តុលាការ​ខេត្ត​កំពង់​ចាម​ដោះលែង​សហជីព​៥នាក់​ក្នុង​ចំណោម​១០​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន

0:00 / 0:00

កម្មករ​រោងចក្រ​ស្បែក​ជើង​ជូហួយ (JUHUI) នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នាំគ្នា​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​​ដោះលែង​សមាជិក សហជីព​របស់​ខ្លួន​និង​ដោះស្រាយ​បញ្ហា​ទាមទារ​របស់​ពួកគាត់​នៅ​ថ្ងៃ​ទី ២៧ តុលា​នៅ​ខាង​មុខ​រោងចក្រ។ កម្មករ​អះអាង​ថា​តំណាង និង​មនុស្ស​​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​នោះ​មិន​មាន​កំហុស​នោះ​ទេ។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នោះ ដោយ​សារ​រក​ឃើញ​ថា​ពួកគាត់​បង្ក​អំពើ​ហិង្សា​ដោយ​ខុស​ច្បាប់ ហើយ​ការ​តវ៉ា​យ៉ាង​ណា​នោះ​គឺ​តវ៉ា​ទៅ​តាម​ផ្លូវ​តុលាការ។

កម្មករ​រោងចក្រ​ស្បែកជើង​ជូហួយ​ប្រមាណ ២រយនាក់ នាំគ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​មុខ​រោងចក្រ​ដើម្បី​រក​វិធីសាស្ត្រ ឱ្យ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព និង​កម្មករ​ទាំង១០ នាក់​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​ស្នងការ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី ២៥ តុលា ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ២៧ តុលា។

កម្មការិនី​ម្នាក់​អ្នកស្រី មាស សុភាព ឱ្យ​ដឹង​ថា​ពួកគាត់​ទាំងនោះ​មិន​មាន​កំហុស​អ្វី​ទេ គឺ​គ្រាន់​តែ​ទាម​ទារ​សិទ្ធិ​សេរីភាព និង​ចង់​បាន​ដំណោះស្រាយ​ការងារ​របស់​ខ្លួន​តែប៉ុណ្ណោះ។ អ្នកស្រី​ថា​អំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​តែ​ភាគី​រោងចក្រ មិន​ព្រម​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់។ មិន​តែប៉ុណ្ណោះ សមត្ថ​កិច្ច​ជា​អ្នក​បង្ក​បញ្ហា​ដាក់​កម្មករ​ទើប​ធ្វើ​ឱ្យ​ពួកគាត់​ផ្ទុះ​កំហឹង​ឡើង«ខ្ញុំ​មក​ដើម្បី​ទាមទារ​សិទ្ធិ​របស់ខ្ញុំ​នឹង​ដើម្បី​រំដោះ​អ្នក​ទាំង​១០នាក់ ដែល​ចាប់​មក​ខេត្ត​ហ្នឹង ដែល​គ្នា​គ្មាន​ទោស​គ្មាន​កំហុស​អីសោះ​ដែល​ខាង​សមត្ថកិច្ច​ចាប់​គាត់​ទៅ​ហ្នឹង»

អ្នកស្រី​បន្ត​ថា​មាន​កម្មករ​ខ្លះ​អាច​ខ្លាចរអា ចំពោះ​ការ​គំរាម​កំហែង​ដោយ​ការ​ប៉ះទង្គិច​គ្នា​នោះ ប៉ុន្តែ​មួយ​ចំនួន​ទៀត មិន​បាន​ខ្លាចរអា​ឡើយ។

ចំណែក​ខាង​ក្រុម​គ្រួសារ​របស់​​តំណាង​សហជីព​និង​មនុស្ស​ទាំង១០ នាក់ រួមមាន​ទាំង​អ្នកលក់​ទឹក​អំពៅ​តៃកុង​ឡាន​ជាដើម​នោះ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យល់​ថា​ការ​ចាប់​សាច់ញាតិ​របស់​ពួកគាត់​​គឺ​ជា​រឿង​អយុត្តិធម៌។

