ពលរដ្ឋចំនួន៣ឃុំ នៅស្រុកទ្រាំង និងស្រុកបុរីជលសារ ខែត្រតាកែវ នៅព្រឹកថ្ងៃទី១៩ មីនា នាំគ្នាតវ៉ា បិទផ្លូវ និងដុតកង់ឡាន ដើម្បីតវ៉ាដីហុយខ្លាំង និងទាមទារឲ្យអាជ្ញាធរ ជួសជុលផ្លូវឡើងវិញ ព្រោះពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ អះអាងថា ខ្លះធ្លាក់ខ្លួនឈឺ ដោយសារដីហុយខ្លាំង។ អាជ្ញាធរសន្យាជាមួយពលរដ្ឋថា នឹងរកដំណោះស្រាយ នៅថ្ងៃទី២១ មីនា ខាងមុខនេះ។
ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវគ្រួសក្រហម ក្នុងស្រុកទ្រាំង និងស្រុកបុរីជលសារ អះអាងថា ការដុតកង់ឡាន ដោយសារតែអាជ្ញាធរ បានបណ្ដោយឲ្យឡាន ដឹកគ្រឿងសំណង់ ស៊ីម៉ង់ និងសម្ភារៈ ពីព្រំដែនប្រទេសវៀតណាម ចូលដោយសេរី និងបានបំផ្លាញផ្លូវមួយនេះ ខូចខ្ទេចខ្ទី បណ្ដាលឲ្យអ្នកស្រុក រងផលប៉ះពាល់ ហិតដីហុយរាល់ថ្ងៃ។ អ្នកស្រុកអះអាងថា ពួកគាត់មួយចំនួនបានធ្លាក់ខ្លួនឈឺកើតនូវជំងឺផ្សេងៗ ដោយសារ ដីដែលហុយចូលផ្ទះរាល់ថ្ងៃ។
ក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅ ឃុំអង្គខ្នុល ស្រុកទ្រាំង ម្នាក់ប្រាប់ថា ពលរដ្ឋនៅឃុំអង្គខ្នុល ប្រហែល ៦០នាក់ បាននាំគ្នាដុតកង់ឡាន នៅលើផ្លូវដែលខូចនោះ ហើយបន្ទាប់ពីដុតរួច អាជ្ញាធរថ្នាក់ ឃុំ និងស្រុក បានមកសម្របសម្រួល ដើម្បីឲ្យពលរដ្ឋបញ្ឈប់សកម្មភាព និងសន្យាថា មកដោះស្រាយជូនពលរដ្ឋនៅ២ថ្ងៃបន្ទាប់៖ «បាទដុតកង់ឡានតវ៉ាព្រោះផ្លូវវាហ៊ុយព្រោះឡានវាមកឈូសដីហ៊ុយគ្មានទំនេរ ហ៊ុយពេញផ្ទះអស់ហើយ គ្នាធ្វើមិនបានបានធ្វើអ៊ីចឹង»។
លោកអះអាងថា ការនាំគ្នាដុតកង់ឡាន ទាមទារឲ្យមានការជួសជុលផ្លូវនេះ មិនមានការញុះញង់ទេ ប៉ុន្តែ ជាការទាមទារធ្វើឡើងដោយសារពលរដ្ឋ ក្នុងគោលបំណងឲ្យមានការជួសជុលផ្លូវនេះ ឡើងវិញ។ ពលរដ្ឋ ដែលនាំគ្នាធ្វើសកម្មភាពដុតកង់ឡាន ទាមទារឲ្យមានការជួសជុលផ្លូវ ទទូចឲ្យអាជ្ញាធរ កុំលាបពណ៌ពួកគេ ថា ជាក្រុមនយោបាយ ឬជាក្រុមញុះញង់ ដើម្បីគេចវេះពីការទទួលខុសត្រូវ ដោយគ្រាន់តែដោះស្រាយករណីដីហុយខ្លាំង ប៉ះពាល់ដល់ពលរដ្ឋឲ្យបានទៅ។
ពលរដ្ឋម្នាក់ទៀត រស់នៅក្នុងឃុំដូងខ្ពស់ ស្រុកបុរីជលសារ ឈ្មោះ ប៊ុន ធឿន ឲ្យអាស៊ីសេរីដឹងថា ផ្លូវមួយខ្សែនេះ ឆ្លងកាត់ឃុំ៣ គឺឃុំព្រៃស្លឹក ឃុំអង្គខ្នុល ស្រុកទ្រាំង និងឃុំដូងខ្ពស់ របស់ស្រុកបុរីជលសារ។ លោកថា ផ្លូវនេះ ពិតជាមានលក្ខណៈហុយខ្លាំង។ ពលរដ្ឋរូបនេះ អះអាងថា ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយ ជូនពលរដ្ឋទេ អ្នកស្រុកបុរីជលសារ អាចនឹងនាំគ្នាតវ៉ា ដុតកង់ឡានលើផ្លូវនេះ ដូចអ្នករស់នៅស្រុកទ្រាំងដែរ៖ «បញ្ហាផ្លូវដង្ហើមនឹងវាធ្ងន់ធ្ងរដែរនឹងដូចជាកូនខ្ញុំអីបើភូមិខ្ញុំមានការធ្វើ ខ្ញុំចូលរួមដែលឥលូវ ប៉ុន្តែគ្រាន់តែភូមិខ្ញុំអត់មានអ្នកណាគេធ្វើ»។
