គ្រូ​បង្រៀន​ខេត្ត​ពោធិ៍សាត់​ចោទ​ថ្នាក់​ដឹក​នាំ​ថា​បក្ខពួក​និយម

គ្រូ​បង្រៀន​ខេត្ត​ពោធិ៍សាត់ ចោទ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា ថា បាន​បង្ក​​បក្ខពួក​និយម និង​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មាន​វិធាន​ការ​ទប់ស្កាត់។ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​បាន​មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​ច្រាន​ចោល។

គ្រូ​បង្រៀន​នៅ​តាម​សាលា​បឋមសិក្សា​មួយ​ចំនួន​នា​ខេត្ត​ពោធិ៍សាត់ បាន​ស្នើ​ដល់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឲ្យ​ស៊ើប​អង្កេត​ចំពោះ​សកម្មភាព​បក្ខពួក​និយម​របស់ លោក វង្ស សុត្តម អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់។

ក្រុម​គ្រូ​បង្រៀន​បាន​ចោទ លោក វង្ស សុត្តម ថា បាន​បញ្ជូន​ឈ្មោះ​កូន​ស្រី​ឈ្មោះ វង្ស សម្បត្តិនារី អតីត​គ្រូ​បង្រៀន​​នៅ​សាលា​បឋមសិក្សា​ពោធិ៍សាត់ ដែល​ទើប​មាន​អតីត​​ភាព​បង្រៀន​ចំនួន ៥​ឆ្នាំ អាច​មាន​សិទ្ធិ​ទៅ​រៀន​គ្រូ​កម្រិត​មូលដ្ឋាន។ ប៉ុន្តែ បែរ​ជា​លោកគ្រូ​អ្នកគ្រូ​ដែល​ខ្លះ​មាន​អតីត​ភាព​ការងារ​ជាង ១០​ឆ្នាំ ឬ​ជិត ២០​ឆ្នាំ មិន​អាច​ដាក់​ពាក្យ​​ចូល​រៀន​បាន​ទៅ​វិញ។ ក្រៅ​ពី​នេះ ក្រុម​គ្រូ​បង្រៀន​ខេត្ត​ពោធិ៍សាត់ បាន​ស្នើ​ដល់​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រូ​បង្រៀន​ថែម​ទៀត។

នាយក​សាលា​បឋមសិក្សា​ពោធិ៍សាត់ លោក ញ៉ូវ សារឿម មាន​ប្រសាសន៍​ថា គ្រូ​បង្រៀន​ថ្នាក់​បឋម​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យ​ចូល​រៀន​គ្រូ​កម្រិត​មូលដ្ឋាន​បាន ទាល់​តែ​មាន​អតីត​ភាព​បង្រៀន​ចំនួន ២០​ឆ្នាំ ឬ​ជិត ២០​ឆ្នាំ។ ប៉ុន្តែ លោក​ថា បើ​សិន​ជា​សមាជិក​គ្រូ​បង្រៀន​ណា​ម្នាក់​បាន​ផ្ទេរ​ពី​តួនាទី​គ្រូ​បង្រៀន ទៅ​បម្រើ​ការ​ជា​បុគ្គលិក​​តាម​ការិយាល័យ​អប់រំ ឬ​មន្ទីរ​អប់រំ​ខេត្ត គឺ​ពួក​គេ​មាន​អាទិភាព​ចូល​រៀន​គ្រូ​កម្រិត​មូលដ្ឋាន។

អនុប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ពោធិ៍សាត់ លោក វង្ស សុត្តម ត្រូវ​ជា​ឪពុក​​អ្នកគ្រូ​ឈ្មោះ វង្ស សម្បត្តិនារី ដែល​ត្រូវ​ក្រុម​គ្រូ​បង្រៀន​ចោទ​ប្រកាន់ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​បាន​ផ្ទេរ​ពី​សាលា​បឋមសិក្សា​ពោធិ៍សាត់ មក​បម្រើ​ការងារ​ជា​បុគ្គលិក​​នៅ​មន្ទីរ​អប់រំ​ចំនួន​១​ឆ្នាំ​ហើយ ហើយ​រូប​គេ​មាន​សិទ្ធិ​ចូល​រៀន​គ្រូ​កម្រិត​មូលដ្ឋាន ដោយ​មិន​ចាំបាច់​មាន​អតីត​ភាព​ការងារ ២០​ឆ្នាំ​ដូច​គ្រូ​បង្រៀន​ផ្ទាល់​ទេ។

ទោះ​យ៉ាង​ណា លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាត់​ទុក​សកម្មភាព​របស់ លោក វង្ស សុត្តម ថា ជា​អំពើ​ពុក​រលួយ និង​ទាមទារ​ឲ្យ លោក អ៊ឹម សិទ្ធី មាន​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គ្រូ​បង្រៀន​​ដទៃ​ទៀត។

ភាព​មិន​ប្រក្រតី​នេះ គ្រូ​បង្រៀន​នៅ​តាម​សាលា​បឋមសិក្សា​ខេត្ត​ពោធិ៍សាត់ បាន​ស្នើ​ដល់ លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​​​ក្រសួង​អប់រំ ជួយ​ពិនិត្យ និង​ចាត់​វិធាន​ការ​​​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​គ្រូ​បង្រៀន​ដទៃ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។