Opens in new windowសមាគមសាមគ្គីធម៌ជួយជនចាស់ជរា ដែលបង្កើតឡើងដោយប្រជាពលរដ្ឋនៅស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ តុលា នាំគ្នាប្រារព្ធទិវាជនចាស់ជរានៅក្នុងមូលដ្ឋាន ដើម្បីផ្ដល់កម្លាំងចិត្តដល់ការរស់នៅរបស់មនុស្សចាស់ដែលគ្មានទីពឹង និងមានជីវភាពក្រីក្រ។
សហគមន៍សាមគ្គីធម៌ជួយជនចាស់ជរា និងប្រជាពលរដ្ឋ អំពាវនាវរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ បន្ថែមការយកចិត្តទុកដាក់ដល់ជនចាស់ជរា ដែលមានជីវភាពក្រីក្រ និងគ្មានទីពឹងឲ្យបានច្រើន និងជួយជាថវិកាខ្លះៗដល់ពួកគាត់ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃ។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាជនចាស់ជរា ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៧០នាក់ ដែលភាគច្រើនជាមនុស្សចាស់អាយុប្រមាណពី ៧០ឆ្នាំឡើងទៅ។ អ្នកចូលរួមក្នុងពិធីនោះ ត្រូវបានសមាគមសាមគ្គីធម៌ជួយជនចាស់ជរា រៀបចំតុកៅអីឲ្យពួកគាត់អង្គុយជាជួរ ដើម្បីបានសំណេះសំណាលផ្លាស់ប្ដូរយោបល់គ្នានៅក្រោមផ្ទះឈើមួយខ្នង ដែលមានប្រក់ដំបូលស័ង្កសី។
ជនចាស់ជរាមួយចំនួនដែលចូលរួមក្នុងទិវាមនុស្សចាស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១ តុលា ថា ពួកគាត់មានការសប្បាយរីករាយជាខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីនេះ បន្ទាប់ពីពួកគាត់រស់នៅតែផ្ទះសម្បែងរៀងៗខ្លួន។ អ្នកភូមិបញ្ជាក់ថា ជីវិតរស់នៅរបស់ពួកគាត់ជួបការលំបាកយ៉ាងខ្លាំង លំបាកទាំងការហូបចុក និងសុខភាពរាងកាយ ហើយធ្វើដំណើរទៅណាមកណា មិនបានឆ្ងាយដូចកាលពីក្មេងនោះទេ៖ «ខ្ញុំដើរទាន់តែមានឈើច្រត់ បានអាចដើរបាន ហើយដេកឈឺនៅផ្ទះម្នាក់ឯង ព្រោះកូនចៅគេចេញទៅធ្វើការអស់ហើយ។ ខ្ញុំហូបបាយដូចគ្មានដឹងរសជាតិថាឆ្ងាញ់ទេ បើថ្ងៃណាហូបបាយបានច្រើនអស់ហើយមួយវែកប៉ុណ្ណឹងឯង»។
រីឯប្រធានសមាគមជួយជនចាស់ជរាឃុំតាម៉ឺន លោក សៅ សន្ដោស មានប្រសាសន៍ថា ទិវាមនុស្សចាស់នេះ រៀបចំឡើងជាលើកទី១៧ ហើយនៅឆ្នាំ២០១៥។ លោកបញ្ជាក់ថា មូលហេតុដែលរៀបចំទិវានេះឡើង ក្នុងគោលបំណងដើម្បីផ្ដល់កម្លាំងចិត្តដល់មនុស្សចាស់ជរាដែលគ្មានទីពឹង និងមានជីវភាពក្រីក្រ មានឱកាសបានសំណេះសំណាលគ្នាផង និងបណ្ដុះគំនិតឲ្យក្មេងជំនាន់ក្រោយ ងាកមកចាប់អារម្មណ៍យកចិត្តទុកដាក់ដល់ការរស់នៅរបស់មនុស្សចាស់ផង៖ «បើកាលណាមនុស្សចាស់គាត់ធ្លាប់ចិញ្ចឹមយើងបានធំធាត់ហើយ បើយើងមិនដឹងគុណមនុស្សចាស់ទេ គឺមនុស្សនោះរកស៊ីមិនរីកចម្រើនទៅមុខទេ»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តបាត់ដំបង លោក តឹង តេង មានប្រសាសន៍ថា សមាគមជួយមនុស្សចាស់ជរានៅក្នុងខេត្តបាត់ដំបង មានប្រមាណ ៦០កន្លែង កំពុងដំណើរការអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។ ប៉ុន្តែលោកបញ្ជាក់ថា សមាគមទាំងនោះពុំមានថវិកាសម្រាប់ជួយដល់ជនចាស់ជរានោះទេ៖ «ការលំបាករបស់គាត់ ភាគច្រើនដោយសារគ្មានកូនចៅនៅជុំជាមួយគាត់។ ប្រសិនបើយើងបង្កើតសមាគមអ៊ីចឹងទៅ យើងអាចជួយពួកគាត់បានខ្លះ ដូចជាការរកទីកន្លែងឲ្យស្នាក់នៅក្នុងវត្តជាដើម»។
លោកបន្តថា ខាងមន្ទីរសង្គមកិច្ច កំពុងស្នើសុំកញ្ចប់ថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីយកទៅជួយដល់ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែខាងក្រសួងសេដ្ឋកិច្ច ពុំទាន់អនុម័តថាយ៉ាងណានៅឡើយ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