អ្នកស្រី ភឿន សុភី ត្រូវ​ជា​បង​ស្រី​របស់ លោក ភឿន សុផល ដែល​ជា​តៃកុង​ឡាន​ដឹក​កម្មករ​មក​ធ្វើ​ការ​នៅ​​រោងចក្រ​ស្បែក​ជើង​ជូហួយ​នោះ រៀប​រាប់​ទាំង​ទឹកភ្នែក​ថា ប្អូនប្រុស​អ្នក​ស្រី​មិន​ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​កូដ​កម្មករ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​នៅ​ក្នុង​រោងចក្រ​វ៉ៃ និង​ចាប់ខ្លួន​ទៅវិញ៖ « បើ​ប្អូន​ខ្ញុំ​កាច​សាហាវ​​ម្នាក់ៗ គេ​ថា​ចាប់​វា​ចុះ​ព្រោះអី អាហ្នឹង​វា​ជើង​កាង​វា​អីចេះ​វា​អី​ចោះ។ ប៉ុន្តែ​ប្អូន​ខ្ញុំ​នេះ​វា​ស្លូត​ណាស់​អត់​ដែល​ទៅ​ធ្វើ​បាប​អ្នកណា​ទេ ម៉េច​ក៏​ចាប់​ប្អូន​ខ្ញុំ​អីចឹង​មុន​នឹង​ចាប់​សួរ​ហេតុផល​ឱ្យ​ច្បាស់​លាស់​សិន»

ទាក់ទង​បញ្ហា​នេះ អភិបាលរង​ខេត្ត​កំពង់ចាម​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​កូដកម្ម និង​បាតុកម្ម​ លោក ជីម លាវ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ តុលា ថា​រឿង​យុត្តិធម៌ ឬ​អយុត្តិធម៌​នោះ គឺ​អាស្រ័យ​លើ​តុលាការ​ជា​អ្នក​សម្រេច ពីព្រោះ​រឿង​នេះ​ផុត​ដៃ​អាជ្ញាធរ​ហើយ ចំណែក​ពួកគាត់​ទាំង​ ១០ នាក់​នោះ​ក៏​បាន​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា ដើម្បី​សាក​សួរ​ហើយ​ដែរ៖ « រឿង​អយុត្តិធម៌​មិន​អយុត្តិធម៌​យ៉ាងម៉េច​នោះ ទុក​ឱ្យ​តុលាការ​គាត់​ជា​អ្នក​ចាត់ការ​ដោះស្រាយ តាម​នីតិវិធី​ច្បាប់។ ប្រសិន​បើ​មិន​ទាន់​ដល់​ដៃ​តុលាការ​យើង​នឹង​ខិត​ខំ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ។ ឥឡូវ​ចូល​ក្នុង​ប្រព័ន្ធ​ច្បាប់​ហើយ»

លោក ជីម លាវ បដិសេធ​ចំពោះ​ការចោទប្រកាន់​ថា​មាន​ក្រុម​ក្មេង​ស្ទាវ​វ៉ៃ និង​ចាប់​កម្មករ គឺ​មិនពិត​ទេ ពោល​គឺ​កម្មករ​ដែល​ធុញ​​ទ្រាន់ នឹង​ការ​ធ្វើ​កូដកម្ម និង​បិទ​ផ្លូវ​មិន​ឱ្យ​អ្នក​លក់​បាយ​អាច​យក​ទៅ​លក់​ឱ្យ​ពួកគេ​នៅ​ខាង​ក្នុង​រោងចក្រ​បាន។ ចំណែក​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​រោងចក្រ​ជូហួយ​វិញ​ លោក​ថា​អាជ្ញាធរ​ខេត្ត បាន​បញ្ជូន​របាយការណ៍​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

ចំណែក​មន្ត្រី​ផ្នែក​ច្បាប់​នៃ​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ​វិញ (C.CAWDU) លោក ប៊ុត ប៊ុនឈៀន បញ្ជាក់ ថា​ការ​ជួប​ជុំ​គ្នា គឺ​ដើម្បី​ពង្រីង​ស្មារតី​របស់​កម្មករ​ទាំងអស់ ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​រួមមាន​ទាម​ទារ​ឱ្យ​ដោះលែង​កម្មករ និង​សហជីព​ទាំង ១០នាក់ ទាម​ទារ​ឱ្យ​ដោះស្រាយ​បញ្ហា​របស់​កម្មករ បើ​ទោះ​បី​ជា​មាន​រូបភាព​គំរាម​កំហែង​ពួកគាត់​យ៉ាង​ណា​ក៏ដោយ៖ « គឺ​យើង​នៅ​បន្ត​ធ្វើ​នូវ​ការ​ទាមទារ បើ​ទោះ​បី​ជា​កម្រិត​នៃ​ការ​ចូល​រួម​កម្រិត នៃ​ការ​គំរាម​កំហែង​មាន​ច្រើន ក៏​ពិតមែន​តែ​យើង​មិន​រា​ថយ ហ្នឹង​មួយ ទីពីរ​យើង​ប្រើប្រាស់​ជាមួយ​នឹង​ទីផ្សារ ពី​យុទ្ធសាស្ត្រ​ដើម្បី​ដាក់​កំហិត​រោងចក្រ​នេះ​ត្រូវ​តែ​អនុវត្ត ក៏​ដូច​ជា​ចាប់​បង្ខំ​ឱ្យ​អនុវត្ត​ច្បាប់ ដែល​ប្រទេស​យើង​ជា​ប្រទេស​សេរី ដែល​ក្រុមហ៊ុន​ត្រូវ​តែ​គោរព​តាម​ច្បាប់​ប្រទេស​យើង»

