លោក ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​ប្រមូល​ពន្ធ ដើម្បី​បង្កើន​ចំណូល​ថវិកា​ជាតិ។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​វិស័យ​ឯកជន ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ ដើម្បី​ជំរុញ​ការ​ប្រកួត​ប្រជែង​រវាង​សហគ្រាស​ក្នុង​ស្រុក និង​សហគ្រាស​ក្រៅ​ប្រទេស។

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង វិស័យ​ឯកជន នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ប្រកាស​ច្រាន​ចោល​សំណើ​របស់​វិស័យ​ឯកជន ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​លើក​លែង​ពន្ធ និង​បញ្ចុះ​ពន្ធ​លើ​មុខ​របរ​មួយ​ចំនួន។ លោក​ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យ​មើល​ក្រុមហ៊ុន​ឯកជន​ណា​ដែល​នៅ​ជំពាក់​ថ្លៃ​ពន្ធ​ជូន​រដ្ឋ និង​ទារ​ប្រាក់​ទាំង​នោះ​យក​ទៅ​បង្កើន​ចំណូល​ថវិកា​ជាតិ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា នៅ​កម្ពុជា មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ជំពាក់​លុយ​ពន្ធ​ដែល​ត្រូវ​បង់​ជូន​រដ្ឋ​រាប់​រយ​លាន​រៀល។ ការ​ជំពាក់​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ប្រាប់​ថា ព្រោះ​តែ​ការ​រក​ស៊ី​ខាត​បង់ ប៉ុន្តែ​ករណី​នេះ​គួរ​ឲ្យ​សង្ស័យ។ លោក​បន្ត​ថា ក្រុមហ៊ុន​ខ្លះ​ថែម​ទាំង​បាន​គេច​ពន្ធ​រក​ស៊ី​មិន​ស្មោះត្រង់ និង​អ្នក​ខ្លះ​ទៀត​លួច​បន្លំ​ពន្ធ​លើ​ប្រាក់​ខែ​ទៀត​ផង។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បន្ថែម​ពន្ធ ឬ​បង្កើត​ពន្ធ​ថ្មី​ទេ តែ​រដ្ឋាភិបាល​នឹង​រឹត​បន្តឹង​ការ​ប្រមូល​ពន្ធ​បន្ត​ទៀត៖ «អ៊ីចឹង មួយ​ផ្នែក​បង្កើន​នៃ​ការ​ចំណាយ និង​មួយ​ផ្នែក​ធ្លាក់​ចុះ​ប្រាក់​ចំណូល។អ៊ីចឹង​ទេ គួរ​រក​វិធាន​ការ​ផ្សេង ពន្ធ​នៅ​រក្សា​ដដែល តែ​អា​ល្បឿន​នៃ​ការងារ​នោះ​ត្រូវ​លឿន​ជាង​មុន»

តាម​ប្រសាសន៍​របស់ លោក ហ៊ុន សែន បន្ទាប់​ពី​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​ចំណូល​ពន្ធ​គយ មាន​អត្រា​កើន​ឡើង​ចំនួន ២០% រាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មក។ ហើយ​រយៈពេល ៣​ខែ​ចុង​ក្រោយ​នេះ ចំណូល​ពន្ធ​គយ​មាន​ចំនួន​ជា​មធ្យម​ជាង ១០០​លាន​ដុល្លារ​ក្នុង​១​ខែៗ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ចំណូល​ពន្ធ​ជាច្រើន​លាន​ដុល្លារ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​មន្ត្រី​ពុក​រលួយ។ លោក​បន្ត​ថា ពលរដ្ឋ​កម្ពុជា គ្រប់​រូប​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដោយ​ជៀស​មិន​រួច តាម​រយៈ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សេវា​សាធារណៈ​ដែល​ផ្តល់​មក​វិញ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «ជា​ការ​ស្រោចស្រង់​នៃ​ដង្ហើម​សេដ្ឋកិច្ច​ជាតិ វា​ជា​ចំណូល​ថវិកា​ជាតិ​ដ៏​ធំ​មួយ នៅ​ពេល​ដែល​ប្រព័ន្ធ​នៃ​ការ​ប្រមូល​ពន្ធ​ហ្នឹង ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ។ បើ​សិន​ចំណូល​ពន្ធ​កាន់​តែ​ច្រើន តែ​សេវា​សាធារណៈ​នៅ​តែ​ដដែល​ហ្នឹង វា​មិន​មាន​អី​ប្លែក​ទេ»

សង្គម​ស៊ីវិល​ធ្លាប់​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា បាត់​បង់​ចំណូល​ចូល​ថវិកា​ជាតិ​ជា​មធ្យម​ចំនួន ៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ដោយសារ​អំពើ​ពុក​រលួយ។ តាម​ការ​សិក្សា​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ក៏​បាន​រក​ឃើញ​ថា កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា ជាប់​ជា​ប្រទេស​ដែល​អ្នក​វិនិយោគទុន​វាយ​តម្លៃ​ថា ពុក​រលួយ​ជាង​គេ​ក្នុង​តំបន់​អាស៊ាន។ នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រុម​វិនិយោគិន​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បោស​សម្អាត​អំពើ​ពុក​រលួយ និង​លុប​បំបាត់​ការិយាធិបតេយ្យ​ដែរ។

ទាក់ទង​នឹង​តម្លាភាព​នៃ​ការ​ចាយ​វាយ​ថវិកា​ជាតិ​វិញ វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO FURUM) បាន​រក​ឃើញ​ថា កម្ពុជា ជា​ប្រទេស​ផ្សព្វផ្សាយ​ព័ត៌មាន​ស្ដីពី​ថវិកា​ជាតិ​មិន​គ្រប់គ្រាន់។ ក្នុង​បញ្ហា​ព័ត៌មាន​តម្លាភាព​ថវិកា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កម្ពុជា ជា​ប្រទេស​អន់​បំផុត​លំដាប់​ទី​២ បន្ទាប់​ពី​ភូមា។

សង្គម​ស៊ីវិល​ក៏​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​សាមញ្ញ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ពី​ព័ត៌មាន​ថវិកា​ជាតិ ព្រោះ​តែ​រដ្ឋាភិបាល​មិន​បាន​បោះ​ផ្សាយ​របាយការណ៍​សម្រាប់​ប្រជាពលរដ្ឋ។ ចំពោះ​របាយការណ៍​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​បោះ​ផ្សាយ ភាគ​ច្រើន​ជា​របាយការណ៍​យឺត​ពេល មាន​ចរិត​លាក់​បាំង​បម្រើ​តែ​ការងារ​ផ្ទៃ​ក្នុង និង​ដាក់​ឲ្យ​ស្ថិត​នៅ​រប៉ាត់រប៉ាយ​ពិបាក​រក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។