​អាជ្ញាធរ​​ខណ្ឌ​ច្បារអំពៅ​ដោះលែង​កម្មករ​កប៉ាល់​បូម​ខ្សាច់​​វៀតណាម​៣​នាក់​វិញ

0:00 / 0:00

អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ចុះ​ឃាត់​ខ្លួន​កម្មករ​វៀតណាម ៣​នាក់ ដែល​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​លើ​កប៉ាល់​បូម​ខ្សាច់​មួយ​ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ក្នុង​ពេល​អ្នក​ភូមិ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នេះ។ ក៏ប៉ុន្តែ​អាជ្ញាធរ​ខណ្ឌ​បាន​ដោះ​លែង​កម្មករ​វៀតណាម​ទាំង​នោះ​ទៅ​វិញ នៅ​រសៀល​ថ្ងៃ​ដដែល ដោយ​មិន​បាន​ប្រកាស​ប្រាប់​មូលហេតុ​ដល់​អ្នក​ភូមិ។

ពលរដ្ឋ​ប្រមាណ ១០០​នាក់​មក​ពី​ភូមិ​ចំនួន ៤ ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ធ្វើ​បាតុកម្ម​ដុត​កង់​ឡាន នៅ​ថ្ងៃ​ទី​៧ កញ្ញា ប្រឆាំង​កប៉ាល់​​បូម​ខ្សាច់​មួយ​ក្នុង​ទន្លេ​មេគង្គ ក្បែរ​ភូមិ​ពួក​គាត់ ​ព្រោះ​ខ្លាច​បាក់​ដី​ផ្ទះ និង​បាក់​ដី​​ភូមិ​ចូល​ទឹកទន្លេ ដោយ​សារ​ការ​បូម​ខ្សាច់​ដែល​គាត់​សង្ស័យ​ថា ជា​ការ​អាជីវកម្ម​លួចលាក់​ខុស​ច្បាប់។

តំណាង​អ្នក​តវ៉ា​ភូមិ​ស្វាយតាអុក គឺ​លោក អ៊ិន សំណាង អះអាង​ថា កប៉ាល់​បូម​ខ្សាច់​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុវត្ថិភាព​មនុស្ស​និង​ភូមិឋាន៖ «ទី​១ ផល​ប៉ះពាល់​គឺ​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ ពេល​ខ្លះ​ការ​បូម​ខ្សាច់​ដល់​ម៉ោង​យប់​ជ្រៅ​ក៏​មាន ហើយ​មាន​សាឡង់​ជា​ច្រើន​ទម្ងន់​រាប់​រយ​តោន យើង​ខ្ញុំ​មិន​ដឹង​ថា មាន​អាជ្ញាប័ណ្ណ ឬ​មិន​មាន»

លោក​បន្ត​ថា អ្នក​ភូមិ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​កប៉ាល់​បូម​ខ្សាច់​នេះ ម្ដង​រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា កន្លង​មក ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ​តែ​អាជ្ញាធរ​មូលដ្ឋាន​ឆ្លើយ​ថា​មិន​ដឹង។

ចំណែក​អ្នក​ភូមិ​ម្នាក់​ឈ្មោះ សាន សុខសឿន ​មក​ពី​ភូមិ​ព្រែក​ជើងព្រំ បញ្ជាក់​ថា កប៉ាល់​​បូម​ខ្សាច់​ដែល​មាន​ឧបករណ៍​ទំនើប​នោះ ​បាន​ចូល​មក​បូម​ខ្សាច់​ក្បែរ​ច្រាំង​ទន្លេ​ក្បែរ​ភូមិ​គាត់ តាំង​ពី​ថ្ងៃ​ទី​៣០ សីហា មក​ម្ល៉េះ តែ​អាជ្ញាធរ​ធ្វើ​មិន​ដឹង​មិន​ឮ។

