ទីផ្សារលក់ចេញគ្រាប់ម្រេចបានធ្លាក់ថ្លៃទៅៗ ខណៈកសិករនៅខេត្តរតនគិរី នាំគ្នាដាំម្រេចកាន់តែច្រើន។ កសិករដាំម្រេចបារម្ភថា ប្រសិនបើតម្លៃលក់ចេញគ្រាប់ម្រេចចុះជាងនេះបន្តទៀតនោះ កសិករដាំម្រេចនឹងប្រឈមទៅនឹងការខាតបង់ប្រាក់សម្រាប់មុខរបរកសិកម្មមួយនេះ។
កសិករដាំម្រេចនៅខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ជួយធ្វើយ៉ាងណាឲ្យតម្លៃប្រមូលទិញគ្រាប់ម្រេចពីកសិករមានទីផ្សារសមរម្យ ទើបកសិករមានលទ្ធភាពពង្រឹងការដាំម្រេចពង្រីកជីវភាពគ្រួសារបានរីកចម្រើន។
តម្លៃទីផ្សារលក់ចេញគ្រាប់ម្រេចបច្ចុប្បន្ន ឈ្មួញប្រមូលទិញពីកសិករក្នុងមួយគីឡូក្រាមជាង ១ម៉ឺន ៤ពាន់រៀល គឺជាង ៣ដុល្លារអាមេរិកជាតម្លៃទាប បើប្រៀបធៀបឆ្នាំ២០១៦ គ្រាប់ម្រេចមានតម្លៃទីផ្សារជាង ៣ម៉ឺន ២ពាន់រៀល ឬជាង ៨ដុល្លារអាមេរិក។
កសិករដាំម្រេចនៅក្រុងបានលុង លោក នួន គឹមស្រ៊ី ត្អូញត្អែរថា កសិករដាំម្រេចកំពុងប្រឈមទៅនឹងក្ស័យធនដោយសារតែគ្រាប់ម្រេចធ្លាក់ថ្លៃដល់កម្រិតមិនអាចរកប្រាក់ចំណេញពីការលក់គ្រាប់ម្រេចបាន។ លោកកត់សម្គាល់ថា ថ្លៃឈ្នួលកម្មករ រួមទាំងការថែទាំ បូមទឹកដាក់ជីបំប៉ន និងតម្រូវការថ្នាំការពារសត្វល្អិតឋិតក្នុងកម្រិតខ្ពស់ ព្រោះដំណាំនេះត្រូវចំណាយដើមទុនច្រើន ទើបអាចប្រមូលផលបាន ហេតុនេះប្រសិនបើគ្រាប់ម្រេចធ្លាក់ថ្លៃជាងនេះទៀត កសិករនឹងត្រូវខាត៖ « តម្លៃប៉ុណ្ណឹងទៅអត់រួច ទប់អត់រួចទេ បានតែរួចខ្លួន សល់តិចតួចអត់ស្មើការប្រាក់ផង។ តម្លៃពលកម្មថ្លៃ តម្លៃជី ថ្លៃថ្នាំសព្វបែបយ៉ាងហ្នឹង បើយើងប្រៀបធៀបទូទាត់រយៈពេលតម្លៃហ្នឹងអត់ស្មើការប្រាក់ធនាគារដែលយើងជំពាក់ផង »។
ស្រដៀងគ្នានេះដែរ កសិករដាំម្រេចមួយរូបទៀត គឺលោក ហាក់ ឆៃហុក ចាត់ទុកការធ្លាក់ថ្លៃលក់ចេញគ្រាប់ម្រេចបច្ចុប្បន្ន គឺជាទុក្ខព្រួយរបស់អ្នកដាំម្រេច ជាពិសេសអ្នកដាំម្រេចលក្ខណៈគ្រួសារដែលមានប្រាក់ចំណូលទាប ហើយត្រូវចងការប្រាក់ពីធនាគារ ដើម្បីពង្រីកការដាំម្រេច។ លោកថា កសិករគ្មានជម្រើសអ្វីក្រៅពីសំណូមពរឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលជួយរកវិធីយ៉ាងណារកទីផ្សារទិញគ្រាប់ម្រេចឲ្យមានតម្លៃសមស្របដូចឆ្នាំ២០១៦ ទើបកសិករមានសង្ឃឹមប្រកបរបរដាំម្រេចបានតទៅទៀត៖ « អូ ! តែ ១ម៉ឺនខាតហើយ សោហ៊ុយ ជី បើយើងប្រើអាចម៍គោជីធម្មជាតិកាន់តែច្រើនទៀត។ អ្នកទិញច្រើនមកពីខាងមេមត់ ក្រុមហ៊ុនខាងឧកញ៉ា ភា ហ្នឹង បើចំណេញដូចអត់ចំណេញទេ »។
មុនឆ្នាំ២០០៨ នៅខេត្តរតនគិរី ចម្ការម្រេចមានប្រមាណជាង ១០ហិកតារដែលកសិករបានដាំ ក៏ប៉ុន្តែដំណាំនេះរីកចម្រើនជាបន្តបន្ទាប់រហូតបច្ចុប្បន្ន ដែលតួលេខរបស់មន្ទីរកសិកម្មខេត្តរតនគិរី ឲ្យដឹងថា ផ្ទៃដីដាំម្រេចបានកើនឡើងរហូតជាង ៩០០ហិកតារ ដែលកសិករបានដាំ និងកំពុងទទួលផលប្រមាណជាង ២ពាន់តោនក្នុងមួយឆ្នាំៗ។
