ប៉ូលិស​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​ចាប់​មនុស្ស​គ្មាន​កំហុស​ដាក់​ឃុំ

0:00 / 0:00

ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អាជ្ញាធរ​ប៉ូលិស​ស្រុក ថា​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស ដោយ​ចោទ​ប្រកាន់​ថា ជា​ជន​សង្ស័យ​បង្ក​ហិង្សា​លើ​អ្នក​ដទៃ​យក​ទៅ​ឃុំ​ខ្លួន ហើយ​បញ្ជូន​ទៅ​តុលាការ​ទាំង​បង្ខំ។ ប៉ុន្តែ អធិការ​ស្រុក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នោះ គឺ​អនុវត្ត​ទៅ​តាម​គោលការណ៍​ច្បាប់។

សាច់ញាតិ​ជន​សង្ស័យ អំពាវនាវ​សុំ​ឲ្យ​តុលាការ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ត្រួត​ពិនិត្យ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ដោះ​លែង​ជន​សង្ស័យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ ជន​សង្ស័យ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នោះ មាន​ចំនួន ៣​នាក់។ ទី​១ ឈ្មោះ សុខ ណាឫទ្ធ ទី​២ សុខ បុនឆៃ និង​ទី​៣ សុខ សំរិត។ អ្នក​ទាំង​៣​នាក់​ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ស្វាយសាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ត្រូវ​ប៉ូលិស​ស្រុក​បាភ្នំ ចាប់​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៤។

សាច់ញាតិ​ជន​សង្ស័យ លោក វែង រដ្ឋា រស់នៅ​ភូមិ​ស្វាយសាមសិប ឃុំ​ជើងភ្នំ ថ្លែង​នៅ​ថ្ងៃ​ទី​២៥ មិថុនា ថា នៅ​ថ្ងៃ​កើត​ហេតុ​ថ្ងៃ​ទី​១៧ ឧសភា កន្លង​ទៅ មាន​វិវាទ​បង្ក​ហិង្សា​នៅ​ម្ដុំ​ផ្ទះ​ជន​សង្ស័យ។ លោក​ថា កាល​ណោះ​រថយន្ត​ដឹក​ថ្ម​របស់​ក្រុម​បក្ខពួក​ជា​អតីត​អធិការ​ស្រុក​បាភ្នំ បើក​ឡាន​ដឹក​ថ្ម​បង្ក​ឲ្យ​ដី​ហុយ ប៉ះពាល់​អ្នក​ភូមិ​តាម​ដង​ផ្លូវ​នៅ​តំបន់​នោះ។ លោក​ថា គ្រា​នោះ​អ្នក​ភូមិ​ម្នាក់​ខឹង​សម្បា​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ក្រុម​អ្នក​ដឹក​ថ្ម ឈាន​ដល់​បង្ក​ហិង្សា រួច​រត់​គេច​ខ្លួន​បាត់។ ចំណែក​ឯ​ជន​សង្ស័យ​ឋិត​នៅ​ក្នុង​ហេតុការណ៍ ដែល​បាន​ជួយ​ឃាត់​ក្នុង​វិវាទ​នោះ ត្រូវ​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​តែ​ម្ដង។