រី​ឯ​ចៅ​សង្កាត់​វាលស្បូវ​ អ្នកស្រី យឹម ស៊ីមន ដែល​បាន​ចុះទៅ​ទីកន្លែង​អ្នក​ភូមិ​ធ្វើ​បាតុកម្ម​នោះ​ដែរ បាន​បដិសេធ​ថា អ្នកស្រី​​មិន​បាន​ដឹង​ឈ្មោះ​ក្រុមហ៊ុន​ដែល​បាន​​ចូល​មក​បូម​ខ្សាច់​ក្នុង​មូលដ្ឋាន​អ្នកស្រី​អស់​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ​ដែរ តែ​អ្នកស្រី​គ្រាន់តែ​ដឹង​ថា កប៉ាល់​បូម​ខ្សាច់​នេះ​ច្រើន​ចេញ​ចូល​បូម​ខ្សាច់​នៅ​​ទន្លេ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​អ្នក​ស្រី​ញឹក​ញាប់​ណាស់​កន្លង​មក តែ​នៅ​លើក​នេះ​អ្នក​ភូមិ​ចាប់​ផ្ទុះ​កំហឹង​តវ៉ា​ម្ដង​ទៀត ទើប​មានមុខ​អាជ្ញាធរ​ខណ្ឌ​ចុះ​មក​អន្តរាគមន៍។

អ្នកស្រី យឹម ស៊ីមន៖ «ដល់​លើក​នេះ​វិធានការ​របស់​ខណ្ឌ​សង្កាត់​រាយការណ៍​ទៅ តាម​ប្រជាជន​ដុត​កង់​ឡាន សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ពួក​បូម​ខ្សាច់ មក​បូម​លើ​ទឹកដី​វាល​ស្បូវ ព្រោះ​ទឹកដី​វាលស្បូវ​អត់​មាន​ទីតាំង​បូម​ខ្សាច់​ទេ តាំង​ពីណា​ពី​ណី នៅ​កៀនស្វាយ​មក អត់​មាន​ទីតាំង​បូម​ខ្សាច់​ទេ»

អ្នកស្រី​បន្ត​ថា ភ្លាមៗ​នោះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​មក​ចាប់​ខ្លួន​កម្មករ​វៀតណាម ៣​នាក់​នៅ​លើ​កប៉ាល់ យក​ទៅ​សាកសួរ​នៅ​ខណ្ឌ ឃើញ​ដូច្នោះ​អ្នក​ភូមិ​ក៏នាំ​ឈប់​ធ្វើ​បាតុកម្ម​ហើយ​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អារម្មណ៍​រីករាយ។ ក៏​ប៉ុន្តែ​ក្រោយ​មក​នៅ​រសៀល​ថ្ងៃ​ដដែល អ្នកស្រី យឹម ស៊ីមន បាន​ឃើញ​កម្មករ​វៀតណាម ទាំង ​៣​នាក់ ​នោះ​ត្រូវ​បាន​ដោះលែង​ឲ្យ​មក​កប៉ាល់​វិញ ដោយ​អ្នកស្រី​មិន​ដឹង​មូលហេតុ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី៧ កញ្ញា ដើម្បី​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម ដោយ​លោក​អភិបាលខណ្ឌ ណុប ផា ថា​ជាប់រវល់ និង​អភិបាល​រង លោក អ៊ាង ស៊ីផាន មិន​លើក​ទូរស័ព្ទ។

មន្ត្រី​ជំនាញ​បរិស្ថាន​អះអាង​ថា រឿង​រ៉ាង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ទន្លេ​ខុស​បទដ្ឋាន​បណ្ដាល​ឲ្យ​ច្រាំង​ទន្លេ ដី​ចម្ការ និង​ដី​​ផ្ទះ​អ្នក​ភូមិ​បាក់​ធ្លាក់​ទន្លេ ​ជា​ញឹកញាប់​កន្លងមក។

ជាក់​ស្ដែង​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ​ផ្ទះ​ ៣​ខ្នង​ នៅ​ភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ បាន​បាក់​ធ្លាក់​ចូល​ទឹក​ទន្លេ ហើយ​​ដី​ជួរ​មាត់​ទន្លេ​ក្បែរ​នោះ​ដែល​មាន​ផ្ទះ​ជាង ២០​ខ្នង​ផ្សេង​ទៀត ​មាន​ស្នាម​ប្រេះ​និង​រង្គើ ដោយសារ​អាជីវកម្ម​បូម​ខ្សាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។