លោក ហ៊ុន សែន សន្យា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ខណៈ​ការ​បោះឆ្នោត​ជិត​មក​ដល់

ដោយ ថា កិត្យា
2017-08-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨ និង​ផ្តល់​កាដូ​ពិសេស​មួយ​ចំនួន​ទៀត​នៅ​មុន​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់។ ការ​សន្យា​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា។ រីឯ​សហជីព​សម្ដែង​ការ​សាទរ ប៉ុន្តែ​យល់​ថា​ប្រាក់​ឈ្នួល​នេះ​នៅ​តែ​មិន​ទាន់​សមរម្យ​សម្រាប់​ការ​រស់នៅ​របស់​កម្មករ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​ជាង ៤​ពាន់​នាក់ (.២៧០​នាក់) មក​ពី​រោងចក្រ​ចំនួន​៩៣ ផ្សេង​គ្នា​តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ។

ក្រោយ​ពី​ជួប​ជាមួយ​កម្មករ​នោះ លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​លោក​ថា ប្រាក់ខែ​របស់​កម្មករ​នៅ​ឆ្នាំ​២០១៨ តិច​បំផុត គឺ​អាច​នឹង​ឡើង​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​ការងារ។

លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ដែរ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩ ខាង​មុខ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។

ការ​ប្រកាស​ផ្តល់​កាដូ​ពិសេស​ឲ្យ​កម្មករ​រោងចក្រ​នៅ​មុន​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ហៅ​កម្មករ​មក​ជួប​សំណេះសំណាល​រៀង​រាល់​ថ្ងៃ​អាទិត្យ និង​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​នៅ​តាម​រោងចក្រ​សហគ្រាស​រៀង​រាល់​ថ្ងៃ​ពុធ ដែល​លោក ហ៊ុន សែន អះអាង​ថា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាង​ថា នេះ​គឺ​ជា​ដំណឹង​ល្អ និង​ជា​ជោគជ័យ​មួយ​របស់​កម្មករ ដែល​រដ្ឋាភិបាល​បាន​ជួប ហើយ​និង​បាន​សម្រេច​ចិត្ត​ផ្តល់​ជូន​ភ្លាមៗ​បន្ទាប់​ពី​សហជីព​ធ្លាប់​ជួប​ចរចា​ទាមទារ​ជា​យូរ​មក​ហើយ​នោះ។ លោក​បន្ថែម​ថា ការ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​ដែល​មិន​ទាន់​បាន​ចូល​តុ​ចរចា​ជជែក​គ្នា​នេះ ក៏​ជា​ផ្នែក​មួយ​ដើម្បី​ទាក់ទាញ​រក​សន្លឹកឆ្នោត​ពី​កម្មករ​ដែរ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ថា​ប្រាក់​ឈ្នួល​ដែល​គ្រោង​នឹង​ដំឡើង ១៦៨​ដុល្លារ​នេះ គឺ​មិន​ទាន់​សមរម្យ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​គិត​ថា​យ៉ាង​ហោច​ក៏​ល្បាក់ ២០០​ដុល្លារ​ដែរ ហើយ​ការ​ផ្តល់​ឲ្យ ១៦៨​ដុល្លារ​នេះ​សម្រាប់​ការ​រស់នៅ​សមរម្យ​បច្ចុប្បន្ន ខ្ញុំ​គិត​ថា​នៅ​តែ​ទាប​នៅ​ឡើយ​ទេការ​ផ្តល់​ឲ្យ​ទាប​នេះ ខ្ញុំ​គិត​ថា​ប្រសិន​ជា​រដ្ឋាភិបាល​បន្ថយ​តម្លៃ​ទំនិញ​ទីផ្សារ ឬ​ក៏កាត់​បន្ថយ​នូវ​ទឹក​ភ្លើង ឬ​ក៏​ពន្ធ ឬ​ក៏​បញ្ហា​ផ្ទះ​ជួល​បាន​ហ្នឹង ដែល​កម្មករ​មិន​អាច​ចំណាយ​ខ្ពស់​ទៀត ខ្ញុំ​គិត​ថា​វា​អាច​ប្រសើ ប៉ុន្តែ​ប្រសិន​បើគ្រាន់​តែឡើង​ប្រាក់​ឈ្នួល ហើយ​បញ្ហា​ផ្សេងៗ​វា​នៅ​ដដែល ហើយ​ឡើង​ប្រាក់​ឈ្នួល​ទាប​ប៉ុណ្ណឹង ខ្ញុំ​គិត​ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ វា​នៅ​រាង​ស្ទើ»

