ប្រជាកសិករដាំដំណាំម្រេចនៅឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើកឡើងថា ដំណាំម្រេចរបស់ពួកគាត់បានងាប់ជាច្រើន និងបន្តងាប់បន្ថែមទៀត។ កសិករនៅមិនទាន់ដឹងច្បាស់ពីមូលហេតុបណ្ដាលឲ្យម្រេចងាប់នោះទេ ប៉ុន្តែអ្នកខ្លះថាដោយសារភ្លៀងធ្លាក់ច្រើនកាលពីពេលកន្លងទៅ បណ្ដាលឲ្យរលួយ ឬការប្រើប្រាស់ថ្នាំ និងជីមិនត្រឹមត្រូវជាដើម។ ទោះជាយ៉ាងនេះក្តី ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មិនទាន់អាចសន្និដ្ឋានបានទេអំពីមូលហេតុនេះ ប៉ុន្តែលោកបញ្ជាក់ថា នឹងចុះពិនិត្យមើលភាពជាក់ស្តែងតែម្តង។
កសិករមួយចំនួនដែលដាំម្រេចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ អះអាងថា ពួកគាត់អាចនឹងលក់ដីចម្ការដើម្បីដោះស្រាយសងបំណុលធនាគារតែម្តង។
ការលើកឡើងបែបនេះ ក្រោយពេលដំណាំម្រេចរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់ ហើយមានកសិករខ្លះបញ្ជាក់ថា ចម្ការម្រេចរបស់ពួកគេ គឺងាប់អស់ទាំងស្រុងទៀតផង។
កសិករនៅឃុំទ្រាក លោក ចាន់ រ៉ន មានប្រសាសន៍ថា ដីចម្ការម្រេចរបស់លោកជិត ១ហិកតារ ដែលបានដាំម្រេចចំនួនជាង ១ពាន់ជន្លង់ គឺងាប់គ្មានសល់ឡើយ។ លោកមិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីទេ ប៉ុន្តែជំងឺដែលកើតឡើងលើដំណាំម្រេចរបស់ពួកគាត់ គឺប្រៀបដូចជាជំងឺអាសន្នរោគ ព្រោះវាឆ្លងរាលដាលថែមទៀត។ កសិកររូបនេះបញ្ជាក់ថា ម្រេចរបស់លោកទើបតែមានអាយុ ២ឆ្នាំ ហើយផ្តល់ផលបានមួយឆ្នាំប៉ុណ្ណោះ ដោយអះអាងថា ដើមទុន គឺគ្រួសារគាត់បានខ្ចីបុលពីគេ និងមិនទាន់សងប្រាក់គេគ្រប់ចំនួននៅឡើយ៖ « ដាំកើតហើយ អ៊ីចឹង យើងខ្ចីលុយគេដាំ ដល់វាងាប់អ៊ីចឹង »។
កសិករដដែលបញ្ជាក់ថា ដំណាំម្រេចនៅតំបន់ដែលលោករស់នៅ គឺងាប់អស់ប្រមាណ ៧ហិកតារ ហើយលោកនឹងមិនដាំដំណាំនេះទៀតទេ។
ស្រដៀងគ្នានេះ សមាជិកក្រុមប្រឹក្សាស្រុកមេមត់ មកពីគណបក្សប្រឆាំង និងជាកសិករដាំម្រេចដែរនោះ លោក អ៊ុក ផុន បញ្ជាក់ថា កសិករមួយចំនួនត្រូវប្រឈមបញ្ហាជំពាក់ប្រាក់ធនាគារដូចៗគ្នា ដោយសារដំណាំម្រេចរបស់ពួកគាត់ងាប់ជាបន្តបន្ទាប់។ លោកមិនទាន់ដឹងប្រាកដអំពីមូលហេតុដែលបណ្ដាលឲ្យម្រេចងាប់ឡើយ ប៉ុន្តែលោកយល់ថា អាចដោយសារទឹកភ្លៀងធ្លាក់ច្រើនកាលពីពេលកន្លងទៅ ម្យ៉ាងអាចដោយសារកត្តាប្រើប្រាស់ថ្នាំ ឬជីមិនបានត្រឹមត្រូវ។
