មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ សាទរប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តនេះ បើករបងថ្មដែលក្រុមហ៊ុន សុខា អូតែល ហ៊ុមព័ទ្ធបិទផ្លូវកៅស៊ូជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ឲ្យពលរដ្ឋចេញចូលឆ្លងកាត់ដូចដើមវិញ។
ស្របគ្នានេះ មន្ត្រីសង្គមស៊ីវិល ក៏ស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍ដកហូតផ្លូវកៅស៊ូប្របមាត់សមុទ្រមួយនេះ មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងដាក់ជូនសាធារណជនទូទៅប្រើប្រាស់ជាធម្មតាវិញ ដោយមិនត្រូវឈូសផ្លូវថ្មីរំលោភយកដីចំណីឆ្នេរសមុទ្រ ដាក់ជូនពលរដ្ឋប្រើប្រាស់ ហើយប្រគល់ផ្លូវកៅស៊ូចាស់ជូនក្រុមហ៊ុន សុខា នោះទេ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន រីករាយសាទរ បន្ទាប់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានបញ្ជាគ្រឿងចក្រវាយកម្ទេចរបងថ្មដែលក្រុមហ៊ុន សុខា អូតែល បិទផ្លូវថ្នល់ក្រាលកៅស៊ូរយៈពេល ១០ឆ្នាំ មិនឲ្យពលរដ្ឋដើរឆ្លងកាត់ អាចឲ្យសាធារណជនឆ្លងកាត់ឡើងវិញនៅពេលនេះ។
ក្រុមប្រជាពលរដ្ឋ ប្រាប់វិទ្យុ និងទូរទស្សន៍អាស៊ីសេរី ថា សកម្មភាពប្រើគ្រឿងចក្របើករបងថ្មហ៊ុមព័ទ្ធផ្លូវកៅស៊ូ ដែលជាស្នាព្រះហស្តអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នេរអារីស្តុននេះ ត្រូវអាជ្ញាធរខេត្តព្រះសីហនុ ចាប់អនុវត្តទាំងតក់ក្រហល់កាលពីយប់ថ្ងៃសុក្រ ទី៨ ខែមេសា ហើយនៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែមេសា ក៏បានបន្តដឹកដីចាក់ឈូសឆាយកែលំអផ្លូវតាមច្រកចេញចូល ភ្ជាប់ទៅផ្លូវក្រាលកៅស៊ូបន្សល់ពីសម័យសង្គមរាស្ត្រនិយម ឲ្យមានសោភ័ណភាព និងងាយក្នុងការធ្វើដំណើរ។
ស្ត្រីវ័យចាស់ឈ្មោះ ស៊ុន កាណា អាយុ ៦៥ឆ្នាំ ស្ថិតក្នុងចំណោមក្រុមអាជីវករចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរក្រុមហ៊ុនអារីស្តុន ដែលត្រូវអាជ្ញាធរប្រើគ្រឿងចក្រឈូសកម្ទេចស្តង់ ឬតូបលក់ដូរកាលពីថ្ងៃទី៩ ខែមេសា បានសាទរការបើករបងហ៊ុមព័ទ្ធឆ្នេរ ដែលក្រុមហ៊ុន សុខា អូតែល បិទទុកចោលគ្មានការអភិវឌ្ឍន៍៖ « សំណូមពរសម្ដេច ហ៊ុន សែន ឲ្យចុះមកជួយកូនចៅឲ្យបានទាន់ពេលវេលាពេលនេះ ព្រោះកូនចៅកំពុងរងទុក្ខវេទនាធ្ងន់ធ្ងរ »។
