ស្ត្រីខ្មែរមួយចំនួនចាញ់បោកមេខ្យល់ជាបន្តបន្ទាប់ ដោយតម្រូវឲ្យទៅរៀបការប្ដីជាមួយជនជាតិចិន។ លទ្ធផលចុងក្រោយ មានស្ត្រីខ្មែរជាច្រើននាំគ្នារត់គេចមកស្រុកកំណើតវិញ ដោយសារតែមិនអាចទ្រាំនឹងការធ្វើបាបលើពួកគាត់បាន។ ក្នុងនោះក៏មានស្ត្រីម្នាក់នៅខេត្តកំពង់ចាម ដែលទើបនឹងត្រឡប់មកពីប្រទេសចិន រត់គេចពីការធ្វើបាបផ្លូវចិត្ត និងរាងកាយ ដោយសុខចិត្តរត់ចោលកូនខ្ចីទើបសម្រាលបានបីខែ។
ចិន្តា ជាឈ្មោះអ្នកនិពន្ធដាក់ឲ្យ។ គាត់សម្រេចចិត្តយល់ព្រមរៀបរាប់ពីខ្សែជីវិតផ្ទាល់ខ្លួន និងខ្សែជីវិតដែលធ្លាប់បានទៅរស់នៅប្រទេសចិន រយៈពេលជិត ២ឆ្នាំ។
មានស្រុកកំណើតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម ជាកូនស្រីត្រកូលអ្នកក្រីក្រ និងមានសមាជិកគ្រួសារច្រើន។ ចិន្តា មិនបានទទួលការអប់រំច្រើនដូចស្ត្រីកូនអ្នកធូរធារនោះទេ។ នាងត្រូវបង្ខំចិត្តឈប់រៀននៅថ្នាក់ទី៥ ដើម្បីជួយធ្វើការឪពុកម្ដាយជាកសិករ និងដើរស៊ីឈ្នួលធ្វើចម្ការឲ្យគេជាដើម និងក្រោយមក ក៏ធ្លាប់ប្រឡូកក្នុងវិស័យកាត់ដេរទៀតផង។ សម្បុរខ្មៅស្រអែម ទឹកមុខស្រស់នៅពេលដំបូង ប៉ុន្តែទឹកមុខរបស់ចិន្តា ប្រែជាស្រពាប់ស្រពោននៅពេលខ្ញុំសាកសួរពីខ្សែជីវិត ពិសេសខ្សែជីវិតដែលធ្លាប់រស់នៅប្រទេសចិន។
ចិន្តា រៀបរាប់ថា ដោយសារកត្តាជីវភាពលំបាក និងជឿតាមការអូសទាញពីសំណាក់មេខ្យល់ ថាប្រសិនបើយកប្ដីជាជនបរទេស នឹងអាចធ្វើឲ្យខ្លួន និងគ្រួសារមានកម្រិតជីវភាពបានប្រសើរជាងបច្ចុប្បន្ន៖ «ព្រមទៅ ព្រោះគេកុហកបោកខ្ញុំអ៊ីចឹងបង! គេនិយាយថាម៉េចទៅ? គេថាទៅហ្នឹង គឺមានបានហើយបង! គេប្រាប់ថាទៅធ្វើការធ្វើអីបានលុយផ្ញើមកអ្នកផ្ទះអ៊ីចឹង»។
ចិន្តា សម្រេចយល់ព្រមចាកចេញពីស្រុកកំណើតនៅឆ្នាំ២០១៣ ស្របពេលដែលនាងមិនទាន់គ្រប់អាយុផងនៅពេលនោះ គឺទើបមានអាយុ ១៧ឆ្នាំ ព្រោះមេខ្យល់បានយកឯកសារឈ្មោះអ្នកដទៃមករត់ការឲ្យនាង។ នៅក្នុងអំឡុងពេលរត់ឯកសារ មេខ្យល់បានឲ្យប្រាក់ទៅគ្រួសារ ចិន្តា ចំនួន ២លានរៀល ស្មើនឹង ៥០០ដុល្លារ។ ចំណែកលិខិតសុំអនុញ្ញាតរៀបការជនបរទេសចេញពីឃុំ គឺមិនបានបញ្ជាក់ថា រៀបការជាមួយជនជាតិចិន នោះទេ ហើយនៅពេលចេញពីស្រុកខ្មែរ ក៏ហាក់លួចលាក់ទៅទៀត។ ចិន្តា ថានៅពេលទៅដល់ប្រទេសចិន ដំបូង គឺមេខ្យល់នៅទីនោះមិនទាន់ឲ្យធ្វើអ្វីទេ ដែលទំនងជាមេខ្យល់ដើរទាក់ទងបុរសជនជាតិចិន មិនទាន់បាន។ រយៈពេលពីរខែ ទើបមេខ្យល់បង្ខំឲ្យ ចិន្តា ត្រូវរៀបការជាមួយបុរសចិន ម្នាក់៖ «ចុះនៅពេលពីរខែក្រោយ ពេលបានស្វាមី តើគេគាបសង្កត់យ៉ាងម៉េចទេ? គេគំរាមខ្ញុំថា បើខ្ញុំអត់យក គេនឹងមកប្ដឹងម៉ែឪខ្ញុំនៅក្រោមអ៊ីចឹង ខ្ញុំភ័យខ្ញុំព្រមចុះអេតាស៊ីវិល»។
