មន្ត្រី​ក្រសួង​មហាផ្ទៃ​រំលឹក​សមត្ថកិច្ច​ឲ្យ​បន្ត​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ផ្ញើ​សារ​ក្រើនរំលឹក​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្រោម​ឱវាទ ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​សមត្ថកិច្ច​នគរបាល ឲ្យ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដែល​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន។

សារ​អំពាវនាវ​នេះ កើត​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន​បាន​រអ៊ូរទាំ​ថា បទល្មើស​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន ចោរកម្ម បន​ពេស្យាចារ និង​ល្បែង​ភ្នាល់​ជា​ច្រើន​ប្រភេទ​បាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​សកម្មភាព​បង្ក្រាប​ពី​សមត្ថកិច្ច។

សារ​ក្រើនរំលឹក​ជា​ថ្មី​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ ពិសេស​សមត្ថកិច្ច​នគរបាល​របស់​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដូច្នេះ​កើត​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន មាន​ខេត្ត​ព្រះសីហនុ ជា​ដើម បាន​អះអាង​ថា បទល្មើស​ចោរកម្ម បន​ពេស្យាចារ ល្បែង​ភ្នាល់​បាល់ ឬ​ជល់​មាន់​ជាដើម បាន​រីក​ដូច​ផ្សិត។

ផ្ដើម​ពី​បញ្ហា​នេះ លោក ខៀវ សុភ័គ នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កុម្ភៈ បាន​ក្រើនរំលឹក​ជា​ថ្មី​ទៀត​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ​មាន​កម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ​មាន​សុវត្ថិភាព ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ រូប​នេះ បាន​ព្រមាន​ថា កម្លាំង​សមត្ថកិច្ច​ទាំង​អស់​មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ ឬ​ក៏​កាង​ការពារ​បទល្មើស​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ មាន​ល្បែង​ភ្នាល់​បាល់ និង​ជល់​មាន​ជាដើម​នោះ​ទេ ព្រោះ​នឹង​ត្រូវ​ផ្ដន្ទាទោស ឬ​ទទួល​ពិន័យ​ធ្ងន់ធ្ងរ៖ «យើង​រង់ចាំ​ទទួល​នូវ​រាល់​ពាក្យ​បណ្ដឹង​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​ទាក់ទិន​បទល្មើស​ផ្សេងៗ និង​អ្នក​ប្រព្រឹត្ត​បទល្មើស។ ជាង​នេះ ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្ដល់​ភស្តុតាង ឬ​អត្តសញ្ញាណ​របស់​ជនល្មើស ឬ​អ្នក​កាង​ការពារ​ជនល្មើស​ឲ្យ​បាន​ច្បាស់លាស់​មក​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​សមត្ថកិច្ច​បើក​យុទ្ធនា​ការ​បង្ក្រាប។ បន្ថែម​លើ​នេះ ក្រសួង​មហាផ្ទៃ បាន​ហាម​ដាច់​ខាត​ដល់​កងកម្លាំង​សមត្ថកិច្ច ឬ​នគរបាល​ទាំង​អស់​មិន​ត្រូវ​កាង​ការពារ​ឲ្យ​ឈ្មួញ​បង្ក​បទល្មើស​នោះ​ទេ ព្រោះ​ជា​រឿង​ខុស​ច្បាប់ និង​ខុស​គោល​ការ​ក្រសួង​មហាផ្ទៃ បាន​ដាក់​ចេញ ។ ហើយ​បញ្ហា​នេះ អ្នក​ឃុបឃិត​បទល្មើស​នឹង​ត្រូវ​ទទួល​រង​ពិន័យ​ធ្ងន់ធ្ងរ ឬ​ផ្ដន្ទាទោស បើ​រក​ឃើញ​មាន​កំហុស​ឆ្គង​ដែល​សមត្ថកិច្ច​គ្រប់ៗ​រូប​ប្រព្រឹត្តិ​ល្មើស​វិន័យ»

​សារ​ក្រើនរំលឹក​ជា​ថ្មី​របស់ លោក ខៀវ សុភ័គ ពេល​នេះ ស្រប​ពេល​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា បទល្មើស​ផ្សេងៗ​មាន​ដូចជា​ចោរកម្ម បន​ពេស្យាចារ ទីតាំង​ជល់​មាន់ និង​ទីតាំង​បើក​ភ្នាល់​បាល់​ជាដើម កំពុង​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

បទល្មើស​ទាំង​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បាន​ធ្វើ​សកម្មភាព​ជាប់​ច្រមុះ​របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ ប៉ុន្តែ​មិន​ឃើញ​មាន​សកម្មភាព​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​យូរ​អង្វែង​ទេ​កន្លង​មក។ បង្ក្រាប​រួច​ហើយ បទល្មើស​មួយ​ចំនួន​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​បន្ត​មក​ទៀត​នៅ​ពេល​បន្ត​បន្ទាប់​មក​ទៀត។

ទោះ​យ៉ាង​ណា លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពីក្រោយ​បទល្មើស​ល្បែងភ្នាល់​បាល់ ឬ​ជល់​មាន់​ជា​ដើម​នោះ​ទេ។ ជាង​នេះ លោក​ទាំង​ពីរ​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្ដល់​ព័ត៌មាន​ពី​ទីតាំង​បទល្មើស​ផ្សេងៗ​មក​សមត្ថកិច្ច​ឲ្យ​បាន​ពិត​ប្រាកដ ដើម្បី​ឈាន​ដល់​ចាត់​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។

