គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​ចោទ​ថ្នាក់​ដឹកនាំ​ថា​ពុករលួយ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា អំពើ​ពុករលួយ​បន្ត​កើត​មាន​ក្នុង​វិស័យ​អប់រំ​នៅ​តាម​សាលា​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ បញ្ហា​នេះ ក្រុម​គ្រូបង្រៀន​បាន​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ជួយ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ខេត្ត​ពោធិ៍សាត់ ដើម្បី​ស្រោចស្រង់​កិត្តិយស​វិស័យ​​អប់រំ​ឲ្យ​បាន​ទាន់​ពេល។

0:00 / 0:00

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​តុលា បាន​ដាក់​លិខិត​ជូន​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឲ្យ​ជួយ​មាន​វិធានការ ឬ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​របស់​លោក ប៊ូ សុវណ្ណារិទ្ធ នាយក​​វិទ្យាល័យ ទា ចំរ៉ាត់ និង​អ្នកស្រី ឈុំ ម៉ុន្ថា ជា​នាយិកា​រង​ដែល​តម្រូវ​ឲ្យ​សិស្ស​បង់​ថ្លៃ​សាលា​ខុស​​​ច្បាប់​ស្ដីពី​ការ​អប់រំ។

លិខិត​សមាគម​គ្រូ​ភ្ជាប់​ដោយ​ពាក្យ​បណ្ដឹង​របស់​អ្នកគ្រូ ផាត់ ម៉ាលីន បង្រៀន​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ បាន​ចោទ​លោក ប៊ូ សុវណ្ណារិទ្ធ និង​អ្នកស្រី ឈុំ ម៉ុន្ថា ជា​នាយក និង​នាយិកា​រង​វិទ្យាល័យ ទា ចំរ៉ាត់ ថា​បាន​តម្រូវ​ឲ្យ​សិស្ស​បង់​ថ្លៃ​សាលា​ចំនួន ៥​ពាន់​រៀល សម្រាប់​សិស្ស​ម្នាក់ ដើម្បី​បាន​ចូល​រៀន។ ជាង​នេះ សិស្សានុសិស្ស​ដែល​ផ្ទេរ​ពី​សាលា​​​ផ្សេង​ចូល​​រៀន​នៅ​វិទ្យាល័យ​នេះ ក៏​តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​ចាប់​ពី ២​ម៉ឺន ដល់ ៨​ម៉ឺន​រៀល ទើប​ទទួល​ឲ្យ​ចូល​រៀន។

លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា បើ​សិន​ជា​នាយក និង​នាយក​រង​​វិទ្យាល័យ ទា ចំរ៉ាត់ ខេត្ត​ពោធិ៍សាត់ ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន​នោះ គឺ​បាន​អនុវត្ត​ខុស​ច្បាប់​ស្ដីពី​ការ​អប់រំ​ត្រង់​មាត្រា ៣១។ មាត្រា ៣១ បាន​សរសេរ​ថា រាល់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​​សិស្ស​នៅ​សាលា​​រដ្ឋ​ក្រសួង​​​អប់រំ​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​សាលា ឬ​មិន​យក​លុយ​ពី​សិស្ស​ទេ។

លោក រ៉ុង ឈុន៖ «យើង​ចង់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មាន​វិធានការ និង​ចាត់ការ​ចំពោះ​លោក​នាយក និង​នាយិកា​រង​វិទ្យាល័យ ទា ចំរ៉ាត់ ទៅ​តាម​ផ្លូវ​ច្បាប់ ពីព្រោះ​យើង​ដឹង​ហើយ​ថា អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​អប់រំ មិន​ត្រូវ​បាន​បោស​សំអាត ហើយ​ម្នាក់ៗ​រង់ចាំ​មើល​សមត្ថភាព​លោក​រដ្ឋមន្ត្រី​ថ្មី តើ​មាន​សេចក្ដី​ក្លាហាន​ប៉ុណ្ណា»

អ្នកគ្រូ ផាត់ ម៉ាលីន បង្រៀន​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ខេត្ត​ពោធិ៍សាត់ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ថ្នាក់ដឹកនាំ​ខ្លួន បាន​ទទូច​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជួយ​មាន​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ ដើម្បី​លើក​ស្ទួយ​ស្ថាប័ន​នេះ។

