ពលរដ្ឋ​ជាច្រើន​សម្រុក​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​នៅ​ដី​ថៃ

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា គេ​បាន​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ ដែល​អាជ្ញាធរ​ថៃ ខេត្ត​ស៊ីសាកេត ទើប​តែ​ប្រគល់​មក​ឱ្យ​វិញ កាល​ពី​ថ្ងៃ​ទី២៤ ខែ​សីហា កន្លង​ទៅ។ ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ ត្រូវ​អាជ្ញាធរ​ថៃ ស្រុក​កាន់ថារៈឡាក់ បាន​ចាប់​ខ្លួន​ជា​យូរ​មក​ហើយ នៅ​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់។

0:00 / 0:00

ប្រភព​ពី​ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន សកម្មភាព​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ បាន​កក្រើក​ឡើង​វិញ​ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​រង់ចាំ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នេះ។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​មក​ពី​ខេត្ត​មួយ​ចំនួន កំពុង​សម្រុក​នាំ​គ្នា​ឆ្លង​ដែន​តាម​ច្រក​មួយ​ចំនួន​នៃ​ក្រុង​សំរោង ច្រក​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​នៃ​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត របស់​ថៃ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ស ថាវី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៦ ខែ​សីហា ថា អាជ្ញាធរ​កំពុង​អនុវត្ត​បទ​បញ្ជា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​សកម្មភាព​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នោះ។ លោក ស ថាវី បាន​បញ្ជាក់​ថា ក្នុង​មួយ​រយៈពេល​កន្លង​ទៅ​នេះ លោក​បាន​ចុះ​ទៅ​តាម​តំបន់​ជាច្រើន​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​អនុវត្ត​បទ​បញ្ជា​រដ្ឋាភិបាល ព្រម​ទាំង​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ដោយសារ​ការ​ឆ្លង​ដែន​ខុស​ច្បាប់៖ «កំពុង​អនុវត្ត​គោលការណ៍​បទ​បញ្ជា ០២។ ពី​ម្សិល​មិញ ខ្ញុំ​បាន​ណែនាំ​រហូត​ដល់ ៩៥​នាក់ ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ»

មន្ត្រី​ទទួល​បន្ទុក​របាយការណ៍​របស់​សាលា​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ជា សូវី បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន កំពុង​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ដើម្បី​លក់​ឱ្យ​ក្រុម​ឈ្មួញ។ ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​មែន​តែ​អ្នក​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ទេ គឺ​អ្នក​ខ្លះ​មក​ពី​ខេត្ត​កំពង់ធំ កំពង់ចាម និង​ខេត្ត​ពោធិ៍សាត់ ជាដើម។

ទោះ​យ៉ាង​ណា មន្ត្រី​សាលា​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ បច្ចុប្បន្ន​មាន​ការ​ថយ​ចុះ​ជាង​កាល​ពី​រដូវ​ប្រាំង។

ក៏ប៉ុន្តែ របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ គឺ​ផ្ទុយ​ទៅ​នឹង​ការ​អះអាង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​តំបន់​ព្រំដែន​ខ្មែរ-ថៃ ដែល​ថា ចំនួន​អ្នក​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​មិន​មាន​ការ​ថយ​ចុះ​ទេ។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​មក​ពី​ខេត្ត​ផ្សេងៗ តាំង​ពី​ខេត្ត​សៀមរាប កំពង់ធំ ពោធិ៍សាត់ កំពង់ស្ពឺ និង​កំពត ជាដើម កំពុង​នាំ​គ្នា​សម្រុក​ឡើង​ភ្នំ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ៖ «ឡើង​គ្រប់​ច្រក អា​ច្រក​ចំបក់កោង ខ្លាំង ច្រក​ទឹកជប់ និង​ច្រក​ក្បាលអូរស្វាយ។ ឡើង​ច្រើន​ណាស់ មួយ​ជើងៗ​ចង់​រាប់​ពាន់​នាក់ តែ​វា​ឡើង​គ្រប់​ច្រក។ មួយ​ច្រក​អីចឹង​ទៅ ២០-៣០​នាក់ មួយ​ច្រក ៥០-៦០​នាក់ ហើយ​គ្រាន់​តែ​គ្នា​ស្ពាយ ១-២ យក​មក​ដូរ​អង្ករ​ហូប​ហ្នឹង​ខុស​ច្បាប់ តែ​ដល់​ពេល​ដឹក​ទាំង​ឡានៗ អា​ហ្នឹង​យ៉ាង​ម៉េច​ទៅ​វិញ?»

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​អះអាង​ថា មូលហេតុ​ដែល​អ្នក​ភូមិ​នៅ​តែ​អាច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់ ក្នុង​ទឹក​ដី​ថៃ បាន ដោយសារ​តែ​ទាហាន​នៅ​តាម​ច្រក​ព្រំដែន​ទទួល​យក​លុយ។ បច្ចុប្បន្ន ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ គឺ​ត្រូវ​ឆ្លង​កាត់​ច្រក ៣​ដំណាក់ ដោយ​គេ​ត្រូវ​បង់​លុយ​ទៅ​ឱ្យ​ទាហាន​ចំនួន​ប្រមាណ ១៣​ម៉ឺន​រៀល ដើម្បី​ជា​ថ្នូរ​នឹង​ការ​បើក​ឱ្យ​ឆ្លង​ដែន​ខុស​ច្បាប់​នោះ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ ធ្លាប់​បាន​ផ្តល់​តួលេខ​ត្រួសៗ​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មករា ដល់​ត្រឹម​ថ្ងៃ​ទី២១ ខែ​កក្កដា គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៩​នាក់ បាន​ស្លាប់ និង ៦​នាក់​រង​របួស ដោយសារ​ទាហាន​ថៃ បាញ់​រះ​នៅ​ពេល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។