហ្នឹង កុំ​អី​អត់​ដល់​ទៀត។ មក​មុនៗ ដល់​តែ​ត្រឹម​ថ្នល់​លើ​ហ្នឹង​គេ​ស្ទាក់​ឲ្យ​ទៅ​វិញ​ហើយ។ ម្ដង​ហ្នឹង​អត់​ចាញ់​បោក​ទេ នាំ​គ្នា​ចែក​គ្នា​ជា ៤​ក្រុម បានៗ​មក​ដល់​ហ្នឹង»

​កម្មការិនី ហាក់ សុខា ឲ្យ​ដឹង​ថា ពួកគេ​ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ជិត ២០​ថ្ងៃ​ហើយ ចាប់​ពី​ថ្ងៃ​២៤ ខែ​ឧសភា មក​ដល់​បច្ចុប្បន្ន។ លទ្ធផល​ចរចា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​តែ​ដដែល មិន​អាច​បោះ​ជំហាន​ទៅ​មុខ​រួច​សោះ។ ពួកគេ​សូម​ឲ្យ​ក្រសួង​ការងារ សមាគម​កាត់ដេរ អាជ្ញាធរ​​ដែនដី ជំរុញ​ឲ្យ​ថៅកែ​ដោះស្រាយ​សំណង​ឲ្យ​បាន​ឆាប់ៗ ព្រោះ​ពួកគេ​ត្រូវការ​លុយ​ទិញ​អាហារ​ប្រចាំ​ថ្ងៃ។ បើ​ថៅកែ​ក្ស័យធន​ក៏​ត្រូវ​ប្រកាស​ឲ្យ​កម្មករ​ដឹង ហើយ​ទូទាត់​ប្រាក់​អតីតភាព​ការងារ។ បើ​នៅ​មាន​ការងារ​បន្ត​ធ្វើ ថៅកែ​ត្រូវ​ផ្ដល់​ប្រាក់​ខែ​មក​កម្មករ​គ្រប់​ចំនួន​តាម​ច្បាប់​ការងារ​កំណត់។

កម្មការិនី ហាក់ សុខា៖ «១៥​ដុល្លារ​ចាយ​អត់​គ្រាន់​ទេ ហើយ​ខ្ញុំ​មិន​អាច​នៅ​តតាំង​ទៀត​ទេ ២០​ថ្ងៃ​ហើយ ខ្ញុំ​អនុគ្រោះ​ឲ្យ​​យូរ​ណាស់ ហើយ​តវ៉ាៗ គ្មាន​អ្នក​ណា​ដោះស្រាយ​ឲ្យ​ខ្ញុំ​ទេ។ ហេតុ​អី​បើ​គាត់​ចង់​បិទ ម្ដេច​គាត់​​មិន​បង់​ឲ្យ​កម្មករ​គាត់​ចាំ​មក​ធ្វើ​កិកកុកៗ​ធ្វើ​អី»

​ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ពួកគេ​យាម​នៅមុខ​ទ្វារ​រោងចក្រ​អូសេអង់ ទាំង​យប់​ទាំង​ថ្ងៃ ការពារ​សម្ភារៈ​នៅ​សល់​តិចតួច​ក្នុង​រោងចក្រ ដើម្បី​កុំ​ឲ្យ​ថៅកែ​លួច​ដឹក​ចេញ ព្រោះ​នៅ​មាន​ម៉ាស៊ីនដេរ​ខ្លះ​ដែរ​អាច​លក់​យក​ប្រាក់​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​ជាង ១​ពាន់​នាក់​បាន។

នៅ​ក្នុង​ការ​ចរចា​ថ្ងៃ​១២ ខែ​មិថុនា លោក វង់ សុវណ្ណ អគ្គ​លេខាធិការរង​គណៈកម្មការ​ដោះស្រាយ​​កូដកម្ម បាតុកម្ម នៃ​ក្រសួង​ការងារ ប្រាប់​ទៅ​តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ថា ក្រសួង​នឹង​កោះ​ហៅ​ថៅកែ​រោងចក្រ​កាត់ដេរ​អូសេអង់ សមាគម​រោងចក្រ​កាត់ដេរ សហជីព តំណាង​កម្មករ ទៅ​ប្រជុំ​នៅ​ក្នុង​នាយកដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម នៃ​ក្រសួង​ការងារ នៅ​ម៉ោង ៩​ព្រឹក​​ថ្ងៃ​សុក្រ ទី​១៣ ខែ​មិថុនា។

​ក្រុម​កម្មករ​បាន​ហៅ​ការ​ចរចា​នោះ​ថា ជា​ការ​ពន្យារ បន្ទច់បង្អាក់​ក្បួន​ហែ​របស់​កម្មករ មិន​ឲ្យ​ពួកគេ​បាន​ទៅ​ដល់​ផ្ទះ​នាយករដ្ឋមន្ត្រី។ ក្រុម​កម្មករ និង​សហជីព​បំបែក​គ្នា​នៅ​ម៉ោង​ជិត ១២​ថ្ងៃត្រង់ តម្រង់​ទៅ​រោងចក្រ​វិញ ដើម្បី​ត្រឡប់​ទៅ​ការពារ​សម្ភារៈ​នៅ​សល់​ក្នុង​រោងចក្រ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។