កម្មកររោងចក្រ ហារតា (Harta Packaging Industries Cambodia) ដែលផលិតប្រដាប់វេចខ្ចប់ប្រមាណ ១០០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែមីនា។ ការជួបជុំគ្នាបំណងទាមទារឲ្យស្ថាប័នជំនាញរបស់រដ្ឋាភិបាលមួយនេះ ជួយអន្តរាគមន៍ទៅភាគីក្រុមហ៊ុន ដោះស្រាយប្រាក់អតីតភាពការងារជូនកម្មករដែលត្រូវបញ្ឈប់។
តំណាងកម្មករភាគីសហជីពនិងក្រសួងការងារ បានជួបប្រជុំគ្នាដោះស្រាយតាមការទាមទាររបស់កម្មករ គឺនៅមិនទាន់ចេញជារូបរាងនៅឡើយទេ។ ភ្ជាប់នឹងបញ្ហានេះ ក្រុមកម្មករព្រមានថា បើភាគីក្រុមហ៊ុនមិនចេញមុខដោះស្រាយសំណងជាប្រាក់អតីតភាពការងារ នោះបាតុកម្មនឹងផ្ទុះឡើងប្រឆាំងភាពយឺតយ៉ាវនេះ។
លោក ហួយ ស៊ីណាត ធ្លាប់បម្រើការអស់រយៈពេល ២ឆ្នាំនៅរោងចក្រ ហារតា ឲ្យដឹងថា អ្វីដែលកម្មករប្រមូលផ្ដុំនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ មីនា គឺសុំកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ដើម្បីជំរុញឲ្យភាគីក្រុមហ៊ុនផ្ដល់ប្រាក់អតីតភាពការងារដល់កម្មករ ដែលត្រូវបានបណ្ដេញចេញព្រោះហ៊ានតវ៉ា។
លោក ហួយ ស៊ីណាត ព្រមានថា បើដំណោះស្រាយត្រឹមប្រាក់អតីតភាពការងារដែលកម្មករត្រូវទទួលបាននេះ មិនអាចដោះស្រាយបាន នោះបាតុកម្មប្រឆាំងរបស់ក្រុមកម្មករនេះនឹងកើតឡើង។
វិវាទដែលអូសបន្លាយជាង ១ខែមកនេះនៅរោងចក្រ ហារតា គឺកើតឡើងក្រោយពេលរោងចក្រដែលវិនិយោគផ្នែកផលិតប្រដាប់វេចខ្ចប់ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានផ្លាស់ប្ដូរថៅកែរោងចក្រពីជនជាតិម៉ាឡេស៊ី ឲ្យទៅជនជាតិជប៉ុន ជាអ្នកគ្រប់គ្រង ហើយដាក់ឈ្មោះក្រុមហ៊ុនថ្មីថា OJI វិញ។ ដោយឡែក ខាងភាគីរោងចក្រឯណេះវិញ បញ្ជាក់ថា បើកម្មករណាចង់បម្រើការនៅរោងចក្រថ្មី ពួកគេគប្បីធ្វើលិខិតលាលែងពីកន្លែងចាស់ជាមុនសិន បើមិនដូច្នេះទេ នឹងពុំអាចអនុញ្ញាតឲ្យធ្វើការឡើយ។ ស្ថិតក្រោមហេតុផលនេះ កម្មករអះអាងថា នេះជាវិធីគេចចេញពីការទទួលខុសត្រូវរបស់រោងចក្រ ហារតា ចំពោះប្រាក់អតីតភាពការងាររបស់កម្មករប៉ុណ្ណោះ។
ដោយឡែកកម្មការិនីឈ្មោះ ហុង សុខណា ថ្លែងថា ភាគីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកជាបន្តបន្ទាប់ដែលហ៊ានតវ៉ារឿងប្រាក់អតីតភាពការងារ ហើយខាងក្រុមហ៊ុនព្យាយាមបំបាត់អតីតភាពការងាររបស់កម្មករដែលអ្នកខ្លះធ្វើយ៉ាងហោចណាស់ ១០ឆ្នាំមកហើយនោះ។
មន្ត្រីសហជីពមួយចំនួនដែលទំនងជាគាំទ្ររដ្ឋាភិបាលដែលបានចូលដោះស្រាយក្នុងជម្លោះនេះ បានបដិសេធមិនផ្ដល់ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ដោយចាត់ទុកថា វិទ្យុនេះផ្សាយព័ត៌មានមិនពិត និងតែងបំផ្លើសផ្ទុយពីព្រឹត្តិការណ៍រួចដើរចេញ។
ទោះជាបែបណា លោក ប៉ាង ចាន្នី ដែលអះអាងថា ជាប្រធានសហព័ន្ធសហជីពកម្មករខ្មែរដែលជាសហជីពមួយក្នុងចំណោមសហជីពមួយចំនួនទៀត ដែលបានចូលប្រជុំដែរនោះបញ្ជាក់ថា លទ្ធផលជាផ្លូវការដូចការទាមទាររបស់កម្មករនៅមិនអាចដោះស្រាយបានភ្លាមៗនៅឡើយទេ។ លោកបន្តថា កិច្ចស្វែងរកដំណោះស្រាយនេះ នឹងត្រូវចាប់ផ្ដើមជាថ្មីម្ដងទៀត ដែលមានភាគីខាងរោងចក្រចូលរួមផងនៅរសៀលថ្ងៃដដែលនេះ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានភ្លាមៗទេ ពីមន្ត្រីទទួលបន្ទុកក្រសួងការងារ។ ចំណែកភាគីរោងចក្រ ហារតា ក៏មិនអាចទាក់ទងសុំប្រតិកម្មបានដែរ។
ភ្ជាប់នឹងបញ្ហានេះ លិខិតចុះថ្ងៃទី១ មីនា របស់សហជីពចំនួន ៩ រួមមានសហព័ន្ធសហជីពជាតិកម្ពុជា ជាដើម មានមន្ទិលសង្ស័យចំពោះលិខិតឧទ្ទេសនាមចុះថ្ងៃទី២៥ កុម្ភៈ ដែលមានលោក ជួន មុំថុល ទីប្រឹក្សាអមក្រសួងការងារ និងមនុស្ស ២នាក់ទៀត ចុះដោះស្រាយវិវាទក្នុងរោងចក្រ ហារតា នេះ ហើយក្នុងថ្ងៃតែមួយ បែរជាខាងភាគីរោងចក្រចេញលិខិតបញ្ឈប់កម្មករចំនួន ២៨០នាក់ថែមទៀត។
ក្រុមសហជីពទាំង ៩ នេះ ចាត់ទុកថា មិនអាចទទួលបានឡើយ ចំពោះការបញ្ឈប់កម្មករដ៏ច្រើនលើសលប់នេះ ដែលអនុវត្តដំណាលគ្នានឹងលិខិតឧទ្ទេសនាមឲ្យលោក ជួន មុំថុល និងមនុស្សក្រោមបង្គាប់មួយចំនួនមកដោះស្រាយបញ្ហានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។