បណ្តាញ​សង្គម​ហ្វេសប៊ុក​​ក្លាយ​ជា​កន្លែង​វាយ​ប្រហារ​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត

0:00 / 0:00

យោបល់ រូបភាព ខ្សែ​អាត់​សំឡេង និង​វីដេអូ ត្រូវ​បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​ថ្មី​​​នេះ ដើម្បី​ផ្ដល់​ទៅ​ឱ្យ​បណ្ដាញ ឬ​ហៅ​ថា មិត្ត​ភក្តិ​ហ្វេសប៊ុក របស់​ពួក​គេ។ ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​បាន​ក្លាយ​ជា​សមរភូមិ​ថ្មី​មួយ​នៃ​ការ​វាយ​ប្រហារ​ពាក្យ​សម្ដី​បញ្ចើចបញ្ចើ​ដាក់​គ្នា ជាពិសេស​នៅ​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ ការ​ប្រកាស​លទ្ធផល​​បឋម​ដែល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​កម្ពុជា។

ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​សង្គម​មនុស្ស​មាន​ការ​ផ្លាស់ប្ដូរ​កាន់​តែ​ខ្លាំង។ សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្បង មាន​ទូរទស្សន៍ វិទ្យុ និង​កាសែត​​ជាដើម​នោះ​​ បណ្ដាញ​សង្គម​​ហ្វេសប៊ុក កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់ និង​​ចែក​រំលែក​ព័ត៌មាន​ដល់​សាធារណជន ពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​នេះ។

ដំបូង​ឡើយ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា ប្រើប្រាស់​បណ្ដាញ​ថ្មី​នេះ​ក្នុង​គោលបំណង​បង្កើន​ទំនាក់​ទំនង និង​ចែក​រំលែក​ភាព​សប្បាយ​រីក​រាយ​ជាមួយ​គ្នា។ ជា​បន្ត​បន្ទាប់​ មាន​ក្រុមហ៊ុន​ និង​អ្នក​ជំនួញ​មួយ​ចំនួន បាន​ចាប់​ផ្ដើម​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ឃោសនា​ផលិតផល​ ឬ​សេវាកម្ម​របស់​ខ្លួន។ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍​ដ៏​ច្រើន​ដែល​អាច​ទាញ​យក​ពី​ហ្វេសប៊ុក ក្រុមហ៊ុន សហគ្រាស ស្ថាប័ន​ព័ត៌មាន ស្ថាប័ន​រដ្ឋ និង​សាធារណជន​មួយ​ចំនួន ក៏​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក ផ្ទាល់​ខ្លួន​ ដើម្បី​ប្រមូល​និង​ចែក​ចាយ​ព័ត៌មាន​ទៅ​តាម​អ្វី​ដែល​គេ​ចង់​បាន។

យ៉ាង​ណា​មិញ ស្រប​ពេល​ដែល​ការ​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន​លើស​លប់​នោះ​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ក៏​បាន​មក​ដល់ ដែល​ធ្វើ​ឱ្យ​​អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​បាន​ងាក​មក​ចាប់​អារម្មណ៍​ និង​ប្រើប្រាស់​វា​ក្នុង​គោល​បំណង​​​នយោបាយ​វិញ។

យោបល់ រូបភាព ខ្សែ​អាត់​សំឡេង និង​វីដេអូ​ផ្សេងៗ ដែល​ជា​ចេតនា​នយោបាយ ក៏​ត្រូវ​បាន​បង្ហោះ​ពាស​ពេញ​​ហ្វេសប៊ុក ហើយ​បន្ថែម​ពី​លើ​នេះ​ វា​ក៏​​បាន​ក្លាយ​ជា​វេទិកា​នៃ​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ធំៗ​​នៅ​កម្ពុជា។

នៅ​​មុន​ពេល​បោះ​ឆ្នោត បណ្ដាញ​សង្គម​ថ្មី​នេះ​ជា​ទី​លាន​នៃ​ការ​ប្រ​ជែង​រក​សំឡេង​ឆ្នោត​ ដោយ​​គណបក្ស​នយោបាយ​បាន​ប្រើ​ប្រាស់​វា​ជា​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន។ ប៉ុន្តែ​ក្រោយ​ការ​បោះ​ឆ្នោត​ និង​ការ​ប្រកាស​លទ្ធផល​ដ៏​ចម្រូងចម្រាស​ដែល​គណបក្ស​​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​​​នោះ​ ហ្វេសប៊ុក​បាន​ក្លាយ​ជា​កន្លែង​វាយ​ប្រហារ​ពាក្យ​សម្ដី​គ្នា​រវាង​អ្នក​មាន​និន្នាការ​ទៅ​រក​​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ។

