ប្រជាពលរដ្ឋរស់នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភពីការបាត់បង់ដើមត្នោតកាន់តែច្រើននៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ការបារម្ភនេះ ក្រោយពេលពលរដ្ឋទាំងនោះឃើញមានសកម្មភាពទិញដើមត្នោតខ្មែរពីតំបន់ផ្សេងៗ យកទៅស្តុកទុកនៅក្បែរប៉ុស្តិ៍ព្រំដែនវៀតណាម ជាប់ជាមួយភូមិបឹងជ្រោង ស្រុកមេមត់។
ប្រជាពលរដ្ឋរស់នៅភូមិបឹងជ្រោង និងពលរដ្ឋរស់នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលចាត់ទុកដើមឆ្នោតថាជាអត្តសញ្ញាណមួយរបស់ខ្មែរដែរនោះ ស្នើឲ្យរាជរដ្ឋាភិបាល ជួយទប់ស្កាត់ការលក់ដូរដើមត្នោតខ្មែរទៅឲ្យពលរដ្ឋវៀតណាម តទៀត។
ពលរដ្ឋមួយរូបរស់នៅភូមិបឹងជ្រោង ឃុំជាំ លោក ហ៊ីង សុផុន មានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូនដើមត្នោតទៅស្តុកទុកនៅចំណុចប៉ុស្តិ៍យាមរបស់វៀតណាម ឈ្មោះ ប៉ុស្តិ៍ជ្រៃ ចំណុះឲ្យប៉ុស្តិ៍៨១៩ ក្នុងទឹកដីវៀតណាម គឺកើតមានឡើងប្រមាណមួយខែមកហើយ។ លោកមិនបានដឹងច្បាស់ថា ជនជាតិវៀតណាម ទាំងនោះដឹកដើមត្នោតមកពីតំបន់ណាប្រាកដទេ ប៉ុន្តែអាចដឹកមកពីខេត្តកំពង់ធំ ឬខេត្តផ្សេងៗទៀត ដោយក្នុងតម្លៃចន្លោះពី ៥ម៉ឺនរៀលទៅ ៦ម៉ឺនរៀលក្នុងមួយដើម។ លោកថា បន្ទាប់ពីជនជាតិវៀតណាម ប្រមូលយកត្នោតពីស្រុកខ្មែរទៅស្តុកទុកនៅក្បែរប៉ុស្តិ៍យាមក្នុងទឹកដីរបស់ពួកគេ ទើបដឹកជញ្ជូនទៅប្រទេសវៀតណាម បន្តទៀត ដោយមិនដឹងថា ពលរដ្ឋវៀតណាម ទាំងនោះយកទៅធ្វើអ្វីប្រាកដឡើយ៖ «អានេះវាបំផ្លាញធនធានធម្មជាតិខ្មែរឲ្យអស់នៅលើទឹកដីខ្មែរតែម្តង»។
ចំណែកពលរដ្ឋមួយរូបទៀត លោក ផុន សុផល ដែលបានទៅពិនិត្យស្ថានភាពដើមត្នោតដែលគេយកទៅគរទុកនៅក្នុងចម្ការកៅស៊ូវៀតណាម សម្ដែងក្តីបារម្ភ ខណៈប្រជាពលរដ្ឋខ្មែរចេះតែបន្តលក់ដើមត្នោតរបស់ខ្លួនដែលជាអត្តសញ្ញាណខ្មែរ ទៅឲ្យបរទេស។ បន្ថែមពីនេះ លោកចង់ឲ្យអាជ្ញាធរ គប្បីជួយទប់ស្កាត់លើបញ្ហានេះ ជាជាងបណ្តោយឲ្យដើមត្នោតខ្មែរត្រូវបាត់បង់បន្ថែមទៀតនោះ៖ «ខ្ញុំចង់ឲ្យអ្នកមានដើមត្នោត ជាពិសេសប្រជាពលរដ្ឋយើង ដែលមានដើមត្នោត សូមកុំលក់ដើមត្នោតឲ្យវៀតណាម»។
ដើមត្នោត គឺជាអត្តសញ្ញាណរបស់ខ្មែរមួយក្នុងចំណោមនិមិត្តរូបជាច្រើនផ្សេងទៀត ព្រោះកាលណាគេស្គាល់អង្គរវត្ត គឺប្រៀបដូចស្គាល់ដើមត្នោតដូចគ្នា។ ជាក់ស្តែង ស្ទើរគ្រប់រូបភាពនៃប្រាសាទអង្គរវត្ត តែងដិតជាប់រូបដើមត្នោតនៅពីក្រោយ ឬពីមុខជានិច្ច។ ជាងនេះទៀត ដើមត្នោតបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ដូចជា ផ្លែ ស្លឹក ទឹកត្នោត ស្ករត្នោត ឬអាចយកមកកែច្នៃជាគ្រឿងសង្ហារិមបាន ពិសេសនៅពេលនរណាម្នាក់ពាក់មួកធ្វើអំពីស្លឹកត្នោត គឺបង្ហាញពីស្នាដៃរបស់ប្រជាជាតិខ្មែរ។
