សកម្មជន​សហជីព​៨​នាក់​ទទួល​បាន​ពានរង្វាន់​និង​ការ​លើក​ទឹក​ចិត្ត

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខាវ​ឌូ (CCAWDU) លោក អាត់ ធន់ បង្កើត​កម្មវិធី​ផ្ដល់​ពាន​​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សកម្ម​ជន​សហជីព ដែល​មាន​សកម្មភាព​មមាញឹក​ ​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ និង​ហ៊ាន​ប្រឈម​ផ្លូវច្បាប់។

ពិធី​ផ្ដល់​ពានរង្វាន់​លើក​ទឹក​ចិត្ត​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា នា​ខេត្ត​ព្រះសីហនុ និង​មាន​សកម្មជន​សហជីព​ចំនួន ៨នាក់ បាន​ទទួល​ពាន​រង្វាន់​លើក​ទឹកចិត្ត​នេះ។

លោក អាត់ ធន់៖ «ថ្ងៃ​នេះ​គឺ​យើង​ផ្ដល់​ជូន​ដល់​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​តាកែវ ចំនួន ៨​នាក់ ហើយ​នៅ​ថ្ងៃ​ផ្សេងៗ​ទៀត យើង​នឹង​រៀបចំ​ផ្ដល់​ជូន​ទៅ​ដល់​សកម្មជន ៤​នាក់​ទៀត គឺ ២​នាក់ មាន​លោក វន់ ពៅ និង​លោក សុខ ឈុនអឿង ហើយ​ ២​នាក់​ទៀត គឺ​ជា​សកម្មជន​សហជីព​នៅ​តាម​រោងចក្រ​ផ្សេងៗ។ សម្រេច​ផ្តល់​ជូន​ពាន​រង្វាន់​ឆ្នើម ១ និង​ថវិកា​មួយ​ចំនួន»

លោក អាត់ ធន់ បន្ត​ថា គោល​បំណង​នៃ​ការ​ផ្ដល់​ពានរង្វាន់​លើក​ទឹក​ចិត្ត​នេះ គឺ​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហជីព​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទៅ​លើ​សកម្មជន​នៅ​តាម​រោងចក្រ​នានា ឲ្យ​បន្ត​សកម្មភាព​ជួយ​ការពារ​សិទ្ធិ​ជូន​កម្មករ​ថែម​ទៀត នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។