ទាហានការពារព្រំដែននៃកងវរសេនាតូច ៥៣៥ នៅខេត្តប៉ៃលិន ជិត ៣០០នាក់ សម្ដែងការខកចិត្តយ៉ាងខ្លាំង ក្រោយពេលមេបញ្ជាការរបស់ពួកគេដែលឡើងកាន់តំណែងថ្មី ជំនួសមេបញ្ជាការដែលបានផ្លាស់ទៅនោះ បានប្រើអំណាចរំលោភបំពាន ដោយបានយកទ្រព្យសម្បត្តិក្នុងអង្គភាពលក់យកលុយតែម្នាក់ឯង។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែសីហា កងទាហានទាំងនោះចោទថា លោក អ៊ូ គឹមវ៉ុន ជាមេបញ្ជាការកងវរសេនាតូចការពារព្រំដែន ៥៣៥ នៅស្រុកសាលាក្រៅខេត្តប៉ៃលិន បានកាប់ដើមកាស្យា ឬហៅថា ដើមក្រដាស លក់យកលុយជាបន្តបន្ទាប់ ក្រោយពីមេបញ្ជាការរូបនេះបានផ្លាស់មកទទួលតំណែងជំនួសមេបញ្ជាការចាស់៖ «ធ្វើសមាគមដើម្បីដាំដើមកាស្យា (ដើមក្រដាស) បានផលចែកគ្នា គេហៅសមាគមដាំដើមក្រដាស ដោយកាត់លុយគ្នាម្នាក់ ៦ម៉ឺនរៀល យកដាំ ប៉ុន្តែដល់ពេលបានផលមក មេថ្មីគាត់មក គាត់កាប់លក់ លក់តាំងពីឆ្នាំ២០១២ រហូតដល់ឥឡូវនេះ គាត់ឈប់លក់ហើយ ព្រោះអស់ដើមក្រដាស ហើយយកលុយខ្លួនឯង»។
ផ្ទៃដីចម្ការដាំដើមកាស្យា នោះ មានទំហំ ៨ហិកតារ ស្ថិតភូមិស្រែម្អម ឃុំសាលាក្រៅ ខេត្តប៉ៃលិន ជាប់ជាមួយបន្ទាយទាហាននៃកងវរសេនាតូចការពារព្រំដែន ៥៣៥។ ដំបូងឡើយ លោក ព្រំ ប៉ាត ជាមេបញ្ជាការដែលបានផ្លាស់ចេញពីតំណែងទៅនោះ បានផ្ដួចផ្ដើមរៃអង្គាសលុយពីកូនទាហានចំនួន ៣៩០នាក់ ដោយក្នុងម្នាក់ៗបង់លុយចំនួន ៦ម៉ឺនរៀល។ នៅពេលបានប្រាក់សរុបជាង ២០លានរៀល។ លោក ព្រំ ប៉ាត បានយកលុយប្រើប្រាស់ដាំដើមកាស្យា បានចំនួន ៨ម៉ឺនដើម។
ពួកគាត់បន្តថា ឥឡូវនេះ ពេលដើមកាស្យា នោះឲ្យផល ស្រាប់មេបញ្ជាការថ្មី ឈ្មោះ អ៊ូ គឹមវ៉ុន កាប់លក់យកលុយម្នាក់ឯងស្ទើរអស់ពីចម្ការ នៅសល់ដើមកាស្យា ប្រហែល ៣ពាន់ដើមប៉ុណ្ណោះ៖ «រឿងដាំដើមក្រដាស កាត់ម្នាក់ ៦ម៉ឺនទាំងអស់គ្នា ប្រាក់ខែ ឥឡូវដើមក្រដាសអស់រលីងហើយ កាប់លក់ហើយ ធ្វើម៉េចអោយថ្នាក់ដឹកនាំ ធ្វើម៉េចយកចិត្តទុកដាក់ចេះស្រឡាញ់កូនទាហានផង កុំឲ្យយកផលប្រយោជន៍ខ្លួនឯងពេក»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំប្រតិកម្មពី លោក អ៊ូ គឹមវ៉ុន ជាមេបញ្ជាការកងវរសេនាតូចការពារព្រំដែន ៥៣៥ ប៉ុន្តែ ទូរស័ព្ទរបស់លោករោទ៍ ពុំមានអ្នកទទួល។ កាលពីខែមីនា ឆ្នាំ២០១១ មេបញ្ជាការកងវរសេនាតូច ៥៣៥ ការពារព្រំដែននៅខេត្តប៉ៃលិន លោក អ៊ូ គឹមវ៉ុន បានចូលកាន់តំណែងជាមេបញ្ជាការជំនួស លោក ព្រំ ប៉ាត។
ទាក់ទិនបញ្ហានេះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង ថ្លែងថា ចម្ការដើមកាស្យា នោះ ជារបស់រួមក្នុងអង្គភាព គួរត្រូវបានចែកផលរួមដូចគ្នា មិនអាចមេបញ្ជាការថ្មីដែលទើបចូលទៅកាន់តំណែងនោះ កាប់លក់យកលុយតែម្នាក់ឯងដូច្នេះទេ៖ «ត្រូវតែសងទៅគេវិញ។ យើងទៅលក់របស់ចាយវាយអីតែម្នាក់ឯង ម៉េចត្រឹមត្រូវ មានកងពលមានថ្នាក់ភូមិភាគ គាត់មិនឲ្យមេបញ្ជាការណាមួយដែលនៅក្រោម ទៅធ្វើការអីផ្ដេសផ្ដាសរំលោភទៅលើដែលគាត់ខំប្រឹងប្រែងរួបរួមគ្នាកសាង ដើម្បីផលប្រយោជន៍រួម ហើយយើងម្នាក់ឯងទៅប្រមូលផលយកម្នាក់ឯងម៉េចត្រូវ»។
ទន្ទឹមគ្នានេះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ ជំរុញឲ្យកងទាហានទាំងនោះរៀបចំពាក្យបណ្ដឹងប្ដឹងទៅថ្នាក់លើ ទាមទារអោយដោះស្រាយបញ្ហានេះឡើងវិញ។ ចំណែកឯថវិកាដែលមេបញ្ជាការនោះទទួលបានផលពីការលក់ដើមកាស្យា នោះ ត្រូវប្រមូលយកលុយនោះទៅទុកជារបស់រួមក្នុងអង្គភាពអោយបានត្រឹមត្រូវ ហើយត្រូវបែងចែកឲ្យកូនទាហានឲ្យបានស្មើភាពគ្នាចំពោះអ្នកដែលត្រូវទទួលផលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។