ពលរដ្ឋនៅខេត្តកំពត និងខេត្តកែប សម្ដែងការសោកស្ដាយនៅពេលទទួលបានព័ត៌មានថា កម្មវិធីជំនួយមនុស្សធម៌របស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិក ហៅថា “ឃ្មុំសមុទ្រ” ត្រូវបានផ្អាកដោយគ្មានកាលកំណត់។ ការលើកឡើងបែបនេះ ដោយសារគម្រោង “ឃ្មុំសមុទ្រ” បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការអប់រំ និងសេវាសុខភាពសាធារណៈដល់ពលរដ្ឋ តាមរយៈការសាងសង់បង្គន់អនាម័យ បន្ទប់សម្ភព និងជំនួយជាសម្ភារៈពេទ្យជាច្រើនមុខទៀតដល់មណ្ឌលសុខភាព និងសាលារៀនមួយចំនួននៅក្នុងខេត្តទាំងពីរនេះ។
នាយកសាលា និងគ្រូពេទ្យមួយចំនួននៅខេត្តកំពត និងខេត្តកែប លើកឡើងដូចគ្នាថា ពួកគាត់មិនចង់ឱ្យមានការផ្អាកកម្មវិធីជំនួយមនុស្សធម៌របស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិក “ឃ្មុំសមុទ្រ” នោះទេ ព្រោះគម្រោងនេះបានរួមចំណែកជួយឱ្យសាលារៀន និងមណ្ឌលសុខភាពរបស់ពួកគាត់មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
កងកម្លាំងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងគម្រោង "ឃ្មុំសមុទ្រ" បានជួយកសាងបង្គន់អនាម័យចំនួន ៥បន្ទប់ អណ្ដូងទឹក ១ និងស៊ីទែនទឹក ១ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅវិទ្យាល័យចម្ការដូងក្នុងខេត្តកែប កាលពីឆ្នាំ២០១៤។ ចំណែកនៅខេត្តកំពត វិញ ក្រុមនេះបានជួយកសាងបន្ទប់ថែទាំក្រោយសម្រាលចំនួនពីរ និងជួយជួសជុលកែលំអមណ្ឌលសុខភាពកំពង់ក្រែង ដែលស្ថិតក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ។
វិទ្យាល័យចម្ការដូង ដែលស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប មានអគារសិក្សាចំនួន ៨ខ្នង ស្មើនឹង ៤៩បន្ទប់ និងមានសិស្សានុសិស្សសរុបជាង ៧០០នាក់ និងគ្រូបង្រៀនជាង ៨០នាក់។
វិទ្យាល័យនេះមានបន្ទប់ទឹកចំនួន ១៩ ដែល ១២បន្ទប់ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ២បន្ទប់ជាថវិការបស់សាលា និង ៥បន្ទប់ផ្សេងទៀត ជាជំនួយរបស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
នាយកវិទ្យាល័យចម្ការដូង លោក ឡុង សោភា បញ្ជាក់ប្រាប់អាស៊ីសេរីថា បង្គន់អនាម័យទាំង ៥បន្ទប់នេះ ចំណាយអស់ថវិកាសាងសង់ប្រមាណ ២ម៉ឺនដុល្លារអាមេរិក មានលក្ខណៈរឹងមាំ និងអាចបំពេញតម្រូវការសម្រាប់សិស្សានុសិស្សរយៈពេលច្រើនឆ្នាំទៅមុខទៀតបាន។ លោកថា ក្នុងមួយៗថ្ងៃ យ៉ាងហោចណាស់ក៏មានសិស្សានុសិស្សប្រមាណ ១០០នាក់ដែរ ដែលបានប្រើប្រាស់បង្គន់អនាម័យនេះ។ លោកបន្តថា បន្ទប់ទឹកចំនួន ៥ ដែលជាជំនួយរបស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយអនាម័យក្នុងសាលា និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សស្រី៖ « កាលណាសាលាមានបន្ទប់ទឹកគ្រប់គ្រាន់ មានទឹកសម្រាប់ប្រើប្រាស់ កត្តាបោះបង់ការសិក្សារបស់ក្មេងស្រីៗ គឺមិនសូវមានទេ តែបើអត់មានបន្ទប់ទឹកទេ សិស្សស្រីនឹងបោះបង់ច្រើន។ យើងមានបន្ទប់ទឹក យើងចំណេញបែបនេះ កាត់បន្ថយការបោះបង់។ យើងជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សកាន់តែប្រសើរឡើង » ។
នាយកសាលារូបនេះ សោកស្ដាយនៅពេលទទួលដំណឹងថា គម្រោងជំនួយមនុស្សធម៌ "ឃ្មុំសមុទ្រ" ត្រូវបានផ្អាក។ លោកថា បើសិនជាគម្រោងនេះនៅមានបន្ត នោះសាលារៀន និងមណ្ឌលសុខភាពជាច្រើនផ្សេងទៀត នឹងទទួលបានជំនួយបន្ថែមដើម្បីបំពេញកង្វះខាតរបស់ខ្លួនក្នុងការផ្ដល់សេវាអប់រំ និងសុខភាពដល់ពលរដ្ឋ៖ « បើមានជំនួយបន្តដល់តំបន់ ឬខេត្តដែលអត់ គឺជាចំណុចប្រសើរ ប៉ុន្តែផ្អាកបែបនេះ យើងមានការសោកស្ដាយត្រង់ថា យើងអត់បានទទួលជំនួយអ្វីពីគាត់តទៅទៀត។ បើសិនជាគាត់បន្ត គឺជាការល្អសម្រាប់តំបន់ដែលខ្វះខាត ឯអ្នកដែលមានហើយ យើងរក្សារបស់គាត់។ ចំពោះអ្នកដែលមិនទាន់មាន គាត់អាចជួយពង្រីកកិច្ចការនេះទៅអង្គភាព អគារ ឬសាលារៀន មន្ទីរពេទ្យផ្សេងដែលគាត់អត់ទាន់បានទទួលផល » ។
ចំណែកឯគ្រូពេទ្យនៃមណ្ឌលសុខភាពកំពង់គ្រែង ក្នុងខេត្តកំពត ដែលបានទទួលជំនួយពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏លើកឡើងស្រដៀងគ្នានេះដែរ។ បុគ្គលិកពេទ្យនៃមណ្ឌលសុខភាពកំពង់គ្រែង អ្នកស្រី សេង សូនី បញ្ជាក់ថា បន្ទប់ថែទាំក្រោយសម្រាលចំនួន ២បន្ទប់ដែលជាជំនួយរបស់កងវិស្វកម្មចល័តកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើឱ្យចំនួនស្ត្រីមកសម្រាលកូននៅមណ្ឌលសុខភាពកំពង់គ្រែង កើនឡើងពីចំនួន ៣ ឬ ៤នាក់ ទៅប្រមាណ ១០នាក់ក្នុងមួយខែ។
លោកស្រីសោកស្ដាយដែលកម្មវិធីជំនួយមនុស្សធម៌នេះ ត្រូវបានផ្អាកដោយគ្មានកាលកំណត់ ព្រោះវានឹងនាំឱ្យមណ្ឌលសុខភាពដទៃដែលកំពុងជួបប្រទះការខ្វះខាត ខកខានមិនបានទទួលជំនួយធ្វើឱ្យប៉ះពាល់ដល់ការផ្ដល់សេវាសុខាភិបាលជូនពលរដ្ឋ៖ « ខ្ញុំចង់ឲ្យមានជំនួយនេះបន្តទៀត ហើយបើសិនជាអាច គាត់អាចបន្តជួយទៅមណ្ឌលណាដែលសេវាមិនទាន់ដើរ ដូចជាផ្នែកសម្ភពជាដើម។ ផ្នែកសម្ភពមានមណ្ឌលមួយចំនួនសេវាអត់ទាន់រលូនទេ។ អ៊ីចឹងបើមានជំនួយរបស់ពួកគាត់តទៅទៀត ខ្ញុំសង្ឃឹមថានឹងដូចមណ្ឌលមួយនេះដែរ » ។
គិតចាប់តាំងពីឆ្នាំ២០០៨ មក កងវិស្វកម្មចល័តកងទ័ពជើងទឹកអាមេរិក ក្នុងគម្រោងឃ្មុំសមុទ្រ បានអនុវត្តគម្រោងសេវាសហគមន៍នានា មានតម្លៃជាទឹកប្រាក់សរុបជាង ៥លានដុល្លារអាមេរិក។ គម្រោងទាំងនេះ ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនពាន់នាក់ តាមរយៈការជួយសាងសង់មន្ទីរពេទ្យ បង្គន់អនាម័យ និងកែលំអសាលារៀនជាច្រើនក្នុងខែត្រចំនួន១១ ក្រោមកិច្ចសហការផ្ទាល់ជាមួយសមភាគីនានា រួមមានកងយោធពលខេមរភូមិន្ទ និងសហគមន៍មូលដ្ឋានជាដើម។