អ្នក​គ្រូ​បន្ត​ថា នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ​សូម្បី​តែ​សៀវភៅ​មេរៀន ក៏​អ្នក​គ្រប់គ្រង​បណ្ណាល័យ ឬ​អ្នក​​​ទទួល​ខុស​ត្រូវ​វិទ្យាល័យ​នេះ តម្រូវ​ឲ្យ​សិស្ស​បង់​លុយ ​ទើប​អាច​ខ្ចី​សៀវភៅ​មេ​រៀន​យក​ទៅ​រៀន​បាន៖ «គឺ​គាត់​ដាក់​សៀវភៅ​ពុម្ព​ឲ្យ​សិស្ស​ខ្ចី ដោយ​កំណត់​ចំនួន​លុយ​ម្នាក់ ១​ពាន់​រៀល ដើម្បី​ខ្ចី​សៀវភៅ​ពុម្ព​នោះ​ទេ គឺ​គាត់​មិន​អនុញ្ញាត​ឲ្យ​ខ្ចី​សៀវភៅ​ពុម្ព​នោះ​ទេ។ ឥឡូវ​នេះ សិស្ស​ខ្ញុំ​មិន​ទាន់​មាន​សៀវភៅ​ពុម្ព​គ្រប់​គ្នា​នៅ​ឡើយ​ទេ សិស្ស​ថ្នាក់​ទី​១០ ព្រោះ​គាត់​អត់​មាន​លុយ​បង់​បន្ត ហើយ​បង់​បន្ត​ទៀត»

ជាង​នេះ សិស្សានុសិស្ស​ក៏​ត្រូវ​នាយក​សាលា​តម្រូវ​ឲ្យ​កាត់​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​សិស្ស​ទើប​អនុញ្ញាត​ឲ្យ​ចូល​រៀន ប៉ុន្តែ​បើ​សិស្ស​ណា​មិន​អនុវត្ត​តាម​នឹង​ត្រូវ​ទទួល​ពិន័យ។ អ្នកគ្រូ ម៉ាលីន បន្ត​ថា ការ​តម្រូវ​ឲ្យ​សិស្ស​កាត់​សម្លៀក​​បំពាក់​តាម​ការ​ចង់​បាន​របស់​នាយក គឺ​បាន​ប៉ះពាល់​ដល់​សិស្ស​មាន​ជីវភាព​ក្រីក្រ​ដែល​គ្មាន​ថវិកា​​​ចំណាយ។

ទាក់ទិន​បញ្ហា​នេះ លោក ប៊ូ សុវណ្ណារិទ្ធ នាយក​វិទ្យាល័យ ទា ចំរ៉ាត់ ខេត្ត​ពោធិ៍សាត់ បាន​បដិសេធ​ថា មិន​បាន​ប្រព្រឹត្ត​​ខុស​ច្បាប់​ស្តីពី​ការ​អប់រំ​ដូច​ការ​ចោទ​ទេ។

លោក​បញ្ជាក់​ថា មិន​បាន​តម្រូវ​ឲ្យ​សិស្ស​បង់​ថ្លៃ​សាលា​ចំនួន ៥​ពាន់​រៀល​ ឬ​ក៏​សិស្ស​ផ្ទេរ​ពី​សាលា​ផ្សេង​មក​រៀន​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ សាលា​មិន​បាន​យក​លុយ​ទេ។ ចំណែក​ការ​តម្រូវ​ឲ្យ​សិស្សានុសិស្ស​កាត់​សម្លៀក​បំពាក់ គឺ​លោក​មាន​បំណង​ចង់​ឲ្យ​សិស្ស​វិទ្យាល័យ ទា ចំរ៉ាត់ សិស្ស​​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។

លោក ប៊ូ សុវណ្ណារិទ្ធ៖ «ប្រើ​រួម ដើម្បី​ថែ​រក្សា​សៀវភៅ​ហ្នឹង​កុំ​ឲ្យ​បាត់ ខាង​បណ្ណាល័យ​ហ្នឹង​គេ​មាន​គំនិត​មួយ​ថា​ចង់​ឲ្យ​សិស្ស​វិទ្យាល័យ​ចេញ​ថ្លៃ​ជួសជុល​សៀវភៅ​ហ្នឹង​ក្នុង ១​ក្បាល ១០០​រៀល ក្នុង ១ឆ្នាំ។ ប៉ុន្តែ​មិន​ដឹង​ថា គេ​យក​ហ្នឹង​គេ​យក​តាម​គំនិត​របស់​គេ​ធ្វើ​ហ្នឹង​អត់ ខ្ញុំ​វា​មិន​បាន​ដឹង​ថា គេ​ប្រមូល​លុយ​ហ្នឹង​យ៉ាង​ម៉េច​ដែរ ពីព្រោះ​អា​ហ្នឹង​ខាង​បណ្ណាល័យ»

​យ៉ាង​ណា​ក៏ដោយ លោក អ៊ឹង ង៉ោហុក ប្រធាន​នាយកដ្ឋាន​មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ មិន​ទាន់​មាន​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​កើត​មាន​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ខេត្ត​ពោធិ៍សាត់ ទេ ព្រោះ​ជាប់​រវល់​ប្រជុំ។

ទោះ​ជា​បែប​ណា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ជំនឿ​ថា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទើប​ឡើង​កាន់​តំណែង​ថ្មី នឹង​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត ឬ​មាន​វិធានការ​លុប​បំបាត់​អំពើ​ពុករលួយ​​​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ឬ​កើត​មាន​ក្នុង​​វិស័យ​​អប់រំ ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