ចំណែកអាជីវករមួយរូបទៀត លោក គឹម សុខ ស្ថិតក្នុងចំណោមអាជីវករចំនួន ១៤តូបដែលត្រូវអាជ្ញាធរប្រើគ្រឿងចក្រឈូសកម្ទេចតូបលក់ដូរដោយគ្មានសំណង កាលពីថ្ងៃទី៩ ខែមេសា ស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យជួយថែរក្សាផ្លូវក្រាលកៅស៊ូដែលត្រូវក្រុមហ៊ុន សុខា អូតែល បានបុកសសរគ្រឹះសំណង់មានចំនួនរាប់រយដើម ព័ទ្ធរបងទុកចោល ១០ឆ្នាំហើយនោះ មកដាក់ជាសម្បត្តិរដ្ឋវិញ៖ « សូមបើកផ្លូវកៅស៊ូជាស្នាព្រះហស្តរបស់សម្ដេចតា ជូនពលរដ្ឋប្រើប្រាស់ធម្មតាឡើងវិញ ដោយអាជ្ញាធរមិនចាំបាច់ស្ថាបនាផ្លូវថ្មីប្របផ្លូវចាស់នេះទេ ព្រោះស្ថាបនាផ្លូវថ្មីនាំឲ្យរំលោភយកដីឆ្នេរសមុទ្រចុងឆ្នេរអូរឈើទាល រួមតូច។ សូមសម្ដេចជួយរក្សាផ្លូវកៅស៊ូនៅប្របមាត់សមុទ្រចុងឆ្នេរអូរឈើទាល ឲ្យភ្ញៀវទេសចរជាតិអន្តរជាតិចេញ ឬចូលកម្សាន្តឡើងវិញ ដោយមិនត្រូវបិទឆ្នេរនេះទៀតទេ »។
តំណាងអាជីវករឆ្នេរអារីស្តុន លោកស្រី ភឿក សុខេន ដែលមិនព្រមទទួលយកសំណង ៣.៥០០ដុល្លារសហរដ្ឋអាមេរិក ដែលអាជ្ញាធរ ឬក្រុមហ៊ុនផ្តល់ជូនជាថ្នូរចាកចេញពីឆ្នេរនេះ ហើយត្រូវអាជ្ញាធរឈូសកម្ទេចតូបលក់ដូរចោលរាបដល់ដី ក៏បានស្វាគមន៍ការបើករបងថ្មហ៊ុមព័ទ្ធឆ្នេរអារីស្តុនដែរ ប៉ុន្តែស្នើឲ្យរឹបអូសផ្លូវក្រាលកៅស៊ូដែលជាស្នាព្រះហស្តសម្ដេចឪ ដាក់ជូនសាធារណជនទូទៅអាចប្រើប្រាស់ដូចដើមវិញ ព្រោះផ្លូវនេះត្រូវក្រុមហ៊ុន សុខា អូតែល ឃុបឃិតជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរសុរិយោដីខេត្តព្រះសីហនុ អាណត្តិមុន លួចធ្វើប្លង់នៅលើដីថ្នល់កៅស៊ូប្របមាត់សមុទ្រមួយនេះ ធ្វើជាកម្មសិទ្ធិបាត់ទៅហើយ៖ « សម្ដេចតាបានរើបម្រាស់ចេញពីអាណានិគមនិយមបារាំង ឲ្យប្រទេសខ្មែរទទួលឯករាជ្យ និងអាចធ្វើជាម្ចាស់ប្រទេសដោយខ្លួនឯង ប៉ុន្តែពេលនេះព្រះអង្គបានសោយទិវង្គតទៅហើយ ហើយបន្សល់ទុកនូវស្នាព្រះហស្តជាច្រើន មានដូចជាផ្លូវថ្នល់កៅស៊ូនៅចុងឆ្នេរអូរឈើទាល ប្របមាត់សមុទ្រខេត្តព្រះសីហនុ ជាដើម។ ដូច្នេះខ្ញុំនឹងតវ៉ាស្នើសុំដល់សម្ដេច ហ៊ុន សែន ឲ្យជួយថែរក្សាផ្លូវកៅស៊ូដែលជាស្នាព្រះហស្តសម្ដេចតានេះឲ្យបានគង់វង្ស។ ហើយខ្ញុំនឹងពុះពារការពារ ឬទាមទារផ្លូវនេះ មិនឲ្យសោយទិវង្គតតាមសម្ដេចតាទេ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់រួមគ្នាចូលរួមតវ៉ាថែរក្សាផ្លូវកៅស៊ូនេះឲ្យបានគង់វង្ស។ សូមសម្ដេច ហ៊ុន សែន មានកិច្ចអន្តរាគមន៍ និងជួយថែរក្សាផ្លូវនេះកុំឲ្យធ្លាក់ក្នុងដៃក្រុមហ៊ុន សុខា អូតែល ឲ្យសោះ »។
បន្ថែមលើនេះ មន្ត្រីរាជការ និងពលរដ្ឋច្រើនទៀត ដែលធ្វើដំណើរឆ្លងកាត់តាមឆ្នេរអូរឈើទាល ផ្លូវទល់មុខវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ក៏បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះការបើករបងថ្មដែលក្រុមហ៊ុន សុខា អូតែល បិទទុកចោល ១០ឆ្នាំកន្លងមកនេះដែរ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្វាគមន៍ចំណាត់ការរបស់ប្រមុខដឹកនាំរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះសីហនុ ហើយស្នើឲ្យជួយថែរក្សាផ្លូវក្រាលកៅស៊ូ បន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមឲ្យបានគង់វង្ស ព្រោះមន្ទីរសុរិយោដី និងអភិបាលខេត្តព្រះសីហនុ អាណត្តិមុន បានចេញប្លង់កម្មសិទ្ធិឲ្យទៅក្រុមហ៊ុន សុខា អូតែល៖ « ផ្លូវកៅស៊ូប្របមាត់សមុទ្រនាចុងឆ្នេរអូរឈើទាល នេះ អាជ្ញាធរបានកម្ទេចរបងថ្មដែលក្រុមហ៊ុន សុខា អូតែល ហ៊ុមព័ទ្ធចោល ១០ឆ្នាំជាស្ថាពរហើយ ហើយបានសម្អាតទីតាំងនេះឲ្យមានសោភ័ណភាព ហើយបើសិនជាអាជ្ញាធរបើកឲ្យបានដល់ចុងដំណាក់ស្ដេចពីម្ខាងទៅម្ខាងទៀត អាចធ្វើដំណើរឆ្លងកាត់បានទៅមក គឺរឹតតែប្រសើរ »។
ស្រដៀងគ្នាដែរ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ក៏បង្ហាញការរីករាយ និងគាំទ្រសកម្មភាពរដ្ឋាភិបាល បានបើករបងហ៊ុមព័ទ្ធឆ្នេរអារីស្តុននាចុងឆ្នេរអូរឈើទាល នេះដែរ៖ « ចំពោះអាជ្ញាធរខេត្តព្រះសីហនុ ដែលកន្លងមកបានចេញប្លង់កម្មសិទ្ធិជូនបុគ្គល និងក្រុមហ៊ុនឯកជនមួយចំនួនទៅលើដីសាធារណៈរបស់រដ្ឋ ពិសេសផ្តល់ជូនមន្ត្រីមានអំណាច និងក្រុមហ៊ុននេះ ក្នុងនាមខ្ញុំជាសង្គមស៊ីវិល សូមអំពាវនាវដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែមានវិធានការយ៉ាងណារកដើមចម ដែលឈានដល់មន្ត្រីមួយចំនួននោះចេញកម្មសិទ្ធិទៅលើដីសាធារណៈរបស់រដ្ឋ ទៅឲ្យឯកជនឲ្យបានត្រឹមត្រូវឡើងវិញ។ ហើយគួរតែដកហូតដីសាធារណៈរបស់រដ្ឋជាសម្បត្តិរដ្ឋវិញ ដើម្បីបម្រើដល់វិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានទូលំទូលាយ »។
បច្ចុប្បន្ននេះ គេសង្កេតឃើញថា មន្ត្រីជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ សមាជិកក្រុមប្រឹក្សា អភិបាលក្រុង មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ មានមន្ទីរសាធារណការ មន្ទីរបរិស្ថាន មន្ទីរសុរិយោដី និងមន្ទីរទេសចរណ៍ ជាដើម បានបង្ហាញវត្តមានជាបន្តបន្ទាប់នៅតាមឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល ឬឆ្នេរអារីស្តុន និងឆ្នេរអូរត្រេះ ជាដើម។ ជាងនេះ ក៏ឃើញមានសកម្មភាពគ្រឿងចក្រមមាញឹកក្នុងការងារស្ថាបនាផ្លូវកៅស៊ូនៅជុំវិញខ្សែក្រវាត់ក្រុង និងតាមឆ្នេរឲ្យមានសោភ័ណភាព និងផ្លូវមានទំហំធំទូលាយ ប៉ុន្តែមិនទាន់បំពាក់ភ្លើងបំភ្លឺឲ្យបានគ្រប់ចំនួនទេ។
សកម្មភាពអភិវឌ្ឍន៍នេះ ត្រូវ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ជាផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ឲ្យល្អប្រសើរ ប៉ុន្តែផ្លូវកៅស៊ូដែលជាស្នាព្រះហស្តព្រះមហាក្សត្រ ដែលត្រូវមន្ត្រីស្ថាប័នពាក់ព័ន្ធអាណត្តិមុនៗចេញប្លង់កម្មសិទ្ធិជូនក្រុមហ៊ុន សុខា អូតែល រូបលោកគ្មានសិទ្ធិសម្រេចទេ ដោយទុកបញ្ហានេះជូនប្រមុខដឹកនាំរដ្ឋាភិបាលពិនិត្យសម្រេច។