ទន្ទឹម​គ្នា​នេះ លោក អាត់ ធន់ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ខាង​ក្រុមហ៊ុន​រោងចក្រ​ទូទាំង​ប្រទេស ជួយ​ផ្តល់​នូវ​អាហារូបត្ថម្ភ​ដល់​កម្មករ​ក្នុង​ពេល​ថ្ងៃ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា សព្វថ្ងៃ​នេះ​មាន​កម្មការិនី​ជាច្រើន​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​តែ​ការ​ហូប​ចុក​មិន​គ្រប់គ្រាន់ ខ្វះ​ជីវជាតិ និង​មាន​បញ្ហា​សុខភាព។ លោក​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១០ កំពុង​អនុវត្ត​ផ្តល់​អាហារូបត្ថម្ភ​នេះ​ដល់​កម្មករ។

របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា មាន​រោងចក្រ​ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់​ដេរ ចាក់​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ជាង ១​ពាន់ (.០៧៩) និង​មាន​កម្លាំង​ពលកម្ម​បម្រើ​ការ​ក្នុង​វិស័យ​នេះ​ជិត ៨​សែន​នាក់។ ដោយឡែក​ប្រាក់ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៧ គឺ​ចំនួន ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ។

គិត​ចាប់​ពី​ដើម​ខែ​សីហា រហូត​មក​ដល់​ពេល​នេះ ករណី​កម្មការិនី​រោងចក្រ​បម្រើ​ការ​ក្នុង​វិស័យ​កាត់​ដេរ​បាន​ដួល​សន្លប់ និង​ស្លាប់​ស្ទើរ​បន្ត​កន្ទុយ​គ្នា។ កាល​ពី​ថ្ងៃ​ទី​៣ សីហា កម្មការិនី​កាត់​ដេរ​ម្នាក់​នៅ​ក្នុង​រោងចក្រ យ៉ាកជីន (Yakjin) ក្នុង​ខេត្ត​កំពង់ស្ពឺ ឈ្មោះ មាស ស្រីល័ក្ខ ក៏​បាន​ដួល​សន្លប់ និង​ស្លាប់ បន្ទាប់​ពី​ធ្វើ​ការ​ថែម​ម៉ោង។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​វិញ កម្មការិនី​ចំនួន ១០៦​នាក់​នៅ​រោងចក្រ ញ៉ូវ អរេន ខេមបូឌា ហ្គាមិន (New Orient) និង​កម្មការិនី​ចំនួន ៩​នាក់​នៅ​រោងចក្រ លូស៊ីដា កម្ពុជា (Lucida Cambodia Enterprise Co., Ltd) ដែល​រោងចក្រ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ម្ដុំ​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ ក៏​បាន​ដួល​សន្លប់​ផ្ទួនៗ​ដែរ។ ករណី​ចុង​ក្រោយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា នៅ​រោងចក្រ ខេបូយូនិសូល អិល.ធី.ឌី (Cambounisol Ltd) ស្ថិត​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ ហ៊ៅ ស្រីនាត បាន​ដួល​សន្លប់​បាត់​ស្មារតី ហើយ​ក្រោយ​មក​បាន​ស្លាប់​ភ្លាមៗ​នៅ​ពេល​កំពុង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល។ ករណី​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់​នេះ គេ​សង្ស័យ​ថា​អាច​ដោយសារ​ការ​ហូប​ចុក​អាហារ​គ្មាន​ជីវជាតិ ធ្វើ​ការ​លើស​កម្លាំង ព្រម​ទាំង​រោងចក្រ​គ្មាន​បរិយាកាស​ល្អ និង​គ្មាន​ស្តង់ដារ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Hun Sen ccp ophobia plot to destroy other political parties

Hey...pple got to be smart vote and time to change...change....change....change in 2018,don't let this bad man to fool u threatening all of u around.As the khmer pple,we're so tired to see or heard this horrible man voodoo on the street.This horrible must face a justice ahead at"ICC",so everyday this worries about a lose national election coming,worry about his life,family lives,crimes he committed,and committed atrocities on khmers pple.That's why everyday he didn't care about the national issues,just create many bad things to destroy opposition parties by his knew rule.This bad man violated the khmer's constitution laws and violated monarchy's rule and international rule of laws"time to face a justice".

Aug 21, 2017 05:30 AM

ចំរើន

ពី កំពត

ហ៊ុនសែន,ជិតដល់បោះឆ្នោតដើរសន្យា ពេលបោះឆ្នោតហើយអ្នកណាតវ៉ា ក្បាលនឹងគល់ឫស្សីឬវាយបែកធ្មេញ .

Aug 21, 2017 02:58 AM

អ្នក​អាន​អនាមិក

well, well does Hun sen or CPP party bribe people to vote for his CPP party? if yes what is the evident to prosecute this party or Hun Sen.

Aug 21, 2017 01:52 AM

គេហទំព័រ​ទាំងមូល