ទាក់ទិនតម្លៃម្រេចធ្លាក់ថ្លៃនេះ អាជីវករប្រមូលទិញកសិផលនៅក្រុងបានលុង ខេត្តរតនគិរី លោក ភិន ដារ៉ា ឲ្យដឹងថា ម្រេចដែលកសិករផលិតបាននៅខេត្តរតនគិរី ច្រើននាំចេញទៅប្រទេសវៀតណាម ឬប្រទេសថៃ ក៏ប៉ុន្តែបច្ចុប្បន្នដោយសារគ្រាប់ម្រេចកាន់តែធ្លាក់ថ្លៃ ក្រុមអាជីវករក្នុងស្រុក បន្ថយ ឬឈប់ប្រមូលទិញដូចមុន នៅសល់តែក្រុមឈ្មួញវៀតណាម មកទាក់ទងទិញផ្ទាល់ពីកសិករក្នុងតម្លៃកាន់តែថោក។ លោកកត់សម្គាល់ថា ដោយសារម្រេចធ្លាក់ថ្លៃ កសិករខ្លះប្រឈមទៅនឹងកង្វះទុន ដើម្បីថែរក្សា ឬពង្រីកដំណាំនេះបន្ថែមនៅឆ្នាំក្រោយ៖ « សូម្បីតែមួយគីឡូក្រាមតម្លៃជាង ៣ដុល្លារ ក៏អត់មានអ្នកមកទិញដែរ រាល់ដងពេលធ្លាក់ថ្លៃមានអ្នកប្រថុយមកទិញទុក ឥឡូវគ្មានទេ មិនដឹងថាយ៉ាងម៉េចដែរ ព្រោះឃើញថាដើមទុនធំពេក ហើយពិបាកលក់ចេញ »។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ផ្ទៃដីដាំម្រេចនៅទូទាំងប្រទេសបានកើនឡើងពីជាង ១.៤០០ហិកតារនៅឆ្នាំ២០១២ ដល់ជាង ៥.៨០០ហិកតារនៅឆ្នាំ២០១៦ នេះ និងផ្តល់ទិន្នផលជាង ១ម៉ឺនតោន។ ដោយឡែកម្រេចនៅខេត្តកំពត មានតម្លៃទីផ្សារថេរចន្លោះពី ២០ ទៅ ៣០ដុល្លារក្នុងមួយគីឡូក្រាម ដោយសារតែកសិករខេត្តកំពត ដាំតាមស្តង់ដារទីផ្សារសហគមន៍អឺរ៉ុប។
ទោះជាយ៉ាងណាក៏ដោយ ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា ថ្លែងថា មន្ត្រីជំនាញត្រៀមលក្ខណៈរួចហើយដើម្បីចលនាឲ្យកសិករដាំម្រេចនៅខេត្តរតនគិរី នាំគ្នាចងក្រងជាសមាគមដាំម្រេច ដើម្បីសិក្សាតម្រូវការទីផ្សារដែលទាក់ទិនទៅនឹងបរិមាណ និងគុណភាពគ្រាប់ម្រេច ដើម្បីស្វែងរកទីផ្សារនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េ ទើបធ្វើឲ្យតម្លៃម្រេចអាចកើនឡើងវិញបាន។ លោកអំពាវនាវឲ្យកសិករដាំម្រេច នាំគ្នាប្រែក្លាយការដាំម្រេចសរីរាង្គងាយរកទីផ្សារនៅប្រទេសធំៗលើពិភពលោក ដោយមិនចាំបាច់ពឹងផ្អែកលើទីផ្សារប្រទេសវៀតណាម ឬថៃ៖« ម្រេចកំពត គេបានចុះបញ្ជីពិនិត្យទៅលើស្តង់ដារគុណភាពរបស់វា គេមានកុងត្រាជាមួយអ្នកទិញច្បាស់លាស់។ ម្រេចកំពត គេមានសហគមន៍របស់គេ។ អាចឆ្នាំក្រោយ ឬចុងឆ្នាំនេះ យើងនឹងប្រមូលអ្នកដាំម្រេចដើម្បីចងក្រងគាត់ »។
នៅខេត្តរតនគិរី តំបន់ដាំម្រេចច្រើនមាននៅស្រុកអូរយ៉ាដាវ បរកែវ អូរជុំ ក្រុងបានលុង។ ចម្ការម្រេចមួយហិកតារ កសិករត្រូវចំណាយប្រាក់ប្រមាណ ៣ ទៅ ៤ម៉ឺនដុល្លារទៅលើពូជ ឈើជន្លង់ ឈ្នួលកម្មករ ជី ថ្នាំសម្លាប់សត្វល្អិត និងឧបករណ៍បន្ទាប់បន្សំផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។