ទំព័រ​ហ្វេសប៊ុក ដែល​គាំទ្រ​គណបក្ស​ប្រជាជន​មួយ ឈ្មោះ "ទស្សនៈ​កូន​ខ្មែរ" បាន​បង្ហោះ​និង​ចែក​បន្ត​រូបភាព​​​ជា​ច្រើន​ដែល​មាន​ចេតនា​វាយប្រហារ​​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ចំណោម​រូបភាព​ទាំង​នោះ មាន​រូប​មួយ​សន្លឹក​ដែល​គេ​យក​រូប​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​មក​កែច្នៃ ហើយ​ដាក់​ទន្ទឹម​នឹង​ពាក្យ​​​ថា "ចំណុច​ទាំង​៣ ដែល​មិន​គួរ​ទុក​ចិត្ត​​លោក សម រង្ស៊ី គឺ​លោក​តែងតែ​​រត់​ចោល​ស្រុក ភូតភរ កុហក​គ្មាន​ការ​ពិត និង​មាន​​គំនិត​ចង​គំនុំ​និង​បង្ហូរ​ឈាម"។ បន្ថែម​ពី​លើ​នេះ ទំព័រ​ទស្សនៈ​កូន​ខ្មែរ ក៏​បាន​​បង្ហោះ​ខ្សែ​វីដេអូ​មួយ​ដែល​មាន​លក្ខណៈ​កំប្លែង តែ​វាយ​ប្រហារ​ចំៗ​តែម្ដង​ទៅ​លើ​លោក សម រង្ស៊ី។

ចំណែក​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​បាន​ធ្វើ​ការ​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នោះ​លើ​បណ្ដាញ​ថ្មី​នេះ​​​ដែរ។ ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា "ខ្មែរ​សូស្យល មីឌា (Khmer Social Media) បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ដែល​ភ្ជាប់​នឹង​រូបថត​ និង​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា អម​ទៅ​ដោយ​វោហារសាស្ត្រ​រិះគន់​ចំៗ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​រាជរដ្ឋាភិបាល​របស់​លោក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ឃ្លាន ខ្លៅ និង​ខ្លោច ដើម្បី​ងាយ​គ្រប់គ្រង។ រូបភាព​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ធ្វើ​ឱ្យ​ពលរដ្ឋ​ឃ្លាន​ដោយសារ​តែ​មាន​អំពើ​ពុករលួយ ធ្វើ​ឱ្យ​ខ្លៅ​ដោយសារ​គុណភាព​អប់រំ​ទាប គ្រប់គ្រង​ព័ត៌មាន​តែ​ឯង បំភ័ន្ត​ការពិត។ ចំពោះ​គូប្រជែង​នយោបាយ​ លោក​បំបែក​បំបាក់​ដើម្បី​ត្រួត​ត្រា ហើយ​លោក​ពង្រឹង​អំណាច​តាម​ការ​ចង​សម្ព័ន្ធ​មង្គល​ការ​កូន​ប្រុស​ស្រី។

មិន​ខុស​ពី​ទំព័រ​ហ្វេសប៊ុក​ដែល​គាំទ្រ​បក្ស​ប្រជាជន​ទេ ទំព័រ​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បង្ហោះ​វីដេអូ ដែល​​សម្ដែង​ពី​ឆន្ទៈ​របស់​ខ្លួន​ដែរ។

ទំព័រ​ហ្វេសប៊ុក​ដែល​សកម្ម​ក្នុង​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​វាយ​ប្រហារ​បក្ស​ប្រជាជន មាន​ដូចជា I Love Cambodia Hot News, Khmer Media, The Cambodia Photography Hot News, Manora Khmer, ទស្សនៈ​យុវជន​ខ្មែរ, តេជោ​កុយ, សំឡេង​ជាតិ និង​ខ្មែរ​សុវណ្ណ​ភូមិ​ជាដើម។ ដោយឡែក​ទំព័រ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន ហើយ​វាយ​ប្រហារ​បក្ស​សង្គ្រោះ​ជាតិ​វិញ មាន​ដូច​ជា Phe Sovannarith ទស្សនៈ​កូន​ខ្មែរ សន្តិភាព​ខ្មែរ និង Chanthorn Sok ជា​ដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន​ សមិទ្ធិ បាន​បញ្ជាក់​ថា ការ​រិះគន់ ឬ​វាយ​ប្រហារ​តាម​បណ្ដាញ​ហ្វេសប៊ុក​ ជា​សិទ្ធិ​របស់​អ្នក​ប្រើ​ប្រាស់ ក៏​ប៉ុន្តែ​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ បើ​សិន​ជា​អ្វី​ដែល​គេ​បញ្ចេញ​នោះ​មិន​មែន​ជា​ការ​ពិត។