លោក វែង រដ្ឋា ចាត់​ទុក​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​របស់​អាជ្ញាធរ​ប៉ូលិស​នេះ ជា​រឿង​អយុត្តិធម៌​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស​ទៅ​ឃុំ​ខ្លួន​ដោយ​បង្ខំ៖ «ដល់​ទៅ​ហើយ គេ​ហៅ​សួរ​អា​បង​ហ្នឹង សួរ​ហើយ​គេ​ហៅ​សួរ​ទៀត ហៅ​សួរ​ទាំង​៣ ទៅ​គេ​ឃុំ​ខ្លួន​បណ្ដោយ​បង! បាទ! សួរ​ឃុំៗ​អ៊ីចឹង​វា​អត់​មាន​ហេតុការណ៍​អី​រឿង​អី​ត្រូវ​ចាប់​ផង មនុស្ស។ គេ​ចាប់​ឃុំ​ហ្នឹង​ហើយ​ពាក្យ​បណ្ដឹង​គេ​ហ្នឹង​គេ​ដាក់​ឃុំ​ខ្លួន​នៅ​ហ្នឹង ដោះស្រាយ​គេ​អត់​ដោះ​ឲ្យ គេ​យក​ទៅ​ដាក់​នេះ​ហ្នឹង ហើយ​គេ​ថា​ទាល់​តែ​យក​ម្នាក់​ហ្នឹង​មក​ទៅ​រក​ម្នាក់​ឯណា បើ​អា​ហ្នឹង​តេ​មិន​ដែល​ចូល​ផង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អធិការ​នគរបាល​ស្រុក​បាភ្នំ លោក អន សាគុណ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចាប់​ជន​សង្ស័យ​ឃុំ​ខ្លួន​នេះ អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​ស្រាវជ្រាវ​នៅ​កន្លែង​កើត​ហេតុ​រក​ឃើញ​ថា ជន​សង្ស័យ​រួម​គំនិត​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ដទៃ គឺ​ពុំ​មែន​ចាប់​មនុស្ស​ដែល​គ្មាន​កំហុស​យក​ឃុំ​ខ្លួន​ដូច​ការ​លើក​ឡើង​ឡើយ៖ «មាន​នេះ​របស់​ខ្ញុំ ហើយ​សាក្សី​មាន​ភស្តុតាង ហើយ​អ្នក​រងគ្រោះ​នៅ​ទីនោះ​អឺ! គាត់​នេះ​ណាស់​គាត់​ចង្អុល​បង្ហាញ​ដល់​សមត្ថកិច្ច​យើង។ ហើយ​ខ្ញុំ​បាន​ធ្វើ​ឯកសារ​ហ្នឹង​ទៅ​ឲ្យ​តុលាការ​ហើយ បាទ! ពិត​អ្នក​ចូលរួម​ជាមួយ​ហ្នឹង ហើយ​យើង​មាន​អឺ! តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ប៉ុន្មាន​នាក់​ទៀត​ណោះ ដែល​ចូលរួម​គំនិត​ជាមួយ​ហ្នឹង»

មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អៀង គិមលី មាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​របស់​ប៉ូលិស​នេះ​ពុំ​ទាន់​ស៊ី​ជម្រៅ​ច្បាស់​លាស់ ដែល​អាច​បញ្ជាក់​ថា ជា​ជន​សង្ស័យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ អ្នកស្រី​បន្ត​ថា ករណី​នេះ​បើ​អាជ្ញាធរ​ចាប់​មនុស្ស​ឃុំ​ខ្លួន​ដោយ​គ្រាន់​តែ​សន្និដ្ឋាន​ថា​ជា​ជន​សង្ស័យ ដោយ​ពុំ​មែន​ជា​អ្នក​បង្ក​ហេតុ​ពិត​ប្រាកដ​នោះ ថា​ជា​រឿង​ខុស​ច្បាប់៖ «ព្រោះ​មុន​នឹង​ឃុំ​ខ្លួន​គាត់ ត្រូវ​មើល​តើ​មាន​អង្គ​ហេតុ​អី​ខ្លះ មាន​ភស្តុតាង មាន​សាក្សី​អី​ខ្លះ បញ្ជាក់​ថា​អ្នក​ហ្នឹង​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង អ៊ីចឹង​បាន​គេ​អាច​ធ្វើ​ការ​ឃុំ​ខ្លួន​បាន។ ហើយ​បើ​សិន​គាត់​អះអាង​ថា ឃុំ​ខ្លួន​ដើម្បី​ឲ្យ​ជន​ប្រព្រឹត្តិ អ៊ីចឹង​អា​ហ្នឹង​ម៉េច​អាច ព្រោះ​រឿង​ព្រហ្មទណ្ឌ​អ្នក​ណា​ប្រព្រឹត្ត អ្នក​ហ្នឹង​ជា​អ្នក​ទទួល ហើយ​មិន​អាច​ឲ្យ​អ្នក​ផ្សេង​ជំនួស ឬ​ធ្វើ​ការ​គំរាម​កំហែង ដើម្បី​ឲ្យ​គេ​ចូល​ទេ មិន​អាច​ទេ គាត់​ធ្វើ​អ៊ីចឹង​ម៉េច​ត្រូវ»

ជន​សង្ស័យ​ត្រូវ​ប៉ូលិស​ចាប់​ឃុំ​ខ្លួន ហើយ​បញ្ជូន​ទៅ​តុលាការ​ឃុំ​ខ្លួន​បន្ត​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង តាំង​ពី​ថ្ងៃ​ទី​១៨ ឧសភា។ រហូត​មក​ទល់​ពេល​នេះ តុលាការ​ពុំ​ទាន់​ជំនុំ​ជម្រះ​ក្ដី​ថា​យ៉ាង​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។