លោកបន្ថែមថា ដំណាំម្រេចរបស់កសិករចាប់ផ្ដើមងាប់តាំងពីខែតុលា រហូតមកដល់បច្ចុប្បន្ន។ ម្រេចរបស់លោកជាង ៨០០ជន្លង់ ដែលមានអាយុប្រហែល ៧ឆ្នាំ គឺងាប់អស់ជាង ៥០០ជន្លង់រួចទៅហើយ។ ដ្បិតតែកសិករត្រូវប្រឈមបញ្ហាបែបនេះក្តី លោក អ៊ុក ផុន អះអាងថា មន្ត្រីជំនាញកម្រឃើញចុះណែនាំប្រជាពលរដ្ឋពីវិធីការពារ ឬដោះស្រាយបញ្ហាប្រឈមទាំងនោះណាស់៖ « បញ្ហាប្រឈមធំ មែនទែន គឺមិនអាចរកបំណុលសងធនាគារតែម្តង ពីព្រោះប្រជាពលរដ្ឋ នៅទីនេះ នៅឃុំ របស់ខ្ញុំ នេះ គាត់សង្ឃឹមទៅលើដំណាំម្រេចតែមួយមុខគត់ ហើយដំឡូង មិនបាន ផល អ៊ីចឹង គឺមានតែម្រេច »។
ទាក់ទងបញ្ហានេះ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ បញ្ជាក់ថា ខាងលោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ ប៉ុន្តែខាងលោកនឹងចុះទៅពិនិត្យឲ្យបានជាក់ស្តែង ថាតើមានចម្ការម្រេចរបស់កសិករប៉ុន្មានគ្រួសារ និងប៉ុន្មានហិកតារដែលរងផលប៉ះពាល់ ហើយបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដ?៖ « អ៊ីចឹងយើងមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងម៉េចទេ ទាល់តែ យើងទៅ មើលសិន ហើយយើងនឹងព្យាយាមពន្យល់គាត់ »។
ផ្ទៃដីដាំម្រេចនៅខេត្តត្បូងឃ្មុំ មានចំនួនជាង ២ពាន់ហិកតារ។
យ៉ាងណាក៏ដោយ កសិករចង់ឲ្យមន្ត្រីជំនាញចុះណែនាំពីបច្ចេកទេសទប់ស្កាត់ ឬវិធីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានដល់មូលដ្ឋានផ្ទាល់របស់ពួកគាត់។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា ហៅកាត់ថា សេដាក (CEDAC) លោក សម វិទូ យល់ថា ដើម្បីដឹងឲ្យច្បាស់ថាតើការងាប់នោះបណ្ដាលមកពីមូលហេតុអ្វី គេត្រូវចុះពិនិត្យ និងវិភាគឲ្យបានត្រឹមត្រូវ។ លោកថា ជាទូទៅជំងឺរបស់ម្រេចរួមមានជំងឺផ្សិត ដែលបំផ្លាញឫសរបស់ម្រេច និងពពួកវីរុសដែលស៊ីឫសម្រេច ហើយជំងឺប្រភេទនេះ គឺឆ្លងយ៉ាងឆាប់រហ័សទៀតផង៖ « បើសិនជា យើង ដឹងថា វាកើតមួយដើមអីហើយ គឺយើងត្រូវដកចោលជាបន្ទាន់ ហើយ យកទៅ ដុតចោល ទៀត »។
លោក សម វិទូ បន្ថែមថា បញ្ហាចំពោះមុខ មន្ត្រីជំនាញត្រូវចុះពិនិត្យមើលភាពជាក់ស្តែង ដើម្បីរកវិធីការពារ ឬទប់ស្កាត់ និងណែនាំដល់កសិករ ថាតើពួកគេត្រូវធ្វើបែបណា និងត្រូវដាំដំណាំប្រភេទអ្វីបន្តទៀត ក្រោយពេលដំណាំម្រេចរបស់ពួកគេជួបឧបសគ្គបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។