តំណាងក្រុមហ៊ុន សុខា អូតែល និងជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង មានប្រសាសន៍ថា ផ្លូវក្រាលកៅស៊ូ ឬដីនៅក្នុងបរិវេណចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ត្រូវមន្ត្រីមន្ទីរសុរិយោដី និងអភិបាលខេត្តព្រះសីហនុ អាណត្តិមុន ចេញប្លង់កម្មសិទ្ធិ ឬផ្តល់សិទ្ធិវិនិយោគស្របច្បាប់ជូនក្រុមហ៊ុន សុខា រួចហើយ ហើយក្រុមហ៊ុននេះក៏បានបុកគ្រឹះសម្រាប់គម្រោងអភិវឌ្ឍន៍នៅលើទីតាំងនេះហើយដែរ។
យ៉ាងណាក៏ដោយចុះ មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើននាខេត្តព្រះសីហនុ ហាក់មិនទាន់មានទំនុកចិត្តចំពោះសកម្មភាពរបស់អាជ្ញាធរនេះទេ និងបន្តសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះ ឬថែរក្សាផ្លូវកៅស៊ូប្របមាត់សមុទ្រ ដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម មានទីតាំងនៅចុងឆ្នេរអូរឈើទាល ឬអតីតឆ្នេរមុខក្រុមហ៊ុនអារីស្តុន ផ្លូវត្រង់ទល់មុខវិមានលំហែកាយឲ្យនៅសភាពដើមវិញ។
កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានឯកភាពលើផែនការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ចំនួន ៥ចំណុច រួមមាន ករណីបឹងព្រែកទប់ ដែលមានទីតាំងក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ត្រូវដាក់បឹងនេះជាតំបន់អភិរក្សដោយព្រះរាជក្រឹត្យ។ ចំណែកឆ្នេរឯករាជ្យ ត្រូវអភិវឌ្ឍ និងអភិរក្សសម្រាប់សាធារណជនលំហែ និងកម្សាន្ត ឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិជាធរមានដោយនៅចំពោះមុខ តម្រូវឲ្យធ្វើការរុះរបាំង របង និងរៀបចំកែសម្រួលឲ្យសាធារណជនអាចចេញ ឬចូលទៅកម្សាន្តឆ្នេរខ្សាច់នៅក្នុងតំបន់នោះ។
ចំពោះឆ្នេរអូរត្រេះ មានទីតាំងក្នុងសង្កាត់លេខ៤ ត្រូវសិក្សាអំពីវិធានការរុះរើសំណង់អនាធិបតេយ្យនៅតាមដីចំណីឆ្នេរ និងរៀបចំជាឆ្នេរគំរូសាធារណៈ សម្រាប់បម្រើសេវាកម្មទេសចរណ៍ និងការលំហែ ឬការកម្សាន្ត ឲ្យស័ក្ដិសមជាឆ្នេរគំរូ។ ជាងនេះ ករណីឆ្នេរអូរឈើទាល នៅទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតក្រុមហ៊ុនអារីស្តុន ត្រូវធ្វើសមាហរណកម្មផ្លូវតាមបណ្ដោយឆ្នេរភ្ជាប់ពីឆ្នេរអូរឈើទាល ទៅឆ្នេរអូរត្រេះ និងបើកចំហឆ្នេរនេះសម្រាប់សាធារណជន និងអ្នកទេសចរ អាចចេញចូលកម្សាន្តដូចដើមវិញ ដោយមិនឲ្យមានការសាងសង់សំណង់គ្រប់ប្រភេទជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។