អ្នកជំនាញផ្នែកកសិកម្ម យល់ថា ចំណាត់ការថ្មីរបស់ក្រសួង ត្រួតពិនិត្យស្រូវអង្កររកសារធាតុថ្នាំសម្លាប់ស្មៅ Tricyclazole គឺជាមធ្យោបាយដែលនឹងជួយអោយការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបឆ្នាំ២០១៧នឹងជោគជ័យ។
វិធានការ ដើម្បីទប់ស្កាត់ការនាំអង្ករដែលមានសារធាតុផ្សិត Tricyclazole ដែលសហភាពអឺរ៉ុបហាមឃាត់ ក្រសួងសេដ្ឋកិច្ច នឹងចាប់ផ្ដើមត្រួតពិនិត្យ ឬស្កេន (Scan) គ្រប់ឃ្លាំងស្រូវទាំងអស់ទូទាំងប្រទេសកម្ពុជា។
អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហ៊ាន វណ្ណហន ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការលើកកម្ពស់បន្លែសុវត្ថិភាពនៅកម្ពុជា ថ្ងៃទី២១ ខែមេសា ថា ចាប់ពីខែមេសា ដល់ខែកក្កដា ក្រសួងកសិកម្មនឹងចាប់ផ្ដើមពិនិត្យស្រូវ នៅគ្រប់ឃ្លាំងស្ដុកស្រូវទាំងអស់ ហើយឃ្លាំងស្រូវណាដែលមានស្រូវស្ដុកសារធាតុ Tricyclazole លើសពី ០,០១មីលីក្រាម ក្នុងអង្ករមួយគីឡូក្រាម ឃ្លាំងនោះនឹងត្រូវហាមឃាត់មិនឲ្យនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបទេ។ លោកថា ការពិនិត្យនឹងធ្វើឡើងដោយប្រុងប្រយ័ត្ន ហើយបញ្ជូនទៅមន្ទីរពិសោធន៍កសិកម្ម (ឡាបូ) បើសិនជាមានឃ្លាំងណាផ្ទុកសារធាតុTricyclazole លើសកម្រិតដែលសហភាពអឺរ៉ុបហាមឃាត់ នោះនឹងធ្វើឲ្យទីផ្សារអឺរ៉ុបបិទការនាំចេញអង្ករកម្ពុជាទាំងស្រុង សម្រាប់ចូលទីផ្សារអឺរ៉ុប៖ « ចឹងអគ្គនាយកដ្ឋានត្រូវការស្កេនគ្រប់ឃ្លាំងទាំងអស់នៅក្នុងប្រទេសកម្ពុជា ស្រូវនៅណាមានប៉ុន្មាន ? ស្រូវនៅឃ្លាំងណាមានប៉ុន្មាន ? ហើយយើងយកសំណាក ហើយវិភាគថាតើឃ្លាំងណាខ្លះដែលមិនគួរអនុញ្ញាតឲ្យនាំចេញទៅអឺរ៉ុប » ។
សហភាពអឺរ៉ុប កាលពីដើមឆ្នាំ២០១៧ បានប្រកាសថា ចាប់ពីខែកក្កដា ឆ្នាំ២០១៧ តទៅសហភាពអឺរ៉ុបនឹងហាមឃាត់ការនាំចូលអង្ករពីគ្រប់ប្រទេសអាស៊ាន ដែលមានផ្ទុកសារធាតុថ្នាំសម្លាប់ស្មៅ Tricyclazole លើសកម្រិត។
នាយកប្រតិបត្តិអង្គការសេដាក លោក សម វិទូ ថា ប្រសិនបើក្រសួងកសិកម្មអាចត្រួតពិនិត្យគុណភាពស្រូវ និងបញ្ចូលចូលមន្ទីរពិសោធន៍បានគ្រប់ឃ្លាំងទាំងអស់ ការនាំចេញអង្គរកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបនឹងជោគជ័យ។ ប៉ុន្តែលោកថា ប្រសិនបើក្រសួងកសិកម្មធ្វើមិនជោគជ័យករណីពិនិត្យស្រូវតាមឃ្លាំង អង្ករកម្ពុជាដែលបញ្ជូនទៅកាន់ទីផ្សារអឺរ៉ុប នឹងត្រូវអឺរ៉ុបបញ្ជូនមកកម្ពុជាវិញ ដូចករណីទំនិញប្រទេសវៀតណាមដែលត្រូវបានទីផ្សារអន្តរជាតិបញ្ជូនមកវិញ កាលពីលើកមុន៖ « បើសិនធ្វើទាំងអស់ អាហ្នឹងគឺយើងមានលទ្ធភាពក្នុងការនាំចេញបាន ប៉ុន្តែប្រសិនបើមិនអាចធ្វើបានទាំងអស់ទេ យើងនឹងអាចមានជួបបញ្ហាខ្លះ » ។
ថ្នាំ Tricyclazole ដែលប្រើប្រាស់ក្នុងការដាំដុះដំណាំស្រូវ ត្រូវបានក្រសួងកសិកម្មបញ្ជាឲ្យបញ្ចប់ការលក់នៅលើទីផ្សារចាប់តាំងពីខែមីនា មក។ ការដាក់បម្រាមនេះ ដោយសារសហភាពអឺរ៉ុបព្រមានបញ្ឈប់ការទិញអង្ករពីកម្ពុជាចាប់ពីពាក់កណ្ដាល ខែកក្កដានេះទៅ ប្រសិនបើអង្ករនាំចេញរបស់កម្ពុជានៅតែមានផ្ទុកសារធាតុថ្នាំសម្លាប់ស្មៅនេះទៀត។
ទិន្នន័យរបស់រដ្ឋាភិបាលកាលពីឆ្នាំមុនបង្ហាញថា ពេញមួយឆ្នាំ២០១៦ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនតិចតួច បើប្រៀបទៅនឹងឆ្នាំ២០១៥។ ស្របពេលដែលរដ្ឋាភិបាលដាក់ទិសដៅនាំចេញឲ្យបាន១លានតោនមិនបានសម្រេច អ្នកជំនាញវិស័យស្រូវអង្ករ ស្នើឲ្យរដ្ឋាភិបាលផ្ដល់ការជួយជ្រោមជ្រែងដល់កសិករ និងអ្នកនាំចេញបន្ថែមទៀត។
ការនាំអង្ករកម្ពុជាប្រចាំឆ្នាំ២០១៦ មានចំនួនជាង ៥៤ម៉ឺនតោន (៥៤២.១៤៤តោន) ឬកំណើន ០,៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៥ (៥៣៨.៣៩៦តោន)។
ប្រទេសចិន គឺជាទិសដៅនាំចេញធំជាងគេ ជាង១០ម៉ឺន(១២៧.៤៦០) តោន។ បន្ទាប់មកប្រទេសបារាំង ជិត៨ម៉ឺនតោន (៧៨.៣២៩) ប៉ូឡូញជាង៦ម៉ឺនតោន (៦៤.០៣៥) សម្រាប់ទិសដៅនៅទ្វីបអឺរ៉ុប។ ចំណែកនៅអាស៊ានវិញ ម៉ាឡេស៊ី ជាអតិថិជនលំដាប់ទី១ ដែលកម្ពុជា នាំចេញអង្ករទៅផ្គត់ផ្គង់ចំនួនជិត ៣៩ម៉ឺនតោន (៣៨០.៨៧៧តោន)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។