ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គំរាមធ្វើបាតុកម្មបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាថ្មីទៀត នាពេលឆាប់ៗខាងមុខនេះ ដើម្បីសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយសម្រួលនូវលក្ខខណ្ឌជាច្រើនចំណុចពាក់ព័ន្ធទៅនឹងការប្រកបរបរចិញ្ចឹមជីវិតរបស់កម្មករ អ្នករត់ម៉ូតូឌុប អ្នករត់រម៉កម៉ូតូកង់បី អ្នករត់តាក់ស៊ី និងក្រុមអាជីវករ ដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចូលទៅក្នុងទឹកដីថៃ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី ថ្លែងកាលពីថ្ងៃទី១៣ ខែមិថុនា ថា គម្រោងធ្វើបាតុកម្មនាពេលខាងមុខនេះ គឺជាការឆ្លើយតបទៅនឹងអ្វីដែលអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពុំបានយកចិត្តទុកដាក់ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ៖ «ហើយការធ្វើបាតុកម្មលើកក្រោយ គឺយើងអត់ហែក្បួនទេ ប៉ុន្តែយើងសុំធ្វើនៅក្បាលស្ពានតែម្ដង។ ផលប៉ះពាល់ គឺមានភាពធ្ងន់ធ្ងរចំពោះកម្មករអូសរទេះ ចំពោះអ្នកក្រីក្រណាស់ ពីព្រោះសំបុត្រថ្លៃ ២២០បាតនេះ អ្នកខ្លះគាត់អត់មានលុយធ្វើ ហើយគាត់រកបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។ ពេលដល់ខែ ត្រូវធ្វើកាតចូលផ្សារថៃ បង់ ២២០បាតទៀត។ អ៊ីចឹង គាត់ខ្វះខាតអត់មានសល់លុយ អ៊ីចឹងគាត់ត្រូវទៅខ្ចីបុលគេ ព្រោះកម្មករអូសរទេះមិនមែនសុទ្ធតែអ្នកមានទេ គឺអ្នកក្រ។ តាមមើលទៅ រឿងនេះប្រហែលឃុបឃិតគ្នាយកលុយ»។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ កម្មករ អ្នករត់ម៉ូតូឌុប អ្នករត់រម៉កម៉ូតូកង់បី អ្នករត់តាក់ស៊ី និងក្រុមអាជីវករជាច្រើនរយនាក់ ដឹកនាំដោយសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ហៅកាត់ថា ស.ព.ស.ក បានរួមគ្នាដង្ហែក្បួនបាតុកម្មចេញពីវត្តបាលិលេយ្យ ទៅរង្វង់មូលក្រុងប៉ោយប៉ែត ទៅសាលាក្រុងប៉ោយប៉ែត ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងទៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ហើយបានដាក់ញត្តិជូនអាជ្ញាធរក្រុងប៉ោយប៉ែត។ ក្នុងនោះ ពួកគេបានទាមទារឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បញ្ឈប់ការជំរិតយកប្រាក់ចំនួន ២២០បាត ពីប្រជាពលរដ្ឋដែលចូលទៅធ្វើលិខិតបញ្ជាក់ ដើម្បីធ្វើកាតចេញចូលទៅផ្សាររោងក្លឿ ក្នុងទឹកដីថៃ។ ទាមទារមានការកំណត់ថា សំបុត្រសម្រាប់ចេញចូលទៅផ្សាររោងក្លឿថៃ មួយសន្លឹកនោះ អាចប្រើប្រាស់បានពេញមួយថ្ងៃសម្រាប់មនុស្សម្នាក់ចេញចូលទៅក្នុងទឹកដីថៃ។ ទាមទារឲ្យមន្ត្រីដែលគ្មានសមត្ថកិច្ចប្រមូលពន្ធជូនរដ្ឋ បញ្ឈប់ការទារប្រាក់ពីកម្មករអូសរទេះ។ ទាមទារឲ្យមន្ត្រីមានសមត្ថកិច្ចបញ្ឈប់ការចាប់អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងក្រុមអាជីវករ ជំរិតយកប្រាក់តទៅទៀត និងសុំឲ្យអ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី ត្រូវមានសិទ្ធិចូលទៅហៅភ្ញៀវ និងដឹកភ្ញៀវបរទេសបានដោយគ្មានការរំខាន និងការរារាំងពីសមត្ថកិច្ចនគរបាល។ ម្យ៉ាងវិញទៀត សុំឲ្យអាជ្ញាធរមានសមត្ថកិច្ច កុំអនុញ្ញាតឲ្យរថយន្តទេសចរណ៍ ឬរថយន្តក្រុងចូលទៅចតចាំដឹកភ្ញៀវបរទេសនៅក្នុងបរិវេណរង្វង់មូលក្រុងប៉ោយប៉ែត។