លោក​បន្ត​ថា​មាន​ការ​ស្នើសុំ​ពី​កម្មករ​តែម្ដង ឱ្យ​មាន​ការ​ដង្ហែក្បួន​មក​តុលាការ និង​អាជ្ញាធរ​ខេត្ត​កំពង់ចាម ហើយ​ប្រសិន​បើ​ស្ថានភាព​តឹង​តែង នឹង​ឡើង​ទៅដល់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ដាក់​សំពាធ​ឱ្យ​ដោះលែង​សហជីព និង​កម្មករ ប៉ុន្តែ​មិនទាន់​កំណត់​ថា​នឹង​ធ្វើ​ពេល​ណា​ទេ។ កម្មករ​សំណូមពរ​ឱ្យ​​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​ផ្លូវ​ច្បាប់​ជៀសវាង​ការ​ដោះស្រាយ ដោយ​លំអៀង ដែល​នាំ​ឱ្យ​មាន​រឿង​អគតិ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក នាង សុវ៉ាត យល់ថា​ដោយ​សារ​តែ​ការ​ចាប់​ខ្លួន​មនុស្ស​១០នាក់ នៅ​ពេល​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ទាំងនោះ។ លោក​ថា​ការ​តវ៉ា​ដោយ​អហិង្សា​របស់​កម្មករ គឺ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះ​លែង​គ្នា​គាត់​ទាំង​នោះ៖ «ពីព្រោះ​ការ​ចាប់​ហ្នឹង​បើ​តាម​ពិត​ទៅ​ត្រូវ​ចាប់​អ្នក​វ៉ៃ ទៅវិញ​អា​ពួក​ជើង​កាង​អាពួក​អី​ណោះ។ គឺ​វា​មិន​ត្រូវ​ចាប់​គាត់​ទេ​ គឺ​ត្រូវ​ចាប់​ប៉ូលិស​ចាប់​អី​នោះ​ព្រោះ​ខ្លួន​ឯង​ទៅ​ការពារ​បាតុកម្ម​មិន​ការពារ​បាតុករ​វា​បែរ​ជា​ការពារ​ពួក​ជើងកាង​ទៅវិញ​។រឿង​អី​ត្រូវ​ចាប់​ពួកគាត់​ ។ពួកគាត់​តវ៉ា​មាន​ហេតុផល​មិនមែន​សុខៗ​គាត់​តវ៉ា​អីណា»។

លោក​នៅតែ​មាន​សង្ឃឹម​ថា​មាន​តែ​ការ​តវ៉ា​ទេ ដែល​អាច​ដាស់ ស្មារតី​ដល់​រដ្ឋាភិបាល​​ឱ្យ​ចាប់​អារម្មណ៍​បញ្ហា​របស់​ពួកគាត់​។ លើស​ពី​នេះ​ទៀត​មាន​តែ​ការ​តវ៉ា​ទេ ទើប​មាន​សង្ឃឹម​ក្នុង​ការ​ដោះលែង។

តុលា​​មេធាវី​មក​ពី​សហភាព​ការងារ​កម្ពុជា ដែល​ការ​ពារ​ក្ដី​ឱ្យ​សហជីព និង​អ្នក​ទាំង១០ នាក់​នោះ គឺ​​​លោក គីម សុជាតិ ឱ្យ​ដឹង​ថា​​ខាង​តុលាការ បាន​សម្រេចដោះលែងមនុស្ស៥ នាក់ មក​ដល់​ព្រលប់​ថ្ងៃ​ទី ២៧ តុលា ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ អ្នក​ទាំងនោះ​ដោយ​ឃើញ​ថា មិន​បាន​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នោះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ជា​ផ្លូវការ​នៅឡើយ ចំនួន​មនុស្ស ៥ នាក់​ផ្សេងទៀត ដោយ​ទុក​ពេល​ពិចារណា​ក្នុង​ការ​ចោទ​ប្រកាន់​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ តុលា​វិញ។ លោក​បន្ត​ថា​ពួកគាត់​ទាំង ៥ នាក់​​ត្រូវ​បញ្ជូន​មក​ឃុំ​ខ្លួន​នៅ​ស្នងការ​ខេត្ត​កំពង់​ចាម​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។