ថៅកែរោងចក្រអូសេអង់ (OCEAN) សម្រេចផ្តល់ប្រាក់ខែ ១៥ដុល្លារ ដល់កម្មករជាងមួយពាន់នាក់ ជាសំណងដែលរោងចក្រគ្មានការងារឲ្យកម្មករធ្វើ កាលពីខែមុន។ ការសម្រេចធ្វើឡើងក្នុងពេលចរចា នៅថ្ងៃទី៥ ខែមិថុនា។
ក្រុមកម្មករមិនទទួលយកប្រាក់សំណង ១៥ដុល្លារនេះឡើយ ហើយគ្រោងចេញទៅតវ៉ានៅមុខក្រសួងការងារ និងហែក្បួនទៅផ្ទះនាយករដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី៦ មិថុនា ដើម្បីទាមទារការដោះស្រាយសមស្រប ដែលអាចឲ្យពួកគេទទួលយកបាន។
ការរៀបគម្រោងដើរក្បួនតវ៉ាជាថ្មីនេះ ក្រោយពីជំនួបរវាងសហជីព តំណាងរោងចក្រកាត់ដេរ គណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម និងសមាគមរោងចក្រកាត់ដេរ (ជីមេក = GMAC) មិនត្រូវគ្នានៅថ្ងៃទី៥ ខែមិថុនា។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម លោក វង់ សុវណ្ណ ថ្លែងថា ក្រសួងការងារ ព្យាយាមដោះស្រាយផង និងសម្របសម្រួលផង ដើម្បីឲ្យខាងថៅកែរោងចក្រយល់ព្រមផ្តល់ប្រាក់ខែ ៥០% ដល់កម្មករអូសេអង់ ដែលរោងចក្រនោះមិនមានការងារឲ្យកម្មករធ្វើ ហើយព្យួរការងារ ១ខែមកហើយនេះ។ ប៉ុន្តែការចរចាច្រើនលើកមកនេះ ខាងរោងចក្រ និងសមាគមរោងចក្រកាត់ដេរ នៅតែមិនព្រមដំឡើងលុយឲ្យលើសពី ១៥ដុល្លារ ក្នុងរយៈពេលនៃការរង់ចាំការងារនោះទេ។
លោកថា គណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម យល់ព្រមតាមការស្នើសុំរបស់រោងចក្រ សុំដោះស្រាយបញ្ហានៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល៖ «ឥឡូវនេះ គឺយើងបានពិភាក្សាបាន២លើកហើយ ប៉ុន្តែខាងភាគីនិយោជកគេសុំពន្យារពេលពិភាក្សាបន្តទៀត ហើយក៏គេចង់ដើរតាមផ្លូវក្រុមប្រឹក្សាអាជ្ញាកណ្ដាល ផ្លូវច្បាប់។ ហើយយើងក៏មានការសម្របសម្រួល ទី១ ផ្លូវច្បាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល យើងបានសម្របសម្រួលហើយ ថាយើងនឹងបញ្ជូនទៅតាមអាជ្ញាកណ្ដាល ហើយទី២ គឺការសម្របសម្រួលបន្ថែមជាមួយបងប្អូនយើង ដែលកំពុងតែមានការទាមទារស្នើសុំនេះ»។
តំណាងសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងថា រោងចក្រអូសេអង់ ព្យួរការងារកម្មករជាងមួយពាន់នាក់ តាំងពីខែឧសភា ដោយមិនបានជូនដំណឹងដល់កម្មករ ហើយបានដឹកសម្ភារៈមួយចំនួនធំចេញពីរោងចក្រស្ងាត់ៗ។ ថៅកែរោងចក្រមិនបានបើកប្រាក់ខែជូនកម្មករ ទើបកម្មករតវ៉ា។ ប៉ុន្តែការចរចាចាប់តាំងពីថ្ងៃទី៣ ទី៤ និងទី៥ ខែមិថុនា រវាងសហជីព តំណាងរោងចក្រអូសេអង់ ក្រសួងការងារ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសមាគមរោងចក្រកាត់ដេរ បានបរាជ័យបន្តបន្ទាប់ ក្រោយពីជីមេកចូលចរចា។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បន្តថា ការផ្តល់ប្រាក់ខែ ១៥ដុល្លារក្នុង១ខែ ដែលរោងចក្រគ្មានការងារឲ្យកម្មករធ្វើ គឺក្រុមកម្មករមិនទទួលយកឡើយ ហើយឈប់ចរចាជាមួយរោងចក្រ តែឡើងទៅតវ៉ានៅមុខក្រសួងការងារ នាថ្ងៃសុក្រ ទី៦ ខែមិថុនា ទាមទារការដោះស្រាយសមស្រប៖ «កាលពីថ្ងៃទី៣ ការចរចាមានផលវិជ្ជមានមួយចំនួន ប៉ុន្តែនៅថ្ងៃទី៤ ម្សិលមិញ បន្ទាប់ពីយើងធ្វើការពិភាក្សាគ្នា មានការចូលរួមពីភាគីជីមេក ធ្វើឲ្យការចរចានេះដើរថយក្រោយទៅវិញ ហើយដូចថ្ងៃនេះ យើងឃើញជាលទ្ធផលអត់មានដដែល បន្ទាប់ពីជីមេកចូលខ្លួនដោះស្រាយសម្របសម្រួលរឿងនេះ»។
តំណាងនិយោជករោងចក្រអូសេអង់ លោក វ័តធឺ ធូដា (Water Toda) ថ្លែងថា លោកគ្រាន់តែជាអ្នកគ្រប់គ្រងរោងចក្រ លោកមិនហ៊ានសម្រេចអ្វីទាំងអស់ក្នុងការចរចាដំឡើងប្រាក់ខែជូនកម្មករ ព្រោះមានថៅកែធំនៅបរទេសជាអ្នកសម្រេច។
តំណាងកម្មកររោងចក្រអូសេអង់ ឲ្យដឹងថា ប្រាក់ខែកម្មករពេញសិទ្ធិ ១០៤ដុល្លារក្នុង១ខែ។ ការចរចានៅថ្ងៃទី៣ ខែមិថុនា កម្មករទាមទារប្រាក់ខែដល់ ១០០%។ ប៉ុន្តែក្រោយពីគណៈកម្មការដោះស្រាយបាតុកម្មកូដកម្ម សុំសម្របសម្រួលឲ្យប្រាក់ខែរង់ចាំត្រឹម ៥០% កាលពីថ្ងៃទី៤ ខែមិថុនា កម្មករក៏ព្រម។ ប៉ុន្តែខាងរោងចក្រនៅតែមិនព្រមដំឡើងលុយឲ្យ ៥០% នៅតែសម្រេចឲ្យប្រាក់កម្មករតែ ១៥ដុល្លារ ទើបកម្មករគ្រោងហែក្បួនទៅក្រសួងការងារ នៅថ្ងៃទី៥ ខែមិថុនា ប៉ុន្តែខាងក្រសួងការងារ សុំឲ្យកម្មកររង់ចាំដោះស្រាយនៅរោងចក្រ។ ក្រោយការចរចាជាងមួយម៉ោង លទ្ធផលនៅតែថៅកែឲ្យកម្មករ ១៥ដុល្លារដដែល ទើបកម្មករសម្រេចឡើងតវ៉ាដល់ក្រសួងការងារ ឬអាចនឹងឡើងដល់ផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រ ដើម្បីសុំឲ្យជួយដោះស្រាយប្រាក់ខែកម្មករអូសេអង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។