ក្តីរំពឹងរបស់ ចិន្ដា ថានឹងអាចផ្ដល់លុយកាក់ ឬអាចជួយគ្រួសារនោះ ប្រែខុសស្រឡះ ពីព្រោះសូម្បីតែលិខិតឆ្លងដែនក៏ត្រូវគ្រួសារប្ដីដកហូតទុក សម្លៀកបំពាក់មានតែពីរបីបំឡាស់សម្រាប់ស្លៀក លុយកាក់គេមិនឲ្យកាន់ គឺចិន្តា មានតួនាទីត្រឹមតែជាអ្នកបម្រើប្ដី និងគ្រួសាររបស់គេប៉ុណ្ណោះ។ ក្រោយពេលបានប្ដីដែលមិនដូចទៅនឹងការសន្យារបស់មេខ្យល់ ទើបចិន្តាដឹងខ្លួនថា គេបានបោកប្រាស់នាងយកមកលក់ក្នុងតម្លៃ ៩ម៉ឺនយ៉ន់ ស្មើនឹងជិត ១៥.០០០ដុល្លារ (១៤.៦៨៨ដុល្លារ)។ បើទោះបីជា ចិន្តា ត្រូវជួបការវាយដំច្រំធាក់ មើលងាយមើលថោកពីសំណាក់ប្ដី និងគ្រួសារក៏ដោយចុះ ប៉ុន្តែពេលខ្លះ ចិន្ដា ត្រូវបង្ខំចិត្តលួចទូរស័ព្ទមកប្រាប់អ្នកផ្ទះនៅស្រុកកំណើតថា កុំឲ្យបារម្ភនឹងខ្លួន ពីព្រោះនាងបានសុខទេ។ នាងចង់រត់ចេញពីក្រុមគ្រួសារប្ដីនៅប្រទេសចិន តាំងពីពេលដឹងថា នាងត្រូវបានគេបោកប្រាស់ម្ល៉េះ ប៉ុន្តែអ្វីៗយឺតពេលបន្តិច ពីព្រោះនាងមានផ្ទៃពោះទៅហើយ។ ចិន្តា ត្រូវទ្រាំរហូតដល់កូនប្រុសសម្រាលរួច ទើបមានស្ត្រីខ្មែរដែលយកប្ដីចិន នៅក្បែរខាង ណែនាំឲ្យនាងរត់មករកកិច្ចអន្តរាគមន៍នៅស្ថានទូតខ្មែរ។
រត់មកដល់ស្ថានទូតខ្មែររយៈពេលជិត ១ខែ ទម្រាំគេរត់ឯកសារបាន ទើបនាងអាចត្រឡប់មកស្រុកខ្មែរវិញនៅថ្ងៃទី១៤ មករា ដោយជើងយន្តហោះចុះចតនៅខេត្តសៀមរាប ជាមួយស្ត្រីខ្មែរម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ដែលចាញ់បោកមេខ្យល់ទៅយកប្ដីចិន ដូចនាងដែរ។ ចិន្តា ប្រៀបដូចមានជីវិតថ្មីនៅលើដីកំណើតរបស់ខ្លួន ដោយសុខចិត្តចោលកូនប្រុសទើបនឹងកើតបានបីខែផង។ បច្ចុប្បន្ន នាងមិនទាន់មានការងារជាផ្លូវការនៅឡើយ ប៉ុន្តែយូរៗម្តង នាងសុំម្ចាស់អ័កកាដង់នៅក្បែរខាងទៅច្រៀង និងរាំតាមកម្មពិធីផ្សេងៗ ដើម្បីបានកម្រៃខ្លះជួយគ្រួសារ និងដើម្បីបន្លប់វិប្បដិសារីដ៏អាក្រក់ដែលកើតឡើងលើជីវិតនាង។ ទន្ទឹមនេះ នាងកំពុងស្វែងរកការងារដែលមានប្រាក់កម្រៃសមរម្យអាចជួយឧបត្ថម្ភគ្រួសារបាន។ ចិន្តា សូមផ្ដាំផ្ញើទៅស្ត្រីខ្មែរផ្សេងទៀតដូចនេះថា៖ «គឺខ្ញុំជួយប្រាប់ៗថា កុំឲ្យទៅទៀត ព្រោះគេបោក។ កុំឲ្យទៅ បើគេនិយាយអីកុំឲ្យជឿគេ»។