ទោះបីជាយ៉ាងណា កាលពីដើមខែមេសា កន្លងទៅ ស្ថានទូតអាមេរិក ស្រាប់តែបានប្រកាសថា រដ្ឋាភិបាលកម្ពុជា បានជូនដំណឹងមកស្ថានទូតអំពីការផ្អាកកម្មវិធីជំនួយមនុស្សធម៌នេះដោយគ្មានកាលកំណត់។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បញ្ជាក់ប្រាប់អាស៊ីសេរីថា ការផ្អាកនេះដោយសារភាគីកម្ពុជា មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីចូលរួមជាមួយក្រុមទាហានជើងទឹកអាមេរិក ត្បិតកងកម្លាំងកម្ពុជា កំពុងជាប់រវល់នឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រូវត្រៀមការពារសន្តិសុខសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។ លោកថា រដ្ឋាភិបាលនឹងបន្តកម្មវិធីជំនួយមនុស្សធម៌ "ឃ្មុំសមុទ្រ" នេះជាថ្មីទៀត បើសភាពការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៨ មានភាពធូរស្រាល៖ « ឃ្មុំសមុទ្រនេះមិនមែនគាត់ធ្វើមួយថ្ងៃ ឬមួយកន្លែងចប់ទេ គឺគាត់ធ្វើច្រើនកន្លែង ដូច្នេះយើងត្រូវមានកម្លាំងយើងចូលរួមគ្រប់កន្លែង។ អ៊ីចឹងយើងសុំគាត់ពន្យារពេលសិន។ យើងអត់មានមូលហេតុអ្វីផ្សេង ប៉ុន្តែអ្វីដែលយើងគ្រោងធ្វើជាមួយអាមេរិក គឺយើងនៅតែបន្តបន្ថែមទៀត។ យើងមានបញ្ចប់ទាំងអស់ឯណា ! យើងនៅមានបេសកកម្មជាច្រើនទៀត។ យើងនៅធ្វើដដែលតើ » ។
ការពន្យល់របស់អ្នកនាំពាក្យក្រសួងការពារជាតិ រូបនេះ ត្រូវបានអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ចាត់ទុកថា ជារឿងមិនសមហេតុផល។ លោកថា ខាងកងទ័ពមានតួនាទីការពារសន្តិសុខជាតិ ឯរឿងបោះឆ្នោត និងការប្រឆាំងគ្រឿងញៀន គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ លោកយល់ឃើញថា មូលហេតុពិតប្រាកដគឺជារឿងនយោបាយទៅវិញទេ ព្រោះរដ្ឋាភិបាលកម្ពុជា មាននិន្នាការលម្អៀងទៅរកចិន ជាជាងសហរដ្ឋអាមេរិក៖ « ដោយសារយើងជំពាក់ជំពិនរឿងខ្ចីលុយចិន កាន់តែច្រើនឡើងៗ យើងគេចមិនផុតពីការទទួលឥទ្ធិពលពីចិន។ នេះហើយដែលពេលខ្លះធ្វើឲ្យយើងបាត់នូវអធិបតេយ្យភាព ដោយសារតែយើងខ្ចីលុយពីមហាអំណាចតែមួយហ្នឹងច្រើនពេក ហើយមានរឿងផ្ទាល់ខ្លួនមួយពីរទៀតទាក់ទងនឹងសម្ពាធនយោបាយ។ យើងឃើញមានពាក្យបណ្ដឹងជាមួយកូនលោក ហ៊ុន សែន ក៏ជាផ្នែកមួយធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាចាប់ផ្តើមដើរចេញពីមហាអំណាចអាមេរិក » ។
កាលពីខែមករា កន្លងទៅកម្ពុជា ក៏បានសម្រេចចិត្តផ្អាកធ្វើសមយុទ្ធយោធា រួមគ្នាឈ្មោះ "ឆ្មាំអង្គរ" ជាមួយសហរដ្ឋអាមេរិកដែរ ក៏ប៉ុន្តែបែរជាបានធ្វើសមយុទ្ធយោធារួមគ្នាក្នុងទ្រង់ទ្រាយធំមួយឈ្មោះថា "នាគមាស" ជាមួយចិន នៅចុងឆ្នាំ២០១៦ ទៅវិញ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ចាត់ទុកការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលឱ្យផ្អាកកម្មវិធីជំនួយមនុស្សធម៌ "ឃ្មុំសមុទ្រ" ថា ជាការសម្រេចចិត្តមួយដែលមិនត្រឹមត្រូវ និងធ្វើឱ្យខូចប្រយោជន៍ពលរដ្ឋខ្លួនឯង។
ការផ្អាកកម្មវិធីជំនួយមនុស្សធម៌ "ឃ្មុំសមុទ្រ" នេះ នឹងបណ្ដាលឲ្យមានការលុបចោលគម្រោងនានា ដែលគ្រោងនឹងអនុវត្តសរុបចំនួន ២០ រួមមានដូចជាការសាងសង់មន្ទីរសម្ភព និងបន្ទប់ទឹកសាលារៀននៅខែត្រតាកែវ កំពត ត្បូងឃ្មុំ និងកំពង់ចាម ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។