មួយវិញទៀត មានគំនូរទេសភាពជាច្រើនដែលវិចិត្រករបានគូររូបលក់ ឬដាក់តាំងលម្អ ភាគច្រើន គឺមានរូបដើមត្នោតនៅក្នុងផ្ទាំងគំនូរទាំងនោះ ដែលបង្ហាញពីសម្រស់ទេសភាពស្រុកស្រែដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា។
ទាក់ទងបញ្ហានេះ មេឃុំជាំ លោក ប្រាក់ វន្នី មានប្រសាសន៍ថា លោកទើបតែទទួលបានព័ត៌មាននេះ ហើយនឹងចុះស្រាវជ្រាវ ដើម្បីធ្វើរបាយការណ៍ទៅមន្ត្រីថ្នាក់លើឲ្យចាត់វិធានការទប់ស្កាត់ការលក់ដូរ ឬធ្វើអាជីវកម្មដើមត្នោតទៅឲ្យបរទេសបន្តទៀត៖ «ខ្ញុំមានចំណុចមួយដែលធ្វើសំណើទៅរាជរដ្ឋាភិបាល ឲ្យជួយទប់ស្កាត់ផងទៅ។ បញ្ហានេះ បើខ្ញុំបានទទួលដំណឹងអ៊ីចឹងហើយនោះ»។
ដើមត្នោតខ្មែរនៅពេលថ្មីៗនេះ ត្រូវបានគេផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេកប៊ុក (Facebook) ថាមានជនជាតិវៀតណាម ចូលមកទិញពីប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត ដោយដើមត្នោតទាំងអស់ត្រូវបានគេគាស់ទាំងឫសតែម្តង។
ទាក់ទិនបញ្ហានេះ នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា ដើមត្នោត គឺជារុក្ខជាតិដ៏មានតម្លៃមួយរបស់ខ្មែរ ព្រោះវាមានអត្ថប្រយោជន៍ច្រើនស្ទើររាប់មិនអស់ ហើយរុក្ខជាតិនេះ ត្រូវចំណាយពេលច្រើនឆ្នាំទើបផ្តល់ផល ឬអាចប្រើការបាន។ បើទោះបីជាលោកមិនបានសិក្សាលម្អិតអំពីមូលហេតុនាំឲ្យប្រជាជនវៀតណាម ចូលមកទិញដើមត្នោតពីពលរដ្ឋខ្មែរក៏ដោយ ប៉ុន្តែលោកយល់ថា អាចដោយសាររុក្ខជាតិនេះមានតម្លៃអាចកែច្នៃជាគ្រឿងសង្ហារិមសម្រាប់នាំចេញទៅក្រៅប្រទេសបាន៖ «បើសិនជាបាត់ត្នោតនេះច្រើនទៅ ប្រជាពលរដ្ឋយើង ពិសេសចាស់ៗ គាត់លើកឡើងថា កាលណាបាត់បង់ដើមត្នោតច្រើន គឺធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណយើង និងមួយចំនួន ព្រួយបារម្ភរឿងប៉ះពាល់ដល់ទឹកដីយើងទៀត»។
ជាក្តីបារម្ភចំពោះមុខ លោកថា រាជរដ្ឋាភិបាល គប្បីមានយន្តការទប់ស្កាត់លើបញ្ហានេះ ដោយចេញជាគោលនយោបាយ ឬសារាចរគ្រប់គ្រងដើមត្នោតឲ្យបានល្អ ដើម្បីជៀសវាងការបាត់បង់អត្តសញ្ញាណរបស់ខ្មែរបន្ថែមទៀត ត្បិតអីប្រជាពលរដ្ឋខ្មែរដែលព្រមលក់ដើមត្នោតរបស់ខ្លួន ក៏ព្រោះតែភាពក្រីក្រដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។