លោក​ ប៉ែន​ សមិទ្ធិ៖ «វា​ជា​សេរីភាព​ហើយ ប៉ុន្តែ​បើ​សិន​ណា​ជា​គាត់​ធ្វើ​ខុស​ គឺ​វា​នឹង​ធ្វើ​ឱ្យ​គាត់​មាន​ទោស ចៀស​អត់​រួច​ទេ​អា​ហ្នឹង មិន​មែន​សរសេរ​កាសែត​ខុស ធ្វើ​វិទ្យុ​ខុស​មាន​ទោស ធ្វើ​ទូរទស្សន៍​ខុស​មាន​ទោស ហើយ​បង្ហោះ​ហ្វេសប៊ុក ខុស​រួច​ខ្លួន អា​ហ្នឹង​វា​អត់​ទៅ​រួច​ទេ»

លោក​បាន​បន្ត​ទៀត​ថា អ្នក​ដែល​ប្រើ​ប្រាស់​ហ្វេសប៊ុក ដើម្បី​បញ្ជូន​សារ​នយោបាយ​ គប្បី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ បើ​សិន​ជា​គេ​ធ្វើ​ការ​ឱ្យ​គណបក្ស​ណា​មួយ ឬ​ក៏​ថា គេ​គប្បី​ពិចារណា​​ដោយ​ខ្លួន​ឯង​អំពី​បញ្ហា​ផ្លូវ​ច្បាប់​ និង​​​សីលធម៌​ដែល​គេ​អាច​យក​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន​​មក​ប្រើ​ប្រាស់​បាន។

លោក​ ប៉ែន​ សមិទ្ធិ៖ «បើ​សិន​ជា​គាត់​នៅ​ក្រោម​ឆត្រ​របស់​នរណា ឧបមា​ថា មាន​បក្ស​​ណា​មួយ​ចាត់​តាំង​មនុស្ស​ឱ្យ​ធ្វើ​ គឺ​បក្ស​ហ្នឹង​ក៏​គួរ​តែ​មាន​ការ​បណ្ដុះបណ្ដាល​ ឬ​មួយ​ក៏​អ្នក​នោះ​​​ឯង គាត់​ធ្វើ​​ដោយ​ឯក ចិត្ត​គាត់ ដោយ​ឯករាជ្យ​របស់​គាត់​ ក៏​គួរ​តែ​មិត្ត​ភក្តិ​ទាំង​អស់​​ហ្នឹង​ អ្នក​ដែល​លេង​ហ្វេសប៊ុក ចង់​បញ្ជូន​សារ ឬ​គំនិត​របស់​ខ្លួន​ហ្នឹង​ ផ្ទៀងផ្ទាត់​មើល​​ច្បាប់​ទម្លាប់​ឱ្យ​មែន​ទែន»

ខ្លឹមសារ​នៃ​ក្រម​សីលធម៌​សំខាន់ៗ​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ក្នុង​គោល​បំណង​នយោបាយ​អាច​អនុវត្ត​បាន មាន​ដូច​ជា ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​និង​ត្រឹម​ត្រូវ​ មិន​​​បំភ្លៃ​ មិន​ត្រូវ​ផ្សាយ​ព័ត៌មាន​ណា​ដែល​រំលោភ​លើ​សិទ្ធិ​បុគ្គល​ គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ និង​សិទ្ធិ​បុគ្គល​ស្រប​តាម​គោលការណ៍​ច្បាប់ និង​កុំ​ចែក​ផ្សាយ​ព័ត៌មាន​ណា​ដែល​មាន​លក្ខណៈ​ញុះញង់ មួល​បង្កាច់ ឬ​បំភ្លៃ​ការពិត ដែល​នាំ​ទៅ​រក​ចលាចល​សង្គម​និង​ប្រទេស​ជាតិ។

ទោះ​បី​ជា​នៅ​កម្ពុជា មិន​ទាន់​មាន​ករណី​ដាក់​ទោសទណ្ឌ​​ដល់​អ្នកប្រើ​ហ្វេសប៊ុក ដែល​វាយ​ប្រហារ​ ឬ​ជេរ​ប្រមាថ​អ្នក​ដទៃ​ក្តី មុន​នឹង​បញ្ចេញ​ ឬ​ចែក​ចាយ​ព័ត៌មាន​ណា​មួយ អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​គប្បី​ចង​ចាំ​នូវ​គោលការណ៍​ច្បាប់​បួន​ដែល​សំខាន់​បំផុត​ រួម​មាន៖ ទី​មួយ អ្នក​ជា​ពលរដ្ឋ​ស្ថិត​ក្រោម​ច្បាប់​​របស់​​ប្រទេស​ ទី​ពីរ បទ​បរិហារ​កេរ្តិ៍ បទ​និយាយ​មួល​បង្កាច់ និង​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ ទី​បី បទ​បរិហារ​កេរ្តិ៍​ព្រហ្មទណ្ឌ​ និង​ទី​បួន​ បទ​បំពាន​​អង្គ​ព្រះ​មហាក្សត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។