ក្រៅពីចំណុចទាំងនេះ នៅមានចំណុចជាច្រើនទៀតដែលពួកគេបានទាមទារ ដូចជាការប្រថាប់ត្រាលើប័ណ្ណឆ្លងកាត់ព្រំដែនយកតម្លៃ ៧០បាតនោះជាដើម៖ «ភាពអវិជ្ជមានពាក់ព័ន្ធលើការយកលុយចំនួន ៧០បាត គឺជារឿងខុសច្បាប់ហើយ ព្រោះអីក្នុងច្បាប់អត់មានចែងឲ្យយកសូម្បីអាជ្ញាធរថៃ គេអត់យកទេ វ៉ៃចេញវ៉ៃចូល គឺអត់យក សម្រួលឲ្យប្រជាពលរដ្ឋឆ្លងដែន។ ប៉ុន្តែ សមត្ថកិច្ចកម្ពុជា ពេលដែលវ៉ៃម្ដងយក ៧០បាត ហើយលុយខ្មែរគិតដល់ ១ម៉ឺនជាង។ អ៊ីចឹងសមត្ថកិច្ចជានគរបាលជាតិ សួរថា គាត់បម្រើឲ្យខ្មែរ ឬបម្រើឲ្យថៃ? ពេលយើងសួរគាត់ថា យកលុយ គាត់ថាយកអោយថៃ។ អ៊ីចឹងរាល់ថ្ងៃ គាត់មិនមែនបម្រើឲ្យរាជរដ្ឋាភិបាលកម្ពុជា គាត់ជាកញ្ជះថៃ»។
ទោះយ៉ាងណា អាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅពុំទាន់បានឆ្លើយតបចំពោះការទាមទាររបស់កម្មករនេះនៅឡើយ។ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ថ្លែងថា កំពុងជាប់ប្រជុំ។ ចំណែកអភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន ដែលទើបឡើងកាន់តួនាទីអភិបាលខេត្តថ្មី បញ្ជាក់ថា ពុំទាន់បានទទួលរបាយការណ៍ពីអាជ្ញាធរក្រុងប៉ោយប៉ែត៖ «អត់ទាន់បានទទួលលិខិតដែលគេយកទៅដាក់នៅសាលាក្រុង គេបញ្ជូនមកយកមកពិនិត្យ»។
ប៉ុន្តែ លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា អះអាងថា អាជ្ញាធរខេត្តបានដឹងពីបញ្ហានេះ ព្រោះកាលពីថ្ងៃទី១០ និងទី១៦ ខែឧសភា មន្ត្រីរបស់សាលាក្រុងប៉ោយប៉ែត និងមន្ត្រីសាលាខេត្តបន្ទាយមានជ័យ បានជួបប្រជុំជាមួយតំណាងសមាគមរួចមកហើយ។ នៅពេលនោះ សាលាក្រុងបានសន្យាជួយសម្រួលតាមការស្នើសុំរបស់កម្មករ ប៉ុន្តែការសន្យានោះធ្វើឡើងតែមាត់ ប៉ុន្តែការអនុវត្តនៅដដែល។ ដូច្នេះ ទើបមានការធ្វើបាតុកម្មកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ៖ «ប៉ុន្តែជាលទ្ធផល ការអនុវត្តវាអត់មាន ការចរចាលើតុបានឯកភាពយល់ព្រមទទួលយកដំណោះស្រាយ ប៉ុន្តែវាអត់មានលទ្ធផលអីក្នុងការអនុវត្ត។ ខ្ញុំគិតថា នេះគ្រាន់តែជាលេសដោះសាររបស់ចៅហ្វាយក្រុង និងចៅហ្វាយខេត្ត។ ការពិត ពួកគេមិនមានចេតនាចង់ដោះស្រាយជូនប្រជាពលរដ្ឋទេ»។
សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ឲ្យដឹងថា កន្លងទៅនេះមានបញ្ហាជាច្រើនបានកើតមានឡើងលើអ្នករត់ម៉ូតូឌុប។ អ្នករត់ម៉ូតូឌុបត្រូវសមត្ថកិច្ចចាប់ជំរិតទារលុយពី ២ម៉ឺន ៥ពាន់បាត ទៅដល់ ៥ម៉ឺនបាត នៅគ្រាដែលពួកគេដឹកភ្ញៀវនៅលើទឹកដីខ្មែរ។ សមត្ថកិច្ចដែលចាប់អ្នករត់ម៉ូតូឌុប អ្នករត់រម៉កម៉ូតូកង់បី នោះ ដោយចោទថាជាអ្នកដឹកពលករបម្រុងឆ្លងដែនខុសច្បាប់ចូលដីថៃ។ បញ្ហានេះ សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ចោទថា ប៉ុន្តែសម្រាប់ក្រុមមន្ត្រីដែលឃុបឃិតក្នុងការជួញដូរមនុស្ស និងជាអ្នកបើកច្រកឲ្យពលករខ្មែរចេញទៅក្នុងទឹកដីថៃ នោះ គេពុំដែលឃើញមានការចាប់ឃាត់ខ្លួននោះឡើយ។
ទាក់ទិនការធ្វើបាតុកម្មទាមទាររបស់ប្រជាពលរដ្ឋវិញ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ យល់ថា អាជ្ញាធរខេត្តគួរយកចិត្តទុកដាក់ចំពោះក្ដីកង្វល់របស់ប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការដោះស្រាយបញ្ចប់បញ្ហា។ លោកថា បើការដោះស្រាយណាមួយមិនទទួលបានលទ្ធផល ឬមិនអាចដោះស្រាយបាននោះ អាជ្ញាធរគួរបញ្ជូនឯកសារ និងឆ្លងយោបល់ទៅដល់ថ្នាក់ដឹកនាំ ទៅប្រមុខរដ្ឋាភិបាល ដើម្បីរកវិធីធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ជៀសវាងការយកបញ្ហាទៅរក្សាទុកមិនព្រមដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
