ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មី គឺនៅឯឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ឯណោះវិញ បែរជាកើតមានជម្លោះក្នុងពេលរាំលេងកម្សាន្ត។ ជម្លោះរវាងអ្នកឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងអ្នកឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដ៏ខ្លាំងក្លាបណ្ដាលឱ្យផ្ទុះអាវុធជាច្រើនគ្រាប់។
យុវជនម្នាក់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ បានរងរបួសធ្ងន់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ទាហាន កាលពីរាត្រីថ្ងៃទី១៧ ខែមេសា កន្លងទៅ។
ការរងរបួសនោះ គឺនៅពេលដែលហ្វូងមនុស្សជាច្រើនកុះករ បាននាំគ្នាទៅរាំលេងកម្សាន្តនៅក្នុងទីវត្តមួយនៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ហើយក៏មានជម្លោះផ្ទុះឡើង បណ្ដាលឱ្យទាហានម្នាក់ដែលជាកងសន្តិសុខ ប្រើអាវុធបាញ់បង្ក្រាបបំបែកក្រុមជម្លោះ។
មេឃុំបេង នៃស្រុកបន្ទាយអំពិល គឺលោក ឆាង សារ៉ុន។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១៩ ខែមេសា ថា យុវជនម្នាក់ឈ្មោះ លួត ឡា អាយុ ២០ឆ្នាំ ជាប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកបានរងរបួស នៅពេលដែលទៅលេងពិធីបុណ្យចូលឆ្នាំថ្មីក្នុងវត្តព្រៃចង្ហះ នាឃុំបន្ទាយ ឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលនៅជាប់ព្រំប្រទល់គ្នានឹងឃុំរបស់លោក។
លោកមេឃុំបញ្ជាក់ទៀតថា ការរាំលេងក្នុងពិធីបុណ្យចូលឆ្នាំកាលពីយប់ថ្ងៃទី១៧ ខែមេសា កន្លងទៅនោះ គឺកើតមានជម្លោះយ៉ាងធំ ហើយលោកមិនប្រាកដថា តើយុវជនម្នាក់ដែលរងរបួសនោះមានជាប់ពាក់ព័ន្ធនឹងក្រុមជម្លោះដែរឬយ៉ាងណា?៖ «រឿងរ៉ាវហ្នឹងវារាំបាស ទាស់គ្នា ប៉ូលិសសមត្ថកិច្ចគ្រប់កន្លែងទាំងអស់ទៅកាក់ឃាំង អត់ស្ដាប់ទេ រហូតដល់មានរឿងមានរ៉ាវកាន់តែរាលដាល។ ស្រាប់តែទាហានកាក់មិនបានក៏បាញ់គំរាម។ បាញ់ហ្នឹងមិនបាញ់សំដៅមនុស្សទេ គឺបាញ់បំបុកដី ប៉ុន្តែផ្លាតគ្រាប់ទៅត្រូវអ្នកឆ្ងាយ។ ប៉ុន្តែទាហានខុសត្រង់ ទោះបីយ៉ាងណាក៏មិនត្រូវយកអាវុធទៅប្រើដែរ»។
ប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ទាហានម្នាក់ដែលប្រើអាវុធបាញ់រះបណ្ដាលឱ្យត្រូវអ្នកភូមិនោះ គឺគេមិនបានស្គាល់ឈ្មោះទេ ក៏ប៉ុន្តែជាទាហាននៅក្នុងអង្គភាពកងពលតូចលេខ៤។
ទោះយ៉ាងណា អធិការនគរបាលស្រុកបន្ទាយអំពិល លោក ហុង ចំរើន មិនធ្វើការអធិប្បាយរឿងនោះទេ ដោយលោកមានប្រសាសន៍ថា មិនទាន់បានទទួលព័ត៌មានពីរឿងនេះនៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានឱ្យដឹងថា លោកនឹងចុះស៊ើបអង្កេតករណីនេះនៅពេលឆាប់ៗ។ លោក ស្រី ណារ៉េន បានហៅសកម្មភាពទាហានដែលប្រើអាវុធបាញ់ បណ្ដាលឱ្យជនស៊ីវិលរងរបួសនោះថា ជាការប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងរំលោភទៅលើសិទ្ធិមនុស្សផង៖ «ធម្មតាបាញ់គំរាមបាញ់អីផ្សេងៗហ្នឹង ប្រជាពលរដ្ឋអត់អាវុធ ហើយយើងមានអាវុធប្រើប្រាស់អ៊ីចឹង វាខុសច្បាប់រំលោភសិទ្ធិមនុស្ស»។
នៅខេត្តឧត្តរមានជ័យ ដែលជាតំបន់ជាប់ព្រំដែនខ្មែរ-ថៃ គឺឧស្សាហ៍កើតមានអំពើហិង្សាពីក្រុមទាហានទៅលើប្រជាពលរដ្ឋជាច្រើនករណី កាលពីពេលកន្លងទៅ។
កាលពីខែមិថុនា ឆ្នាំ២០១២ ទាហានម្នាក់នៅក្នុងកងវរសេនាតូចលេខ៤១១ បានបង្កឱ្យផ្ទុះអាវុធត្រូវស្លាប់បុរសជាងកាត់សក់ម្នាក់ នៅភូមិទួលស្វាយ នៃឃុំត្រពាំងតាវ ស្រុកអន្លង់វែង។ រហូតមកដល់ពេលនេះ ទាហានម្នាក់ដែលបានបង្កហេតុនោះ គឺមិនទាន់ចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