ពលរដ្ឋរស់នៅអមសងខាងផ្លូវ ក្រាលគ្រួសក្រហមមួយនេះ មើលឃើញពីមូលហេតុដែលធ្វើឲ្យ ផ្លូវខូចដោយសារ ឡានដឹកទំនិញធំៗ ដែលយកទំនិញមកពីព្រំដែនប្រទេសវៀតណាម បើកធ្ងន់ៗ ទើបបណ្ដាលឲ្យផ្លូវខូចធ្ងន់ធ្ងរ និងមានដីហុយខ្លាំង។ ទំនិញ ដែលឈ្មួញដឹកពីប្រទេសវៀតណាម តាមផ្លូវទឹក ដឹកតាមកាណូត ឬកប៉ាល់ មកសំចត នៅម្ដុំសាលាស្រុកបុរីជលសារ មានគ្រឿងសំណង់ ស៊ីម៉ង់ ដែក ជាដើម ត្រូវបានពលរដ្ឋ អះអាងថា ដឹកបន្តតាមឡានធំៗ យ៉ាងគគ្រឹកគគ្រេង តាមផ្លូវក្រាលគ្រួសក្រហម កាត់តាមមុខផ្ទះរបស់ពួកគាត់ ជារៀងរាល់ថ្ងៃ។
អាស៊ីសេរី មិនទាន់អាចរកប្រភពទាក់ទងអភិបាលស្រុកទ្រាំង និងស្រុកបុរីជលសារ បានទេ ចំពោះករណីដីហុយខ្លាំង និងការបិទផ្លូវ ដុតកង់ឡាន តវ៉ា នៅព្រឹកថ្ងៃទី១៩ មីនា នេះ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា ការដឹកនាំជាង៣០ឆ្នាំ របស់គណបក្សកាន់អំណាច ដែលតែងអួតថា មានការអភិវឌ្ឍន៍គ្រប់វិស័យ រហូតមកនេះ មិនទាន់ត្រឹមត្រូវទេ។ ម្យ៉ាងទៀត លោក សន ជ័យ យល់ថា ការបណ្ដោយទុកឲ្យផ្លូវហុយទ្រលោម ដែលពលរដ្ឋទ្រាំមិនបាន ដល់ថ្នាក់ដុតកង់ឡានតវ៉ាបែបនេះ គឺបណ្ដាលមកពីគណនេយ្យភាពសង្គម របស់អាជ្ញាធរមូលដ្ឋានក្នុងខេត្តតាកែវ នៅមានបញ្ហា៖ «ខ្ញុំយល់ថា ការអភិវឌ្ឍន៍ប្រទេសមួយដែលនៅតែមានដីហ៊ុយបែបនេះខ្ញុំយល់ថា វាមិនទាន់មានលក្ខណៈត្រឹមត្រូវក្នុងការអភិវឌ្ឍន៍នៅឡើយនោះទេ ការឆ្លើយតបដោយមានការសមស្របជាមួយពលរដ្ឋនឹង ទី១ គេហៅថាគេគួររកមធ្យោបាយ កុំឲ្យដីហ៊ុយ ហើយទី២ អាជ្ញាធរខេត្តតាកែវខ្លួនឯងនឹងគួរតែរកវិធីណាល្អជាងនេះដូចជាការចាក់ផ្លូវកៅស៊ូផ្ដល់ជូនពលរដ្ឋ»។
សម្រាប់ដំណោះស្រាយវិញ មន្ត្រីសង្គមស៊ីវិលរូបនេះ ផ្ដល់ទស្សនៈថា អាជ្ញាធរគួរតែរកវិធីជួលជុលផ្លូវ ឬក្រាលកៅស៊ូ តាមសំណើរបស់ពលរដ្ឋឲ្យខាងតែបាន។ ពលរដ្ឋដែលរងផលប៉ះពាល់វិញ អះអាងថា ប្រសិនបើការដោះស្រាយនៅថ្ងៃទី២១ មីនា នៅតែគ្មានប្រសិទ្ធភាព ពួកគេនឹងដុតកង់ឡានតវ៉ាខ្លាំងជាងមុន នៅចំពោះមុខអាជ្ញាធរតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។