ពលរដ្ឋមកពីស្ថាប័នផ្សេងគ្នាបានបង្កើតញត្តិនៅលើគេហទំព័រមួយ ឈ្មោះ www.change.org ធ្វើយុទ្ធនាការស្វែងរកសំឡេងគាំទ្រ ដើម្បីទាមទារឲ្យអ្នកអត្ថាធិប្បាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺលោក មាស រិទ្ធី។ យុទ្ធនាការនេះ ពួកគេសម្ដែងការមិនពេញចំពោះការអត្ថាធិប្បាយរបស់លោក និងពិធីការិនីមួយរូបទៀត ដែលគេយល់ថា បានប្រើពាក្យពេចន៍ប្រមាថមាក់ងាយ និងព្យាយាមស្ដីបន្ទោសដល់ស្ត្រីរងគ្រោះដែលស្លាប់ដោយករណីរំលោភសម្លាប់ដោយអ្នករត់តាក់ស៊ីនៅខេត្តស្វាយរៀង។
គោលបំណងនៃគេហទំព័រ www.change.org សម្រាប់យុទ្ធនាការដាក់ញត្តិលើអនឡាញ ទាមទារឲ្យអ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹកលើកញ្ចក់ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី ឲ្យសុំទោសជាសាធារណៈដល់សពស្ត្រី និងគ្រួសារដោយ ព្រោះការអត្ថាធិប្បាយមិនសមរម្យមកលើស្ត្រី។
សកម្មជនស្ត្រីនៅក្នុងយុទ្ធនាការដាក់ញត្តិលើអនឡាញ www.change.org និងជាអនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា យុទ្ធនាការនេះដើម្បីកៀរគររកអ្នកដែលមិនពេញចិត្តចំពោះការអត្ថាធិប្បាយព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាស គឺលោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី នៅលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី១០ ខែសីហា ជុំវិញសំណុំរឿងឃាតកម្មរំលោភសម្លាប់លើនារីរងគ្រោះដែលជិះរថយន្តឈ្នួលពីភ្នំពេញ ទៅខេត្តស្វាយរៀង។
អ្នកស្រីយល់ថា ការអត្ថាធិប្បាយរបស់អ្នកទាំងពីរគឺកាន់តែជាន់ឈ្លីសិទ្ធិនិងតម្លៃស្ត្រី៖ « នៅក្នុងអត្ថាធិប្បាយរបស់គាត់ហ្នឹង ករណីរំលោភមើលឃើញថាវាឃោរឃៅណាស់ តែបែរជា គាត់ប្រើជាសារកំប្លុកកំប្លែងជាមួយជនរងគ្រោះជាស្ត្រី គាត់គិតតែជាការផ្ដល់ដំបូន្មានថា បើសិនជាមានការរំលោភហើយ យើងកុំស្រែក យើងធ្វើម៉េចឲ្យរួចខ្លួន បើថារំលោភក៏រំលោភទៅ កុំសម្លាប់ ភាសាទាំងអស់នេះវា វាអត់បានជួយកាត់បន្ថយករណីហ្នឹងនៅក្នុងសង្គមយើងថយចុះទេ។ វាហាក់ដូចជាលើកទឹកចិត្តឲ្យបុរសហ្នឹងបានចិត្តនៅក្នុងការប្រព្រឹត្ត ហើយស្ត្រីវិញដល់ពេលមានករណីរំលោភកុំរើបម្រះ កុំនិយាយចេញដើម្បីការពារសន្តិសុខ និងសុវត្ថិភាពខ្លួនឯង និងលើកទឹកចិត្តជនប្រព្រឹត្តិល្មើសដែលឆ្លុះបញ្ចាំងអំពីកម្រិតនៃក្រមសីលធម៌ទាបបំផុត ដោយមាក់ងាយស្ត្រី ចាត់ទុកស្ត្រីដូចជាវត្ថុទុកឲ្យគេរំលោភ ហើយកុំតវ៉ា កុំជេរប្រមាថគេ ឲ្យគេរំលោភទៅ ហើយទុកឲ្យបុរសប្រើប្រាស់បន្តទៀត។ល។ » ។