ចំណែកឪពុកចិន្តា ដែលអង្គុយប្រកបដោយទឹកមុខក្រៀមក្រំស្តាប់ពីការរៀបរាប់របស់កូននោះ ពោលថា ដើមចមដែលនាំឲ្យលោក និងប្រពន្ធយល់ព្រមឲ្យកូនទៅប្រទេសចិន គឺដោយសារតែជីវភាពខ្វះខាតពេក និងម្យ៉ាងជឿតាមសម្ដីមេខ្យល់ផង។ លោកថា ដីស្រែនៅក្នុងស្រុកកំណើតមិនមានច្រើន លោកត្រូវសុំដីគេធ្វើនៅខេត្តឆ្ងាយៗ ដូចជានៅខេត្តស្ទឹងត្រែង ដើម្បីធ្វើចម្ការគ្រាន់ចិញ្ចឹមគ្រួសារ។ លោកបន្តថា សេចក្តីបារម្ភចំពោះកូនស្រី គឺមានគ្រប់ពេលវេលា ប៉ុន្តែមិនដឹងត្រូវដោះស្រាយដោយរបៀបណា និងទាក់ទងតាមវិធីណា? គ្រាន់តែសួរពីទុក្ខលំបាករបស់កូននៅប្រទេសចិន ភ្លាម ឪពុកចិន្តា ក៏អួលដើមកនិយាយលេងចេញ ដោយទឹកភ្នែកត្រូវហូរចេញជំនួសវិញ៖ «បាត់ហ្នឹងទៅគេប្រឹងធ្វើប្រឹងរក ខ្ញុំប្រឹងធ្វើប្រឹងរក។ ក្រោយមកបានដំណឹងថារត់មកស្ថានទូត ហើយក៏បាត់ដំណឹងទៀត ហើយមិនដឹងថាយ៉ាងណាម្តាយវាក៏យំ»។
ឪពុកចិន្ដា ផ្ដាំផ្ញើថា បើទោះបីជាមានជីវភាពក្រកម្សត់យ៉ាងណាក៏ដោយ គឺសុំឲ្យឪពុកម្ដាយទាំងអស់ សុខចិត្តថែរក្សាកូនឲ្យរស់នៅក្នុងប្រទេសកំណើតរបស់ខ្លួនជាការប្រសើរ និងពិចារណាឲ្យបានត្រឹមត្រូវ ជៀសវាងនាំឲ្យមានវិប្បដិសារីដូចរូបលោក។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ កួង មានប្រសាសន៍ថា ចំនួនស្ត្រីខ្មែរដែលបានជួយសង្គ្រោះពីប្រទេសចិន នៅឆ្នាំ២០១៤ គឺមានចំនួន ៥៨នាក់ ហើយពួកគាត់ទាំងនោះ គឺចាញ់បោកមេខ្យល់ទៅរៀបការជាមួយបុរសចិន ប៉ុន្តែសម្រាប់ខែមករា ឆ្នាំ២០១៥ គឺមិនទាន់ដឹងនៅឡើយទេ។ លោកបន្តថា បើទោះបីជាមានបញ្ហាជាច្រើនកើតឡើងលើស្ត្រីខ្មែរទាំងនោះក៏ដោយចុះ ប៉ុន្តែមិនបណ្ដាលឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ ព្រោះលោកថា នេះជារឿងបុគ្គល។ លោកបញ្ជាក់ថា ខាងក្រសួងការបទេសខ្មែរទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ និងអង្គការក្រៅរដ្ឋាភិបាលថា មានស្ត្រីផ្សេងទៀតកំពុងរងគ្រោះនៅប្រទេសចិន ហើយអាជ្ញាធរខ្មែរ និងចិន កំពុងសហការគ្នាដើម្បីចាត់វិធានការលើបញ្ហាទាំងនោះ៖ «ការជួយហ្នឹងយើងខិតខំប្រឹងប្រែងណាស់ យើងមិនដែលព្រងើយកន្តើយចំពោះពលរដ្ឋយើងទេ»។