យ៉ាង​ណា​ក៏ដោយ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៧ ខែ​កុម្ភៈ ឃើញ​មាន​សកម្មភាព​អ្នក​លេង ឬ​ញៀន​ល្បែង​ភ្នាល់​បាល់​បាន​ធ្វើ​ដំណើរ​ចេញ​ចូល​ដូច​ទីផ្សារ ដើម្បី​យក​តារាង​ប្រកួត​ភ្នាល់​បាល់ទាត់​នៅ​តាម​ទីតាំង​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ហើយ​ទីតាំង​ភ្នាល់​បាល់ ឬ​ជល់​មាន់​ខ្លះ ច្រក​ក្រោម​ស្លាក​កាស៊ីណូ ឬ​ផ្ទះសំណាក់​ជាដើម​មាន​ដូចជា កាស៊ីណូ​កោះ​មាស ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ហើយ​ពលរដ្ឋ​ខ្លះ​ចោទ​ថា ទីតាំង​ភ្នាល់​បាល់​នេះ មាន​មន្ត្រី​ឋានៈ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាង​ការពារ និង​ទីតាំង​ភ្នាល់​បាល់​នៅ​ម្តុំ​មហោស្រព​ចាស់ ស្ថិត​ក្នុង​ផ្ទះល្វែង​លេខ​ស៊ី៤៦ (C46) ទល់​មុខ​សាលា​សង្កាត់ និង​ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ​២ និង​ទីតាំង​ល្បែង​ស៊ីសង​ដទៃ​ទៀត ត្រូវ​ប្រជាពលរដ្ឋ​ចោទ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជា​អ្នក​កាង​ការពារ។

ក្រៅ​ពី​ល្បែងភ្នាល់​បាល់​ធ្វើ​សកម្មភាព​អនាធិបតេយ្យ ក្រុម​ប្រជាពលរដ្ឋ​ចោទ​ថា មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏​មាន​បទល្មើស​ចោរ​កាច់​ក​ម៉ូតូ បន​ពេស្យាចារ​ជ្រក​ក្រោម​ស្លាក​កោស​ជប់ បទល្មើស​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​ឆ្នេរសមុទ្រ និង​ល្បែង​ជល់​មាន់​ជាដើម បាន​ធ្វើ​សកម្មភាព​នៅ​ចំ​កណ្ដាល​ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ ជាដើម ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ ឬ​ក៏​មាន​ទីតាំង​ខ្លះ​សមត្ថកិច្ច​ជំនាញ​មិន​ហ៊ាន​ក្អក​ឡើយ។

បញ្ហា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

លោក​ទទួល​ស្គាល់​ថា កន្លង​មក​មូលដ្ឋាន​នេះ មាន​បទល្មើស ឬ​ល្បែង​ស៊ីសង​មួយ​ចំនួន ត្រូវ​ជន​ឆ្លៀត​ឱកាស លួច​ធ្វើ​សកម្មភាព ហើយ​សមត្ថកិច្ច​មិន​បាន​ទទួល​ព័ត៌មាន​ពិត​មែន៖ «ខ្ញុំ​បាន​ជំរុញ​ដល់​កម្លាំង​គ្រប់​ជំនាញ​ទាំង​ថ្នាក់​ខេត្ត​រហូត​ដល់​កម្លាំង​រដ្ឋបាល​នៅ​តាម​មូលដ្ឋាន​នានា នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ធ្វើ​យ៉ាង​ណា​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​អំពើ​លួច ឬ​ឆក់​ប្លន់​កើត​មាន​នៅ​តាម​មូល​រៀងៗ​ខ្លួន។ ខ្ញុំ​គិត​ថា បទល្មើស​លេងល្បែង​ភ្នាល់​បាល់ ឬ​ជល់​មាន់​ជា​ដើម​នេះ អ្នក​ខ្លះ​បាន​យក​មក​ធ្វើ​ជា​មុខ​របរ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត គឺ​ពួកគាត់​ទំនេរ​ពី​ការងារ​នៅ​រដូវ​ប្រាំង​ចូល​មក​ដល់​ម្តងៗ ក៏​សល់​ពេល​បបួល​គ្នា​លេង​ជល់​មាន់​ជាដើម ដើម្បី​កំដរ​ការ​អផ្សុក ដូច​ពាក្យ​ចាស់​និយាយ​ថា ទំនេរ​ពី​ការងារ​ដើរ​ជល់​មាន់​ជាដើម។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ កិច្ច​ការងារ​ពង្រឹង​សន្តិសុខ និង​សុវត្ថិភាព​មូលដ្ឋាន​នេះ យើង​នឹង​ខិតខំ​ពង្រឹង ឬ​អនុវត្ត​សកម្មភាព​ការពារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត»

ទោះ​ជា​បែប​នេះ​ក្តី ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ភាគ​ច្រើន បាន​រិះគន់​ថា កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ មិន​ទាន់​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩​ចំណុច ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ឲ្យ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។