អាជ្ញាធរ​រារាំង​​ក្បួនហែ​របស់​កម្មករ​ប្រមាណ​១​ពាន់​នាក់​ទៅ​​ក្រសួង​ការងារ

0:00 / 0:00

កម្មករ​រោងចក្រ​កាត់​ដេរ​អូសេអង់ ហ្គាមិន (Ocean Garment) ប្រមាណ ១​ពាន់​នាក់ នៅ​តែ​ប្រកាន់​ជំហរ​តវ៉ា​ទាមទារ​អោយ​ថៅកែ​ក្រុមហ៊ុន យល់​ព្រម​ផ្ដល់​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​អោយ​បាន ១០០​ភាគរយ នៅ​ពេល​រោងចក្រ​ព្យួរ​ការងារ។

ការ​បន្ត​ធ្វើ​កូដកម្ម​បាតុកម្ម​របស់​កម្មករ​នៅ​រោងចក្រ​នេះ គឺ​ស្រប​ពេល​ដែល​ការ​ចរចា​រវាង​តំណាង​កម្មករ និង​ភាគី​ថៅកែ​រោងចក្រ បាន​បរាជ័យ​ជា​ថ្មី​នៅ​ថ្ងៃ​ទី​៣ មិថុនា។

ការ​ចរចា​ជា​ថ្មី​ទៀត​រវាង​តំណាង​កម្មករ និង​តំណាង​ភាគី​រោងចក្រ​អូសេអង់ នឹង​បន្ត​ទៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា នៅ​ពេល​ដែល​ក្រុម​កម្មករ​អះអាង​ថា នឹង​បន្ត​ការ​ទាមទារ​រហូត​បាន​លទ្ធផល​ដែល​ពួក​គេ​អាច​ទទួល​យក​បាន។

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ លោក ឆេង ឈាន់ មាន​ប្រសាសន៍​ថា ភាគី​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​ផ្ដល់​ប្រាក់​ចំនួន ១៥​ដុល្លារ​ក្នុង​មួយ​ខែ​អោយ​ទៅ​កម្មករ​ក្នុង​រយៈពេល​រោងចក្រ​ព្យួរ​ការងារ ដែល​ក្រុម​កម្មករ​មិន​អាច​ទទួល​យក​បាន។ លោក ឈាន់ សង្ឃឹម​ថា ភាគី​រោងចក្រ​នឹង​បន្ធូរបន្ថយ​យោគយល់​ដល់​ផល​វិបាក​ដែល​កម្មករ​ជួប​ប្រទះ ក្នុង​អំឡុង​ពេល​ព្យួរ​ការងារ​នេះ។

លោក ឆេង ឈាន់៖ «ខាង​បងប្អូន​កម្មករ​គាត់​មិន​មែន​ថា​ទាមទារ​យក ១០០​ភាគរយ​ដាច់​អហង្ការ​ទេ ដោយសារ​គាត់​យល់​ថា រោងចក្រ​អត់​ការងារ​ធ្វើ​ចឹង គាត់​នឹង​បន្ធូរបន្ថយ​រង់ចាំ​ខាង​ថៅកែ​រោងចក្រ​ថា តើ​គាត់​ឡើង​អោយ​អស់​ពី​សមត្ថភាព អស់​ពី​បេះដូង​របស់​គាត់ សម្ដែង​ការ​ស្មោះ​ត្រង់​ជា​បងប្អូន​កម្មករ​ដល់​កម្រិត​ណា គឺ​គាត់​នៅ​មើល​គោល​ជំហរ​របស់​រោងចក្រ។ បើ​សិន​ការ​ជួប​នៅ​ម៉ោង​៩ ស្អែក​ហ្នឹង​អត់​មាន​ដំណោះស្រាយ​ទេ ពួក​គាត់​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ បាន​ន័យ​ថា នឹង​ធ្វើ​កូដកម្ម​រហូត»

ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​អូសេអង់ លោក ជឹម សុផាត មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណូមពរ​អោយ​មាន​ការ​បន្ធូរបន្ថយ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​កម្មករ​នោះ លោក​ឲ្យ​ដឹង​ថា ការ​សម្រេច​បែប​ណា​មួយ​របស់​ភាគី​រោងចក្រ នឹង​ប្រកាស​អោយ​ដឹង​នៅ​ក្នុង​ការ​ចរចា​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

កម្មករ​ប្រមាណ ១​ពាន់​នាក់​នៅ​ម៉ោង​ប្រមាណ ៨​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិថុនា បាន​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​រោងចក្រ​នៅ​ម្ដុំ​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក្នុង​បំណង​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​លក្ខខណ្ឌ​ការងារ ដែល​កម្មករ​បាន​ទាមទារ។ ប៉ុន្តែ​ក្បួន​ដង្ហែ​នោះ ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ណែនាំ​អោយ​រង់ចាំ​លទ្ធផល​ការ​ចរចា ដើម្បី​រក​ដំណោះស្រាយ​វិញ។

កម្មការិនី​ម្នាក់ កញ្ញា សុខ សាវី មាន​ប្រសាសន៍​ថា កម្មករ​ទាំងអស់​ក៏​មិន​ខុស​ពី​រូប​នាង​ដែរ គឺ​ភ័យ​ខ្លាច​ថា ការ​ព្យួរ​ការងារ​នៅ​ពេល​នេះ អាច​ជា​លេស​របស់​រោងចក្រ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ដល់​កម្មករ នៅ​ពេល​រោងចក្រ​ឈាន​ទៅ​បិទ​ទ្វារ៖ «ខ្លាច​ពួក​គេ​រត់​ទៅ​បាត់ ពួក​យើង​អត់​មាន​លុយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ពិបាក​អត់​លុយ​ចាយ​ទៅ​មុខ​ទៀត»

កម្មករ​រោងចក្រ​អូសេអង់ បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា បន្ទាប់​ពី​ភាគី​រោងចក្រ​ប្រកាស​ព្យួរ​ការងារ​រយៈពេល ១​ខែ ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដល់​ទី​២៦ ខែ​មិថុនា ដោយ​សំអាង​ហេតុផល​ថា រោងចក្រ​ពុំ​មាន​អ្នក​បញ្ជា​ទិញ។ លើស​ពី​នេះ ពួក​គេ​បាន​ចែក​វេន​គ្នា​ទៅ​ដេក​នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ការពារ​សម្ភារៈ​ក្នុង​រោងចក្រ ខ្លាច​ក្រែង​ភាគី​រោងចក្រ​ដឹក​ចេញ ឬ​លួច​លាក់​បិទ​ទ្វារ​រោងចក្រ​ស្ងាត់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។