ក្រុមកម្មករអូស រទេះ និងក្រុមអ្នករត់តាក់ស៊ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃ ទី២៧ តុលា បានប្រមូលផ្ដុំគ្នាតវ៉ា នៅខាងមុខស្នាក់ការ គយ ប្រចាំការនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដើម្បីសុំឲ្យមន្ត្រីគយបញ្ឈប់ ការ យកលុយ ពីការដឹកទំនិញ ដោយខុសច្បាប់បន្តទៀត។
នៅក្នុងការតវ៉ានោះបណ្ដាលឲ្យរថយន្តដឹកទំនិញតូចធំ ជាច្រើនគ្រឿងកកស្ទះចរាចរ បន្តកន្ទុយគ្នា នៅចំណុចរង្វង់មូលប៉ោយប៉ែត ប្រមាណជាង២ម៉ោង និងធ្វើឲ្យសកម្មភាពដឹកទំនិញចេញចូលទៅមករវាងប្រទេសកម្ពុជានិងថៃត្រូវជាប់គាំង។
ប្រជាពលរដ្ឋ អ្នកអូស រទេះ នៅក្រុងប៉ោយប៉ែតម្នាក់ គឺ លោក សឿង សុភឿន ថ្លែងនៅថ្ងៃទី ២៧ តុលា ថាហេតុដែលក្រុមកម្មករអូសរទេះ និងក្រុមអ្នករត់តាក់ស៊ី ធ្វើបាតុកម្មតវ៉ា ជាមួយក្រុមមន្ត្រី គយ ដោយសារពួកគេធុញទ្រាន់និងទង្វើ របស់មន្ត្រីគយខេត្តបន្ទាយមានជ័យ ដែលតម្រូវឲ្យបង់ប្រាក់ថ្លៃ ដឹកទំនិញចេញចូលតាមច្រកទ្វារអន្តរជាតិខ្ពស់ហួសហេតុ ហើយគ្មានវិក្កយបត្រនោះទេ។លោកបន្តថាមន្ត្រីគយដាក់កុងត្រូលតាមដងផ្លូវជាតិលេខ ៥ គឺចាប់ពី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទៅដល់ក្រុងប៉ោយប៉ែត យ៉ាងហោចណាស់មានប៉ុស្តិ៍ចំនួន៤ កន្លែង ហើយនៅគ្រប់ទីកន្លែងទាំងអស់រថយន្តដែលដឹកទំនិញ ទាល់តែបង់ប្រាក់ទៅឲ្យមន្ត្រីគយ ទើបអាច ធ្វើដំណើរឆ្លងកាត់ទៅបាន៖ «សំខាន់គឺគាត់ដាក់ចាប់រថយន្ត ទាល់តែរថយន្តគាត់មិនអាច ដឹករកស៊ីតូចៗហ្នឹងបាន ដល់អញ្ចឹងហើយពួកគាត់ខ្ញុំក៏អត់មានអីវ៉ាន់ដឹកដែរ។ ពីព្រោះខ្ញុំអាស្រ័យទៅលើទំនិញ ដែលពួកអ្នកស្វាយអ្នក ផ្សេងៗគាត់មកទិញពីផ្សាររ៉ុងគ្រឿទៅ គឺពួកខ្ញុំដឹកអីវ៉ាន់តិចតួច ពីពួកគាត់ហ្នឹងឯង។បើចំពោះឡានអីវ៉ាន់ត្រឹម ស្មើកញ្ចក់អីគឺគេយកម៉ាកន្លែង៥ម៉ឺន » ។
ឆ្លើយតបនិងបញ្ហានេះ ប្រធានការិយាល័យ គយនិងរដ្ឋាករប្រចាំ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក ឈួន ហៃ មានប្រសាសន៍បញ្ជាក់ថា ការធ្វើបាតុកម្មរបស់ ក្រុមកម្មករអូស រទេះនិងក្រុមអ្នក រត់តាក់ស៊ី នេះ ជាវិធីមួយ របស់ក្រុមឈ្មួញអ្នករកស៊ីធំៗ ធ្វើឡើងក្នុងរូបភាពបិទបាំងពីទោសកំហុស របស់ខ្លួនដើម្បីឲ្យមន្ត្រីគយ បន្ធូរដៃត្រួតពិនិត្យ ដើម្បីងាយស្រួលនាំទំនិញ គេចពន្ធបានដោយសេរី៖ «ជារឿយៗខ្ញុំរហូតដល់អញ្ជើញគាត់មកតាំងពី