ប៉ូលិស​​ប្រឆាំង​បាតុកម្ម​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​រោង​ចក្រ​អូសេអង់

តំណាង​កម្មករ និង​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​អូសេអង់ (Ocean) នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ មិថុនា ឲ្យ​ដឹង​ថា ប៉ូលិស​​ប្រឆាំង​បាតុកម្ម​​​ជាច្រើន​ប្រដាប់​ដោយ​ដំបង​ឆក់ និង​ខែល ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មុខ​រោង​ចក្រ​អូសេអង់។

កម្មករ​រោង​ចក្រ​អូសេអង់ ​បាន​ធ្វើ​កូដកម្ម​ជាច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ និង​សំណង​ពី​ថៅកែ​រោង​ចក្រ ក្នុង​ពេល​ដែល​រោងចក្រ​បាន​ផ្អាក​ដំណើរការ​នៃ​សង្វាក់​ផលិតកម្ម​ក្នុង​រយៈ​ពេល​មួយ​ខែ​គិត​ចាប់​តាំងពី​ថ្ងៃ​ទី​២៦ ឧសភា ដល់​ថ្ងៃទី២៦ មិថុនា ឆ្នាំ​២០១៤។

ទោះយ៉ាងណា កម្មករ​ឲ្យ​ដឹង​ថា មក​ទល់​ម៉ោង​ ៩ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា នេះ មិន​មាន​អំពើ​ហិង្សា​កើតឡើង​រវាង​កម្មករ និង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម​នៅឡើយ​ទេ។

ទាក់ទង​ការ​ផ្អាក​សង្វាក់​ផលិត​កម្ម​នេះ តំណាង​ភាគី​រោងចក្រ​អះអាង​ថា ដោយសារ​រោងចក្រ​មិន​មាន​អ្នក​បញ្ជា​ទិញ ព្រោះតែ​​កម្មករ​បាន​ធ្វើ​កូដកម្ម និង​បាតុកម្ម​ញឹកញាប់​ពេក បណ្ដាល​ឲ្យ​ដាច់​ម៉ូយ​អ្នក​បញ្ជាទិញ​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។