ក្រសួងអប់រំ យុវជន និងកីឡា សម្រេចដកតួនាទីប្រធាននាយកដ្ឋានមួយរូប គឺលោក គ្រី ស៊ាងឡុង នៅថ្ងៃទី២៣ មិថុនា ក្រោយពីមានព័ត៌មានចុះផ្សាយថា មន្ត្រីរូបនេះបានបៀតបៀនរាងកាយ នារីអ្នកបកប្រែជនជាតិកូរ៉េម្នាក់កាលពីខែមុន។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃទី២៣ មិថុនា នេះ ជាការឆ្លើយតបនឹងការចុះផ្សាយរបស់ព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី (The Cambodia Daily) ហើយក្រសួងក៏ទទួលស្គាល់នូវទង្វើរបស់មន្ត្រីរូបនោះ ថា ពិតជាបានប្រព្រឹត្តិមែន រហូតដល់សមត្ថកិច្ចនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី លោក គ្រី ស៊ាងឡុង ត្រូវបានសមត្ថកិច្ចកូរ៉េឃាត់ខ្លួន កាលពីថ្ងៃទី២៦ ឧសភា ក្រោយពីទទួលបណ្ដឹងរបស់នារីអ្នកបកប្រែជនជាតិកូរ៉េ។ ខណៈនោះលោក គ្រី ស៊ាងឡុង បានចូលរួមវេទិកាស្ដីពីការអភិវឌ្ឍធនធានមនុស្សអាស៊ាននបូក៣ ឆ្នាំ២០១៦ នាទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea)។ ប៉ុន្តែរដ្ឋអាជ្ញារបស់កូរ៉េ បានព្រមដោះលែងលោក គ្រី ស៊ាងឡុង វិញ បន្ទាប់ពីក្រសួងអប់រំយល់ព្រមបង់ប្រាក់ពិន័យចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារអាមេរិក។
ចំពោះការបង់ប្រាក់វិន័យជួសមន្ត្រីរូបនេះដែរ ក្រសួងអប់រំ ពន្យល់ថា ពេលដោះស្រាយរឿងនោះ គឺលោក គ្រី ស៊ាងឡុង បានខ្ចីប្រាក់មួយចំនួនពីសហការី និងអង្គភាពនៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដើម្បីបង់ជំនួស។ ដោយឡែកប្រាក់នោះ សាមីជនបានសងទៅអង្គភាពវិញហើយ។
លោក គ្រី ស៊ាងឡុង ត្រូវបានរដ្ឋអាជ្ញារបស់កូរ៉េ ដោះលែងកាលពីថ្ងៃទី៨ មិថុនា និងត្រឡប់មកដល់កម្ពុជាកាលពីថ្ងៃទី១០ មិថុនា ប៉ុន្តែលោកមិនត្រូវបានក្រសួងដកតួនាទីឡើយ រហូតដល់មានការផ្សព្វផ្សាយពីព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី នៅថ្ងៃទី២៣ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។