បណ្ដាលខេត្តដូចជាខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប គាត់អត់បានចូលរួមទេ។ គាត់នៅតែគេចវេះ ហើយជនដែលងាយរងគ្រោះ យើងសុំទោស ប៉ុន្មានដង ដោយសារគាត់ជាជនដែល រកម៉ាព្រឹកខ្វះល្ងាចនោះ គឺ គាត់ប្រើរូបភាពហ្នឹងដើម្បី មហាជនមើលមកហាក់ដូច ធ្វើទៅលើពួកគាត់។ ធាតុពិតនោះគឺខ្ញុំកំពុងតែរកមុខដើម្បី កសាងពាក្យបណ្ដឹងបញ្ជូនទៅតុលាការ នៅជនខិលខូចទាំងអស់នោះ»។
ទាក់ទងនិងបញ្ហានេះដែរមន្ត្រីសម្របសម្រួលសមាគម ការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំ ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍បញ្ជាក់ថាមន្ត្រីគយប្រចាំខេត្ត បន្ទាយមានជ័យ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ៥ច្រើនកន្លែង ដើម្បីទប់ស្កាត់នាំទំនិញ គេច ពន្ធនោះពុំមែនជាវិធានការល្អប្រសើរឡើយ។ លោកថាទង្វើនេះធ្វើឲ្យប៉ះពាល់ដល់ របររកស៊ី តូចតាច ដូចជាអ្នករត់តាក់ស៊ី និងអ្នកអូស រទេះទៅវិញទេ ដែលធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូល ក្នុងរបរប្រចាំថ្ងៃ៖ «ព្រោះថាកន្លែងហ្នឹងគួរតែត្រួតពិនិត្យទៅលើស្ថាប័នខ្លួនឯង តើបង្កើតគយ ឲ្យបាន៤ប្រាំកន្លែង អ៊ីចឹងឬមួយបង្កើតគយ តែមួយកន្លែង។ មានន័យថាគយទំនិញណាដែលខុសច្បាប់ត្រូវការចាប់ហើយ វាយស្លាកមកឲ្យបង់ពន្ធ ឲ្យគ្រប់គ្រាន់ហើយ ដើម្បីបញ្ជូនទៅ។ ចុះបើសិនគយហ្នឹងអត់មានការវាយស្លាកអត់មាន អីអញ្ចឹងផង ហើយបណ្ដោយរហូត មកដល់ខាងក្នុង ហើយចាប់ ផ្ដើមបង់បន្តៗគ្នា តើល្អមើលទេ»។
ក្រុមអ្នកតវ៉ាទាមទារឲ្យសមត្ថកិច្ចខេត្តដកកម្លាំងចម្រុះថ្មី ចេញពីច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងស្នើឲ្យកាត់បន្ថយប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៥។
ក្រុមអ្នកតវ៉ាបានរំសាយទៅវិញនៅព្រឹកថ្ងៃដដែល បន្ទាប់ពីការសម្របសម្រួលរបស់អភិបាលក្រុងប៉ោយប៉ែតហើយនាំពួកគេ ទៅដោះស្រាយនៅសាលាខេត្តបន្ទាយមានជ័យបន្តទៀត។ ប៉ុន្តែការស្វែងរកដំណោះស្រាយនៅសាលាខេត្តនោះ នៅតែគ្មានច្រកចេញដដែលដោយខាងមន្ត្រីសាលាខេត្តថា នឹងនាំរឿងទៅជម្រាបអភិបាលខេត្តនៅពេលខាងមុខ។
យ៉ាងណាក្រុមអ្នកតវ៉ាឲ្យដឹងថាប្រសិនបើបញ្ហានេះនៅតែគ្មានដំណោះស្រាយទេ ពួកគេនឹងធ្វើការតវ៉ាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។