
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រកឃើញពីមូលហេតុមួយចំនួនដែលនាំឲ្យមានកូដកម្មនៅក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។ កូដកម្មភាគច្រើន ទាក់ទងនឹងការទាមទារប្រាក់ឈ្នួល បន្ទាប់មក គឺការបញ្ឈប់ និងការចោទប្រកាន់អំពីការរើសអើងសហជីព។ ស្របគ្នានេះ ការអនុវត្តដែលមិនប្រកបដោយវិជ្ជាជីវៈ ដូចជា ការស៊ីសំណូក ការគំរាមកំហែង និងការជ្រៀតជ្រែកដោយមិនស្របច្បាប់ ក៏ជាកត្តាបង្កឲ្យមានកូដកម្មដែរ។
របាយការណ៍កម្រាស់ជិត ៦០ទំព័រចេញដោយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ស្ដីពីវិវាទការងារ និងការប្រើប្រាស់កូដកម្ម ដែលចេញសម្រាប់ខែសីហា បញ្ជាក់ពីកត្តាធំៗចំនួន៣ ដែលបង្កឲ្យកើតមានកូដកម្មក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង។
កត្តាទាំងនោះរួមមាន កម្មវត្ថុ ឬបំណងប្រាថ្នានៃការទាមទារ ដែលមានក្នុងសំណុំរឿងកូដកម្មក្នុងពេលថ្មីៗ កត្តាជំរុញ និងបរិយាកាសដែលនាំឲ្យមានកូដកម្ម។ ការរកឃើញនេះ ជាលទ្ធផលនៃការស្រាវជ្រាវដោយប្រើវិធីសាស្ត្រចម្រុះ រួមបញ្ចូលទាំងការស្រាវជ្រាវឯកសារ និងការសាកសួរភាគីពាក់ព័ន្ធប្រមាណជិត ១០០នាក់។ ការសិក្សានោះ បានផ្ដើមពីខែមេសា ឆ្នាំ២០១៤។ អ្នកដែលក្រុមអ្នកស្រាវជ្រាវបានជួបសម្ភាសនោះរួមមាន កម្មករនិយោជិត និយោជក មន្ត្រីក្រសួងការងារ អង្គការអន្តរជាតិខាងការងារ និងអ្នកបញ្ជាទិញផង។
ប្រធានផ្នែកតាមដាន និងវាយតម្លៃនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក ហ៊ុន ចិន្តា មានប្រសាសន៍ពីការរកឃើញនោះថា កម្មវត្ថុនៃការទាមទារ សំដៅដល់ការទាមទារប្រាក់ឈ្នួលអប្បបរមា ការបណ្ដេញចេញ ការចោទប្រកាន់ពីការរើសអើងសហជីព កង្វះការអនុវត្តបទដ្ឋានច្បាប់អប្បបរមា អនាម័យ និងសន្តិសុខការងារ៖ «បណ្ដាលមកពីសម្ពាធខាងសេដ្ឋកិច្ច ធ្វើឲ្យកម្មករនិយោជិត គាត់ធ្វើការទាមទារ ដើម្បីឲ្យទទួលបានកម្រៃបន្ថែម មានថ្លៃស្នាក់នៅ ថ្លៃសេវាសុខភាព និងការទទួលបានសន្តិសុខ។ ម្យ៉ាងទៀត គាត់ក៏ចង់បានថវិកាខ្លះ ដើម្បីផ្ញើទៅគ្រួសារគាត់ដែលនៅឯជនបទដែរ។ ទី២ ទៀត គឺការចោទប្រកាន់ពីការបណ្ដេញចេញកើតពីការរើសអើងសហជីព ឃើញថា បញ្ហានេះជាបញ្ហាចម្បងដែលសហជីពជាទូទៅ ច្រើនយកបញ្ហានេះមកដោះស្រាយ ហើយធ្វើកូដកម្មភ្លាមៗតែម្ដង»។

លោក ចិន្ដា បន្តថា បញ្ហាមួយចំនួនទៀតត្រូវបានអ្នកឆ្លើយសំណួរអះអាងថា ជាកត្តាជំរុញឲ្យមានកូដកម្ម ដូចជា ភាពទន់ខ្សោយក្នុងកិច្ចសហការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ ការបណ្ដេញចេញ និងចោទប្រកាន់ពីការរើសអើងសហជីព ភាពចន្លោះប្រហោងក្នុងការអនុវត្តច្បាប់អប្បបរមា បញ្ហាទំនាក់ទំនងរវាងសហជីព និងសហជីព សហជីព និងនិយោជក នៅកន្លែងដែលមានសហជីពច្រើនជាងមួយ និងទម្លាប់នៃការចំណាយប្រាក់ក្រៅផ្លូវការ៖ «ការអនុវត្តដែលមានការចូលរួមពីច្រើនភាគី ដែលមានទំនាស់ផលប្រយោជន៍។ យើងបានរកឃើញនូវចំណុចមួយចំនួនដូចជា មន្ត្រីសហជីពមួយចំនួនហ្នឹងគាត់ធ្វើកូដកម្ម ដើម្បីទទួលបានប្រាក់ក្រៅផ្លូវការពីនិយោជក»។