នៅក្នុងគេហទំព័រ www.change.org ឬប្រែថា ផ្លាស់ប្ដូរ យុទ្ធនាការដាក់ញត្តិលើអនឡាញ ដែលគេរៀបចំនៅថ្ងៃទី១២ ខែសីហា បានបង្ហោះវីដេអូ អត្ថាធិប្បាយព័ត៌មានពេលព្រឹក និងបានស្រង់សម្ដីថា បើរំលោភៗចុះ កុំសម្លាប់ បើគេរំលោភកុំជេរប្រមាថគេ សម្របសម្រួលតាមគេទៅ បើរំលោភហើយមិនព្រមទុកប្រើប្រាស់តទៅទៀត យុទ្ធសាស្ត្ររបស់ស្រីៗ បើចូលក្នុងកណ្ដាប់ដៃគេហើយ ធ្វើឲ្យទន់ភ្លន់ ពេលយប់ព្រលប់ស្ងាត់កុំសូវហ៊ានពេក និងមិនគួរធ្វើដំណើរតាមប្រភេទតាក់ស៊ីម៉ៅ វាគ្រោះថ្នាក់ដល់យើងអ៊ីចឹងជាដើម។
ឆ្លើយតបនឹងយុទ្ធនាការប្រឆាំងនេះ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស ថ្លែងថា លោកមិនទាន់បានដឹងពីយុទ្ធនាការប្រឆាំងលោកនៅឡើយទេ។ ប៉ុន្តែលោកបកស្រាយថា លោកគ្មានចេតនាផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដើម្បីបង្អាប់បង្អោន ឬប្រមាថទៅលើស្ត្រីនោះដែរ ហើយលោកក៏មិនខ្លាចនឹងសុំទោសឡើយ៖ « ពាក្យពេចន៍ទាំងឡាយដែលខ្ញុំផ្សាយផ្ទាល់មានពាក្យពេចន៍ដែលប៉ះពាល់សម្រាប់គេ ខ្ញុំក៏មិនខ្លាចសម្រាប់ការសុំទោសដែរ។ សម្រាប់ខ្ញុំនិយាយអស់ពីបេះដូង គឺខ្ញុំអត់មានចេតនាណាមួយសម្រាប់ប្រមាថទៅលើស្ត្រីទេ។ ខ្ញុំទទួលស្គាល់ថា លេងសើចនៅក្នុងហ្នឹងពិតហើយ តែពេលខ្លះក្នុងន័យបង្កើតការសប្បាយ ប៉ុន្តែមិនមែនបានន័យថា ដើម្បីដាក់បន្ទុកលើជនរងគ្រោះដែលកំពុងមានទុក្ខនោះទេ អត់មានចេតនាទេ ទាញមកវិញកុំឲ្យជនល្មើសជនប្រព្រឹត្តិទាំងឡាយកុំឲ្យប្រព្រឹត្តតទៅទៀត » ។
ជុំវិញរឿងនេះ នៅថ្ងៃច័ន្ទ ទី១៤ ខែសីហា អ្នកចូលរួមយុទ្ធនាការនេះ នឹងធ្វើលិខិតចំហមួយទៅអគ្គនាយក និងគណៈគ្រប់គ្រងទូរទស្សន៍ហង្សមាស តម្រូវឲ្យអ្នកទាំងពីរសុំទោសជាសាធារណៈ និងស្នើឲ្យអប់រំដល់អ្នករាយការណ៍ព័ត៌មានប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដូចដែលមានចែងក្នុងសេចក្ដីប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នកព័ត៌មានអំពើហិង្សាលើស្ត្រី របស់ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នៅពេលថ្មីៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។