លោកបន្ថែមថា នៅពេលស្ត្រីរងគ្រោះបានវិលត្រឡប់មកដល់ស្រុកខ្មែរវិញ បញ្ហាការងារ គឺមិនបានចោទឡើងសម្រាប់ពួកគាត់ឡើយ ព្រោះពួកគាត់អាចសម្របខ្លួនជាមួយគ្រួសារធ្វើស្រែ ឬចម្ការ និងធ្វើការងារផ្សេងៗទៀត។ កន្លងមក ខាងក្រសួងការបរទេស ក៏បានចេញលិខិតអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកពីបុគ្គលមួយចំនួន ដែលប៉ុនប៉ងយកស្ត្រីខ្មែរទៅលក់ដូរនៅប្រទេសចិន ទោះបីជាឋិតនៅក្រោមរូបភាពណាក៏ដោយ។ លើសពីនេះ អាជ្ញាធរខ្មែរក៏បានចាប់មេខ្យល់ទាំងជនជាតិចិន និងខ្មែរ យកមកផ្ដន្ទាទោសជាបន្តបន្ទាប់ និងកំពុងចាត់វិធានការបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តកំពង់ចាម និងជាអ្នកទទួលបន្ទុកកម្មវិធីស្ត្រី និងកុមារ អ្នកស្រី ធីម ណារីន មានប្រសាសន៍ថា មានកត្តាជាច្រើនដែលជំរុញឲ្យស្ត្រីខ្មែរមួយចំនួនហ៊ានប្រថុយយកប្ដីជាជនជាតិចិន។ ទីមួយ កត្តាចំណេះដឹង ដែលពួកគាត់ និងគ្រួសារមានកម្រិត ធ្វើឲ្យពួកគាត់ឆាប់ជឿតាមការអូសទាញរបស់មេខ្យល់។ កត្តាមិនមានការងារធ្វើឲ្យបានប្រសើរនៅក្នុងស្រុក។ កត្តាជីវភាពគ្រួសារខ្វះខាត និងកត្តាសម្ភារៈនិយមនាសម័យបច្ចុប្បន្ន ជាដើម។ អ្នកស្រីបន្ថែមថា ហេតុផលដែលជំរុញឲ្យស្ត្រីទាំងនោះត្រូវរកជំនួយ ដើម្បីបានត្រឡប់មកស្រុកខ្មែរវិញ គឺដោយសារតែការរំពឹងទុករបស់ពួកគាត់ត្រូវខកបំណង៖ «ការរឹតត្បិតនៃសិទ្ធិសេរីភាពនៃការដើរហើរ មិនអាចឲ្យគាត់ទៅណាបាន។ ទីពីរ ការបង្ខំរួមភេទជាច្រើន ដែលពួកគាត់មិនអាចទទួលយកបាន និងបញ្ហាហូបចុកមិនគ្រប់គ្រាន់»។
អ្នកស្រីថា ចង់ឬមិនចង់ បញ្ហានេះក៏អាចធ្វើឲ្យប៉ះពាល់ដល់ប្រជាជាតិទាំងពីរខ្លះដែរ ពីព្រោះរូបភាពស្ត្រីខ្មែរដែលគេយកទៅប្រទេសចិន កន្លងមក គឺជារូបភាពជួញដូរមនុស្ស ទោះបីក្នុងទម្រង់ស្ម័គ្រចិត្តក៏ដោយ។ អ្នកស្រីយល់ថា អាជ្ញាធរនៃប្រទេសទាំងពីរគប្បីត្រូវរឹតបន្តឹងច្បាប់នាំចេញ និងទទួលយកស្ត្រីពីស្រុកខ្មែរឲ្យបានរឹងមាំ ជាពិសេស អាជ្ញាធរចិន គប្បីចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតចំពោះមេខ្យល់នៅប្រទេសចិន ដែលជាអ្នកទទួលស្ត្រីខ្មែរទៅលក់បន្តនោះ ព្រោះបើសិនគ្មានអ្នកទទួលយកទៅលក់នៅទីនោះទេ ក៏គ្មានការបញ្ជូនពីស្រុកខ្មែរទៅដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។