លើសពីនេះ ក៏មានបញ្ហាមួយចំនួនទៀតដែលលើកឡើងថា ជាឱកាសដែលងាយនឹងកើតមានកូដកម្ម។ លោក ហ៊ុន ចិន្តា លើកឡើងពីចម្លើយរបស់អ្នកដែលបានសម្ភាសបន្តទៀតថា បញ្ហាទាំងនោះរួមមាន ការមិនសប្បាយចិត្តនឹងប្រសិទ្ធភាពរបស់អនុសញ្ញារួម កង្វះប្រសិទ្ធភាពនៃកិច្ចសហការ និងការអនុវត្តនៅកន្លែងការងារ និងទម្លាប់នៃការបើកប្រាក់ឈ្នួលក្នុងពេលធ្វើកូដកម្ម ដែលប្រៀបបាននឹងការលើកទឹកចិត្តមួយ៖ «វាជាកត្តាមួយមិនលើកទឹកចិត្តដល់ការដោះស្រាយវិវាទដោយសន្តិវិធី វាធ្វើឲ្យមានគ្រោះថ្នាក់ដល់ទំនាក់ទំនងវិជ្ជាជីវៈ»។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល រំពឹងថា លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងជួយឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងការងារក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង ឲ្យធ្វើការងារដោយចុះសម្រុង និងមាននិរន្តរភាពការងារ។
ប្រធានផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល អ្នកស្រី អាន វីរៈ មានប្រសាសន៍ថា មូលហេតុដែលបង្កើតឲ្យមានការស្រាវជ្រាវនេះ គឺបន្ទាប់ពីស្ថាប័ននេះទទួលបានបណ្ដឹងជាច្រើន ហើយភាគច្រើននៃបណ្ដឹងទាំងនោះ ធ្វើឡើងបន្ទាប់ពីកើតមានកូដកម្ម។ អ្នកស្រីថា បញ្ហាខ្លះគួរតែអាចដោះស្រាយបាននៅមុនពេលកើតមានកូដកម្ម៖ «តាមការសិក្សាហ្នឹង គឺយើងចង់ឲ្យតួអង្គទាំងអស់ គួរតែរៀបចំខ្លួនធ្វើយ៉ាងម៉េច ដើម្បីឲ្យវាមានស្ថិរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងសុខដុមនៅកន្លែងធ្វើការ»។
ការសិក្សាដដែល ក៏បានបង្ហាញពីផលប៉ះពាល់នៃកូដកម្មទៅលើសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ ដោយសារការបាត់បង់ផលិតភាព បាត់បង់ប្រាក់ឈ្នួល បង្កឲ្យមានការភ័យខ្លាចតានតឹងផ្លូវចិត្ត ភាពរកាំរកូស ខូចខាតសីលធម៌រវាងកម្មករនិយោជិត និងនិយោជក។ ស្របគ្នានេះ ការសិក្សាបានលើកឡើងនូវអនុសាសន៍មួយចំនួនក្នុងការផ្លាស់ប្ដូរទម្លាប់ដោះស្រាយវិវាទ កែលំអការងារផ្សះផ្សា។
ប្រធានផ្នែកតាមដាន និងវាយតម្លៃនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល លោក ហ៊ុន ចិន្តា មានប្រសាសន៍ថា ការអនុវត្តអនុសញ្ញារួមឲ្យបានត្រឹមត្រូវ នឹងជួយឲ្យមានសុខដុមរមនាក្នុងការងារ៖ «គ្រាន់តែស្នើថា ការចរចាអនុសញ្ញារួម ត្រូវតែមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក មានន័យថា ប្រសិនបើខាងនិយោជកសន្យាថាផ្ដល់លក្ខខណ្ឌដូចនឹងកិច្ចព្រមព្រៀងហ្នឹង គឺត្រូវតែអនុវត្តឲ្យបាន»។
