អាជ្ញាធរខេត្តរតនគិរី រៀបចំទប់ស្កាត់បទល្មើសឆ្លងដែនទ្រង់ទ្រាយធំ និងយូរអង្វែងនៅតាមបណ្តោយព្រំដែនប្រទេសវៀតណាម។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានចលនាជនអន្តោប្រវេសន៍វៀតណាម និងពលរដ្ឋវៀតណាម ជាក្រុមៗ បានឆ្លងដែនចូលមកទឹកដីខេត្តរតនគិរី ដើម្បីប្រព្រឹត្តបទល្មើសកាប់យកឈើមានតម្លៃជាដើម។
កងកម្លាំងយោធាខេត្តរតនគិរី ប្រមាណ ១០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម ចាប់ពីបង្គោលព្រំដែនបីប្រទេស ឬតំបន់កន្ទុយនាគរហូតមកទល់នឹងព្រំប្រទល់ខេត្តមណ្ឌលគិរី។
ការពង្រាយកងកម្លាំងនេះ ធ្វើឡើងចាប់តាំងពីថ្ងៃទី២៣ ខែមេសា តាមគម្រោងការរបស់គណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្នុងគោលបំណងទប់ស្កាត់បទល្មើសឆ្លងដែន។
ប្រជាពលរដ្ឋរស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោក សេវ ស្វាន បញ្ជាក់ថា អ្នកភូមិបានឃើញកងយោធាត្រូវបានគេដឹកជញ្ជូនមកបោះតង់ស្នាក់នៅជាច្រើនចំណុច តាមបណ្តោយព្រំដែនចំណុចអូរសេដ្ឋី និងក្នុងព្រៃចម្ងាយ ២គីឡូម៉ែត្រពីភូមិ។ លោកបញ្ជាក់ថា ក្រុមយោធាមិនបានដាក់បម្រាម ឬរឹតបន្តឹងការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិត ក្បែរតំបន់ឈរជើងរបស់កងកម្លាំងនោះឡើយ៖ «គេចុះទៅកន្លែងហ្នឹងច្រើនតាមខ្សែក្រវាត់ព្រំដែន តាំងពីកន្ទុយនាគដល់ប៉ុស្តិ៍អូរលាវ។ គេដាក់តាមក្រុម ខ្ញុំទៅសួរ គេថាទាហាន ១០០ជាង»។
នេះជាលើកដំបូងហើយដែលអាជ្ញាធរខេត្តរតនគិរី ពង្រាយកងកម្លាំងតាមបណ្តោយព្រំដែន ខណៈបទល្មើសឆ្លងដែនមានអន្តោប្រវេសន៍ជនភៀសខ្លួនម៉ុងតាញ៉ា និងប្រជាជនវៀតណាម បានលួចឆ្លងដែនចូលទឹកដីខេត្តរតនគិរី កើតមានចាប់តាំងពីចុងឆ្នាំ២០១៤ រហូតមក។
ប្រធានភូមិឡំ លោក សេវ លីន អះអាងថា ក្រុមយោធាបានណែនាំអាជ្ញាធរភូមិ ឲ្យផ្សព្វផ្សាយកុំឲ្យប្រជាពលរដ្ឋភ័យខ្លាចវត្តមានយោធាដាក់ពង្រាយនេះ។ លោកថា ក្រុមយោធាដាក់ពង្រាយជាច្រើនចំណុចនៅតំបន់នោះ ក៏ប៉ុន្តែលោកមិនប្រាកដថា ពួកគេបំពេញបេសកកម្មអ្វីនោះឡើយ៖ «គេអត់ប្រាប់ទាំងអស់ទេ គេថានៅច្រកព្រំដែនគេខ្លាចបទល្មើសព្រៃឈើក៏មិនដឹង គេប្រាប់តែប៉ុណ្ណឹង កុំឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល គេថាអ៊ីចេះ»។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក មឹង ស៊ីនាដ នៅថ្ងៃទី២៥ ខែមេសា មានប្រសាសន៍ថា លោកជាប់រវល់ប្រជុំមិនអាចអធិប្បាយអ្វីបានឡើយ។
យ៉ាងនេះក្តី មន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា កងកម្លាំងបានដាក់ពង្រាយប្រមាណ ១១ចំណុច រួមទាំងចែកជាក្រុមដើម្បីដើរល្បាតតាមគោលដៅរបស់ខ្លួន។ យោធាទាំងនោះ នឹងត្រូវប្ដូរវេនសម្រាប់រយៈពេលបីខែម្តង ក្នុងការបំពេញភារកិច្ចនេះ។
ទាក់ទិនករណីនេះដែរ មេបញ្ជាការយោធាខេត្តរតនគិរី លោក ខាំ ស៊ុក ទទួលស្គាល់ថា ការដាក់ពង្រាយកងកម្លាំងនេះ គឺដើម្បីទប់ស្កាត់បទល្មើស ប៉ុន្តែលោកមិនអធិប្បាយលម្អិតពីផែនការនេះយ៉ាងណាឡើយ៖ «គណៈបញ្ជាការកងឯកភាពខេត្តគេធ្វើផែនការទប់ស្កាត់បទល្មើស ទប់ស្កាត់អន្តោប្រវេសន៍ពង្រឹងមូលដ្ឋាន»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ស្វាគមន៍ចំពោះបេសកកម្មទប់ស្កាត់បទល្មើសតាមបណ្តោយព្រំដែន ដើម្បីការពារធនធានធម្មជាតិ និងការឆ្លងដែនខុសច្បាប់។ លោករំពឹងថា កិច្ចការពារបទល្មើសបន្ថែមនេះ នឹងកាត់បន្ថយបានបទល្មើសលួចកាប់ឈើពីសំណាក់ពលរដ្ឋវៀតណាម និងបទល្មើសនាំឈើប្រណីតពីខេត្តរតនគិរី ឆ្លងចូលប្រទេសវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។