ក្រុមសហជីព ស្វាគមន៍ចំពោះលទ្ធផលនៃការស្រាវជ្រាវនេះ និងគាំទ្រឲ្យមានការដោះស្រាយបញ្ហាមុនពេលមានកូដកម្ម។

ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា សហជីពមិនប្រាថ្នាធ្វើកូដកម្មឡើយ ប្រសិនបើនិយោជកទទួលយកការចរចា។ យ៉ាងនេះ លោកលើកឡើងដែរថា សហជីពមួយចំនួនជ្រើសរើសការចរចាដែលមិនបានគិតអត្ថប្រយោជន៍កម្មករត្រូវចោទប្រកាន់ថា ជាសហជីពកាន់ជើងភាគីនិយោជក៖ «ខាងសហជីពសុទ្ធសឹងតែបានស្នើសុំជួបចរចាពិភាក្សាជាដើម ប៉ុន្តែនិយោជកហ្នឹងគាត់ព្យាយាមគេចវេស។ សម្រាប់រោងចក្រដែលគ្មានតំណាងសហជីព វាអាចធ្វើឲ្យកម្មករផ្ទុះកូដកម្មភា្លមៗ ដោយពុំមានការដោះស្រាយ»។
ចំណែកប្រធានសហព័ន្ធសហជីពខ្មែរ លោក ជួន មុំថុល មានប្រសាសន៍ដែរថា កន្លងមក សហជីពរបស់លោកជ្រើសរើសយកមធ្យោបាយចរចាសម្របសម្រួល មិនទម្លាប់ជ្រើសរើសយកការធ្វើកូដកម្មឡើយ។ លោកថា ទោះយ៉ាងណា សហជីពរបស់លោកក៏តែងតម្កល់អត្ថប្រយោជន៍កម្មករជាធំ៖ «ថ្នាក់ដឹកនាំសហជីពរបស់ខ្ញុំ អត់ត្រូវវាយគ្នាជាមួយថៅកែ គឺគេអាចរស់នៅជាមួយគ្នាសុខដុមជាមួយគ្នាបាន ខ្ញុំយកផ្លូវចរចា»។
ក្រុមសហជីពបានលើកឡើងដែរថា ការផ្ដល់ប្រាក់ឈ្នួលសម្រាប់ពេលធ្វើកូដកម្ម គឺជាការចរចាទាមទារសម្របសម្រួលរបស់ភាគីកម្មករជាមួយភាគីនិយោជក នៅពេលដែលច្បាប់មិនបានតម្រូវឲ្យផ្ដល់នោះឡើយ។
មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបបែបណាពីភាគីនិយោជក ចំពោះរបាយការណ៍របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះនៅឡើយ។
កន្លងមក តំណាងភាគីថៅកែរោងចក្រ និងជាប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) លោក វ៉ាន់ ស៊ូអៀង ធ្លាប់មានប្រសាសន៍ថា បញ្ហាកូដកម្មខុសច្បាប់ កំពុងរុញច្រានឲ្យដំណើរការក្នុងវិស័យកាត់ដេរនៅកម្ពុជា មានការធ្លាក់ចុះ ឬពិបាកប្រកួតប្រជែងនឹងប្រទេសជិតខាង៖ «សហជីពកូដកម្មខុសច្បាប់ អត់តាមនីតិវិធី។ ទី២ វៀតណាម គេមានរោងចក្រថ្មីរហូត យើងក្នុងមួយឆ្នាំកើតបានរោងចក្រប្រហែល ៨០ ទៅ ១០០ជាង។ ខ្ញុំអត់ដឹងថា ឆ្នាំនេះមានប៉ុន្មានទេ តែខ្ញុំដឹងថា មានរោងចក្រប្រហែល ១៤ ឬ ១៥រោងចក្រ ដែលខ្ញុំស្គាល់គេកាត់ផលិតផលពាក់កណ្ដាលយកទៅវៀតណាម»។
របាយការណ៍ពីក្រសួងការងារ ពីឆ្នាំ២០៨ ដល់ឆ្នាំ២០១១ ឲ្យដឹងថា អត្រាកូដកម្មមានការធ្លាក់ចុះ ប៉ុន្តែចាប់ពីឆ្នាំ២០១២ និងឆ្នាំ២០១៣ ចំនួនកូដកម្មបានកើនឡើង និងបានធ្លាក់ចុះវិញក្នុងឆ្នាំ២០១៤ ហើយបានកើនឡើងជាថ្មីក្នុងឆ្នាំ២០១៥។ បើទោះជាក្នុងឆ្នាំខ្លះមាននិន្នាការថយចុះ ប៉ុន្តែចំនួនកូដកម្មមិនបានថយចុះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។